ព័ត៌មានអន្តរជាតិ

ចិន កម្លាំងជំរុញដល់ APEC ឈានឆ្ពោះទៅកាន់ជំនឿទុកចិត្តគ្នា មានបរិយាប័ន្ន មានកិច្ចសហប្រតិបត្តិការ និងមានវឌ្ឍភាពឈ្នះ-ឈ្នះ

ទីក្រុង San Francisco ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បើកទ្វារស្វាគមន៍បណ្តាប្រទេសដែលជាសមាជិកអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC) ដែលក្នុងនោះប្រទេសចិនត្រូវបានពិភពលោកសម្លឹងឃើញថាបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈកសាងភាពជាដៃគូលើការជឿទុកចិត្តគ្នា មានបរិយាប័ន្ន មានកិច្ចសហប្រតិបត្តិការ និងមានវឌ្ឍភាពឈ្នះ-ឈ្នះ ហើយកិច្ចការនេះនឹងបញ្ចូលថាមពលថ្មីទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជាពិភពលោកទាំងមូលស្របនឹងទស្សនៈរបស់
លោក Xi Jinping ដែលបានថ្លែងកាលពីល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា អនាគតនៃពិភពលោកតម្រូវការកិច្ចសហប្រតិបត្តិការចិន-អាមេរិក។ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ គឺជានិន្នាការអភិវឌ្ឍន៍នៃយុគសម័យ ហើយក៏ជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងចិន-អាមេរិកផងដែរ។ ក្នុងនាមជាសមាជិកដ៏សកម្មនិងសំខាន់របស់APEC ប្រទេសចិនបានអនុវត្តយ៉ាងប្រាកដប្រជានូវចក្ខុវិស័យPutrajayaឆ្នាំ២០៤០ និងបានអនុវត្តយ៉ាងពេញទំហឹងនូវ «គោលដៅក្រុងបាងកកស្តីពីជីវសេដ្ឋកិច្ច វដ្តសេដ្ឋកិច្ចនិងសេដ្ឋកិច្ចបៃតង» ដែលរួមចំណែកដ៏វិជ្ជមានចំពោះកំណើនបៃតងនិងជានិរន្តរភាពរបស់ពិភពលោក។

ទីក្រុង San Francisco ដែលជាទីកន្លែងផ្តល់កំណើតដល់ធម្មនុញ្ញអង្គការសហប្រជាជាតិនាឆ្នាំ១៩៤៥ ដើម្បីបិទបញ្ចប់សង្គ្រាមលោកលើកទី២ ហើយក៏ជាទីតាំងដែលសហគមន៍ចិន-អាមេរិកនាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានត្រៀមរៀបចំទទួលស្វាគមន៍ស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតជូនលោក Xi Jinping ប្រធានរដ្ឋចិនដែលបានផ្តល់មហាកិត្តិយសចូលរួមកិច្ចប្រជុំ APEC។ វត្តមានរបស់លោក Xi Jinping បានផ្តល់ជូននូវប្រវត្តិវិទូ នយោបាយវិទូ សេដ្ឋវិទូ និងទស្សនវិទូក្នុងលោកតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងការបើកទំព័រថ្មីនៃយុគសម័យថ្មីរបស់មនុស្សជាតិ ដែលនឹងអាចផ្តល់នូវចក្ខុនិម្មិតជូនដល់មនុស្សជាតិតាមរយៈតួនាទីសំខាន់ចំនួន៤របស់ប្រទេសចិនក្នុងកិច្ចប្រជុំAPEC នោះគឺទី១-ជំរុញទំនាក់ទំនងពហុភាគីក្នុងក្របខណ្ឌAPECនិយាយដោយឡែក ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិនិយាយរួម ព្រមទាំងទំនាក់ទំនងទ្វេភាគីរវាងចិននិងអាមេរិក ហើយជាក់ស្តែងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងជំនួបជាមួយលោក Joe Biden ប្រធានាធិបតីអាមេរិក លោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើងថា ទំនាក់ទំនងចិន-អាមេរិកមានទំនួលខុសត្រូវដ៏ធ្ងន់ចំពោះប្រជាជន ពិភពលោក និងប្រវត្តិសាស្ត្រ។

លោករំពឹងទុកថាមានការផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅ និងឈានដល់គំនិតឯកភាពរួមថ្មីជាមួយអាមេរិកលើបញ្ហាប្រកបដោយលក្ខណៈយុទ្ធសាស្ត្រ ភាពទូទៅ និងលក្ខណៈទិសដៅដែលទាក់ទងនឹងទំនាក់ទំនងចិន-អាមេរិក ក៏ដូចជាបញ្ហាសំខាន់ៗដែលពាក់ព័ន្ធនឹងសន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោកផងដែរ។ ទី២-បង្កើនស្មារតីដោះស្រាយបញ្ហាដែលកំពុងប្រឈមមុខ បញ្ហាដែលប៉ះពាល់ខ្លាំងដល់សណ្តាប់ធ្នាប់អន្តរជាតិ និងកង្វល់រួមរបស់ពិភពលោក។ ទី៣-កិច្ចកសាងវេទិកានៃកិច្ចសហប្រតិបត្តិការកាន់តែប្រសើរតាមរយៈការចែករំលែកព័ត៌មានវិទ្យា ការចែករំលែកបទពិសោធន៍ល្អបំផុត ការជួយសម្រួលសកម្មភាពសមូហភាពតាមរយៈការពិគ្រោះយោបល់ ហើយជំរុញកិច្ចសហប្រតិបត្តិការតំបន់តាមរយៈការគោរពគ្នាទៅវិញទៅមក។ ទី៤-ជំរុញល្បឿននៃការអភិវឌ្ឍរួមគ្នាជាមួយទៅវិញទៅមកក្នុងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងការសិក្សាពីគ្នាទៅវិញទៅមកស្របនឹងកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិដែលជាប្រាជ្ញាចិនរយៈពេល១ទសវត្សរ៍បម្រើផលប្រយោជន៍ជូនដល់មនុស្សជាតិប្រកបដោយមោទកភាព ស្របនឹងប្រសាសន៍របស់លោក Xi Jinping ប្រធានរដ្ឋចិន ដែលបានថ្លែងនៅក្នុងនៅក្នុងជំនួបជាមួយលោក Joe Biden ប្រធានាធិបតីអាមេរិក ថាដរាបណាចិននិងអាមេរិករប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិសហវិជ្ជមាន និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ នោះនឹងអាចឆ្លងផុតពីការខ្វែងគំនិតនិងរកឃើញមធ្យោបាយដ៏ត្រឹមត្រូវសម្រាប់ការរួមរស់នៅជាមួយគ្នារវាងប្រទេសធំទាំងពីរ។

ទីក្រុង San Francisco នាពេលបច្ចុប្បន្នគឺជាតំបន់សេដ្ឋកិច្ចធំបំផុតមួយនៅសហរដ្ឋអាមេរិក ហើយក៏ជាជម្រកដ៏កក់ក្តៅរបស់ក្រុមហ៊ុន Fortuneទាំង៥០០នៅលើពិភពលោក ព្រមទាំងជាមជ្ឈមណ្ឌលប្រកបដោយនវានុវត្តភាពកម្រិតខ្ពស់បំផុតមួយនៅលើពិភពលោក នឹងក្លាយជាទីកន្លែងដែលពិភពលោកទះដៃអបអរសាទរ ហើយពិភពលោកទាំងមូលនឹងទទួលបានពរជ័យតាមរយៈវត្តមានរបស់លោក Xi Jinping ជាមួយសមភាគីអាមេរិក និងបណ្តាសមាជិកទាំងអស់របស់APECដើម្បីផ្តល់ជាម្លប់សន្តិភាព មិត្តភាព និងពន្លឺត្រចះត្រចង់សម្រាប់មនុស្សជាតិចាប់ពីជំនាន់នេះទៅជំនាន់ក្រោយៗទៀត ហើយប្រទេសចិនពន្លឿនការអនុវត្តនូវរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០នៃអង្គការសហប្រជាជាតិ តាមរយៈគំនិតផ្តួចផ្តើម«អភិវឌ្ឍន៍សកល» ធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការជំរុញឱ្យបណ្តាសមាជិកទាំងអស់របស់APEC និងសហគមន៍អន្តរជាតិរួមកម្លាំងគ្នា និងដោះស្រាយឱនភាពនៃការអភិវឌ្ឍ។

ទីក្រុង San Francisco ដែលជាទីតាំងរៀបចំកិច្ចប្រជុំកំពូលAPECឆ្នាំ២០២៣នេះនឹងរួមចំណែកទាញយកសក្តានុពលពីបណ្តាសមាជិកទាំងអស់ទៅវិញទៅមក ដោយបង្កើនអានុភាពកាន់តែប្រសើរឡើងនៃឥទ្ធិពលនៃសកម្មភាពដែលទាក់ទងគ្នា និងសម្រេចបាននូវការអភិវឌ្ឍរួម ខណៈពេលដែលកង់ប្រវត្តិសាស្រ្តចេះតែរំកិលទៅមុខ តម្រូវការដែលសមស្របតាមពេលវេលាមិនអាចបដិសេធបានឡើយ សេចក្តីប្រាថ្នារបស់ប្រជាជាតិក្នុងពិភពលោកមិនអាចរឹតត្បិត ហើយនិន្នាការឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍក៏មិនអាចត្រូវបានគេបដិសេធបានដូចគ្នា។ ប្រទេសចិនបាននិងកំពុងជំរុញល្បឿនកសាង «ខ្សែក្រវាត់និងផ្លូវ»បៃតង ហើយនឹងបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យដូចជា ហេដ្ឋារចនាសម្ព័ន្ធបៃតង ថាមពលបៃតង និងគមនាគមន៍បៃតងជាដើម ព្រមទាំងគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ឱ្យលើកកម្ពស់ការកសាងសមត្ថភាព តាមរយៈមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូងសម្រាប់ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ប្រទេសចិនរីករាយរួមជាមួយសមាជិកទាំងអស់របស់APECរួមគ្នាក្នុងការបំពេញតាមការប្តេជ្ញាចិត្តដែលបានធ្វើឡើងនៅក្នុងគោលបំណងដើម ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ពាណិជ្ជកម្ម និងការវិនិយោគ និងភាពរុងរឿងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយប្រទេសចិនបានឈានមុខក្នុងការជំរុញសុភមង្គលរបស់មនុស្សជាតិតាមរយៈគំនិតបើកទូលាយ ឆ្ពោះទៅរកអនាគតដ៏ល្អប្រសើរសម្រាប់ពិភពលោក។

ជារួម កិច្ចប្រជុំកំពូលAPECឆ្នាំ២០២៣ដែលបានរៀបចំឡើងនៅទីក្រុង San Francisco ប្រទេសអាមេរិក គឺជាកាលានុវត្តភាពដ៏មហាសាលដែលផ្តល់ពរជ័យដល់ពិភពលោកតាមរយៈកិច្ចសន្ទនាដោយផ្ទាល់រវាងចិននិងអាមេរិក ក្នុងការចូលរួមដោះស្រាយបញ្ហារសើបនានា ហើយជាវេទិកាដែលចិន និងអាមេរិក រួមជាមួយសមាជិករបស់APECអាចបង្កើនការប្រាស្រ័យទាក់ទង និងការសម្របសម្រួលគ្នាទៅវិញទៅមកលើបញ្ហាសំខាន់ៗនានាទាំងក្នុងតំបន់ និងអន្តរជាតិ ហើយរួមគ្នាលើកកម្ពស់ដំណោះស្រាយបញ្ហានៅទីតាំងមានជម្លោះក្នុងគ្រប់វិស័យឲ្យបានត្រឹមត្រូវ បង្កើនកិច្ចសហប្រតិបត្តិការការទប់ស្កាត់ការសាយភាយបច្ចេកវិទ្យាអាវុធនុយក្លែអ៊ែរ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមកម្លាំងគ្នាកសាងទំនុកចិត្តលើប្រព័ន្ធCyber Space ព្រមទាំងពង្រឹងទំនាក់ទំនង និងការសម្របសម្រួលនៅក្នុងយន្ដការពហុភាគីដទៃទៀត ដើម្បីការពារសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ពិភពលោក៕
ដោយបណ្ឌិត ជា មុនីឫទ្ធិសមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន

To Top