បរទេស៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មិនបានបង្ហាញពីចេតនាណាមួយ ក្នុងការធ្វើជាទីប្រឹក្សារដ្ឋាភិបាលនោះទេ ចាប់តាំងពីលោកត្រូវ បានដោះលែង ឱ្យនៅក្រៅឃុំ។ នេះបើយោងតាមលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹថា លោក សេដ្ឋា ថាវីស៊ីន កាលពីថ្ងៃអាទិត្យបាននិយាយថា លោកបានជួបអតីតនាយករដ្ឋមន្ត្រី កាលពីសប្តាហ៍មុននៅគេហដ្ឋាន របស់លោកក្នុងទីក្រុងបាងកក។ លោកថា “លោក ថាក់ស៊ីនបានចាកចេញពីប្រទេសថៃ ១៧-១៨ឆ្នាំមកហើយ «ខ្ញុំគិតថា គាត់ប្រហែលជាចង់ចំណាយ ពេលជាមួយក្រុមគ្រួសារ និងព្យាបាលសុខភាពគាត់វិញ»។
យោងតាមនាយកដ្ឋានការព្យួរទោសមានលក្ខ ខណ្ឌ, លោកថាក់ស៊ីន មិនត្រូវបានហាមឃាត់មិន ឱ្យក្លាយជាសមាជិក ក្រុមប្រឹក្សាភិបាល ឬទីប្រឹក្សានយោបាយនៃអង្គការណាមួយឡើយ ។ នេះស្របតាមគោលនយោបាយ របស់នាយកដ្ឋាន ដើម្បីលើកទឹកចិត្តអតីតអ្នកទោសឱ្យមាន សមាហរណកម្មក្នុង សង្គមឡើងវិញ។
កាលពីឆ្នាំមុន លោក សេដ្ឋា ថាវីស៊ីន បានបង្ហើបក្នុងអំឡុងពេលលោក ធ្វើដំណើរទៅទីក្រុងញូវយ៉កថា លោកថាក់ស៊ីន អាចត្រូវបានផ្តល់តួនាទីប្រឹក្សានៅពេល ដែលលោកបានបញ្ចប់ការជាប់ពន្ធនាគារ ដោយសារតែលោកដឹងច្រើនអំពីសេដ្ឋកិច្ច ។
ជាមួយគ្នានេះ ឆ្លើយតបនឹងសំណួរអំពីវឌ្ឍនភាពនៃគម្រោងកាបូបឌីជីថល របស់រដ្ឋាភិបាល លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ផងដែរនោះ បាននិយាយថា លោកកំពុងរង់ចាំព័ត៌មានបន្ថែម ហើយគណៈកម្មាធិការមួយត្រូវបានបង្កើតឡើង ដើម្បីពិនិត្យលើបញ្ហានេះ៕
ប្រែសម្រួលៈ ណៃ តុលា