ព័ត៌មានអន្តរជាតិ

សេដ្ឋីអចលនៈទ្រព្យ វៀតណាមម្នាក់ អាចនឹងត្រូវកាត់ទោស ប្រហារជីវិត ប្រសិនបើរកឃើញកំហុស ក្នុងករណីបោកប្រាស់ ប្រាក់ ១២,៥ពាន់លានដុល្លារ

Huu Hanh / Tuoi Tre

បរទេស ៖ អ្នកវិនិយោគផ្នែកអចលនៈទ្រព្យ ដ៏ធំនៅប្រទេស វៀតណាម គឺលោកស្រី Truong My Lan ត្រូវបានកាត់ទោស លើការ ចោទប្រកាន់ ពីការក្លែងបន្លំ ទឹកប្រាក់ចំនួន ១២,៥ ពាន់លានដុល្លារ។ ចំនួននេះគឺស្មើនឹងជិត ៣ ភាគរយ នៃផលិតកម្មសេដ្ឋកិច្ច សរុបរបស់ប្រទេស ២០២២ និងករណីក្លែងបន្លំ ហិរញ្ញវត្ថុដ៏ធំបំផុត។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកស្រី ដែលមានវ័យ ៦៦ឆ្នាំ គឺជាប្រធានក្រុមហ៊ុនអចលនទ្រព្យ Van Thinh Phat ។ ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនអចលនទ្រព្យ ដ៏ធំបំផុតមួយ របស់វៀតណាម ហើយគម្រោង របស់ក្រុមហ៊ុនរួមមាន ផ្ទះ ការិយាល័យ សណ្ឋាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។

ឯកសាររបស់រដ្ឋាភិបាល និយាយថា លោកស្រី Truong My Lan ត្រូវបានគេរាយការណ៍ថា បានប្រើ “ក្រុមហ៊ុនខ្មោចរាប់ពាន់” បង់ប្រាក់សំណូកដល់មន្ត្រីរដ្ឋាភិបាល និងបំពានច្បាប់ធនាគារ ។ ឯកសារបន្ថែមថា លោកស្រីគឺត្រូវបានចោទប្រកាន់ពីបទគ្រប់គ្រងដោយខុសច្បាប់នៃធនាគារ Saigon Joint Stock Commercial Bank ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០២២ ហើយប្រើប្រាស់វាដើម្បីលួចលុយចំនួន ១២,៥ ពាន់លានដុល្លារ។

មនុស្ស ៨៥ នាក់ផ្សេងទៀត ក៏ត្រូវបានចោទប្រកាន់ ក្នុងសំណុំរឿងនេះផងដែរ រួមទាំងអតីតមន្ត្រីធនាគាររដ្ឋវៀតណាម ដែលត្រូវបានចោទប្រកាន់ពីបទទទួលសំណូកចំនួន ៥,២ លានដុល្លារ។ លោកស្រី Lan ត្រូវបានចាប់ខ្លួននៅខែតុលា ឆ្នាំ ២០២២ ហើយអាចត្រូវបានប្រហារជីវិត ប្រសិនបើរកឃើញថាមានកំហុស។

មន្ត្រីបាននាំលោកស្រី Lan ទៅកាន់បន្ទប់សវនាការក្នុងទីក្រុងហូជីមិញនៅព្រឹកថ្ងៃអង្គារ។ សារព័ត៌មាន VN Express បានរាយការណ៍ថា ប្តីរបស់លោកស្រី គឺ លោក Eric Chu Nap-kee ដែលធ្វើការក្នុងការវិនិយោគ អចលនទ្រព្យ ក្នុងទីក្រុងហុងកុង ក៏ត្រូវបានស្នើសុំឱ្យបង្ហាញ មុខក្នុងរឿងនេះផងដែរ។

ការចាប់ខ្លួនលោកស្រី Lan គឺជាផ្នែកមួយ នៃការជំរុញប្រឆាំងអំពើពុករលួយដែលកំពុងបន្ត ដែលនាំឱ្យមន្ត្រី និងអ្នកដឹកនាំអាជីវកម្មរាប់ពាន់នាក់ស្ថិត នៅក្រោមការស៊ើបអង្កេត។ នៅខែមករាឆ្នាំ ២០២៣ ប្រធានាធិបតីបន្ទាប់មក គឺលោក Nguyen Xuan Phuc និងមន្ត្រីកំពូលពីររូបបានលាលែងពីតំណែងសម្រាប់ “ទំនួលខុសត្រូវផ្នែកនយោបាយ” នៃការដោះស្រាយអំពើពុករលួយក្នុងអំឡុងពេលជំងឺរាតត្បាត។

ប៉ុន្តែក្រុមអ្នកសង្កេតការណ៍បាននិយាយថា ការជំរុញប្រឆាំងអំពើពុករលួយ ក៏បានធ្វើឲ្យទស្សនវិស័យសេដ្ឋកិច្ច របស់វៀតណាមកាន់តែអាក្រក់ឡើង និងមានការព្រួយបារម្ភ ចំពោះវិនិយោគិនបរទេស។ វាបានកើតឡើងនៅពេល ដែលប្រជាជាតិអាស៊ីអាគ្នេយ៍កំពុង ព្យាយាមដកអាជីវកម្មចេញពីប្រទេសចិន៕
ប្រែសម្រួលៈ ណៃ តុលា

To Top