ព័ត៌មានអន្តរជាតិ

យោធានីហ្សេរីយ៉ា បើកការវាយប្រហារតាមផ្លូវអាកាស សម្លាប់ក្រុមភេរវករ ៨០នាក់

Afp

អាប៊ូចា៖ យ៉ាងហោចណាស់ជនភេរវករ ៨០នាក់ដែលត្រូវបានសង្ស័យត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរត់គេចខ្លួនដោយរបួស បន្ទាប់ពីការវាយប្រហារតាមអាកាសដោយយោធានៅក្នុងរដ្ឋ Katsina ភាគពាយ័ព្យនៃប្រទេសនីហ្សេរីយ៉ា កាលពីដើមសប្តាហ៍នេះ។

លោក Edward Gabkwet អ្នកនាំពាក្យកងទ័ពអាកាសបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលទទួលបានដោយកាសែតស៊ិនហួ កាលពីថ្ងៃអង្គារនៅទីក្រុងអាប៊ូចា រដ្ឋធានីនីហ្សេរីយ៉ាថា ការវាយប្រហារតាមអាកាសបានកំណត់គោលដៅប្រមូលផ្តុំក្រុមភេរវករនៅក្នុងភូមិ Gidan Kare ដែលមានទីតាំងនៅតំបន់ Faskare នៃរដ្ឋកាលពីថ្ងៃអាទិត្យ។

ម៉ូតូ​ជាង ៤៥ គ្រឿង​ដែល​គេ​សង្ស័យ​ថា​ជា​របស់​ភេរវជន​ត្រូវ​បាន​ដុត​បំផ្លាញ​ក្នុង​អំឡុង​ពេល​ប្រតិបត្តិការ។ មុនពេលការវាយឆ្មក់តាមអាកាស យោធាមានការស៊ើបការណ៍គួរឱ្យទុកចិត្ត ដែលថាឧក្រិដ្ឋជន ដែលមានចំនួនជាង ១០០នាក់ត្រូវបានគេរាយការណ៍ថា បានដុតផ្ទះនៅឯការតាំងទីលំនៅចម្ងាយប្រហែលប្រាំគីឡូម៉ែត្រពីភូមិ Gidan Kare ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ភេរវករផ្សេងទៀតត្រូវបានគេសង្កេតឃើញផងដែរបានមកដល់ទីតាំងពីទិសដៅផ្សេងៗគ្នា ដែលជាសញ្ញាបង្ហាញថា តំបន់នេះគឺជាចំណុចប្រមូលផ្តុំដោយភេរវករទំនងជាគ្រោងនឹងវាយប្រហារភូមិក្បែរនោះបន្ថែមទៀត” ដោយបន្ថែមថា កងទ័ពបានវាយលុកចូលទៅក្នុងសកម្មភាព និងវាយប្រហារកន្លែង​ប្រជុំរបស់ពួកគេ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top