អាហ្វហ្គានីស្ថាន ៖ យ៉ាងហោចណាស់មនុស្ស ៣៥នាក់បានស្លាប់ និង២៥០នាក់ផ្សេងទៀតបានរងរបួស ដោយសារព្យុះភ្លៀង និងទឹកជំនន់ភ្លាមៗ បានបោកបក់កាត់ខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន កាលពីរសៀលថ្ងៃចន្ទ ។

លោក Qurishi Badlon នាយកព័ត៌មាន និងវប្បធម៌ប្រចាំខេត្ត Nangarhar បានឲ្យដឹងថា គ្រោះមហន្តរាយបានបង្កប៉ះពាល់ដល់រដ្ឋធានីខេត្ត Jalalabad ស្រុក Sukh Rod និងតំបន់ជិតខាងនៅក្នុងខេត្ត ជាប់ព្រំដែនប្រទេសប៉ាគីស្ថាន ។
មន្ត្រីខាងលើនេះបានឲ្យដឹងថា ចំនួនអ្នកស្លាប់ និងរបួសត្រូវបានគេរំពឹងថា នឹងកើនឡើងថែមទៀត ។
កាលពីព្រឹកថ្ងៃចន្ទ គ្រោះធម្មជាតិស្រដៀងគ្នានេះដែរក៏បានឆក់យកជីវិតមនុស្សចំនួន៥នាក់ផងដែរនៅក្នុងខេត្ត Nangarhar នៅខេត្តជិតខាង Kunar ។
គេបានដឹងថា មានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង និងបង្កឲ្យមានគ្រោះទឹកជំនន់ភ្លាមៗកើតឡើង ដោយបានសម្លាប់ មនុស្សជាង៤០០នាក់ និងធ្វើឱ្យរាប់ពាន់នាក់គ្មានផ្ទះសម្បែង គិតចាប់តាំងពីខែឧសភា នៅក្នុងប្រទេសដែលបានហែកហួរ ដោយសង្គ្រាមមួយនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
