បរទេស៖ គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) បានរកឃើញអតីតប្រធាន កងពលនគរបាលដែនសមុទ្រ និងមន្ត្រីនគរបាលជាន់ខ្ពស់ពីររូបទៀត ជាអ្នកមានទ្រព្យសម្បត្តិច្រើនមិនធម្មតា។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា អគ្គលេខាធិការ គណៈកម្មាធិការជាតិ ប្រឆាំងអំពើពុករលួយ (NACC) លោក Niwatchai Kasemongkol បាននិយាយថា ករណីទីមួយពាក់ព័ន្ធនឹងលោក Boonsueb Praithuen អតីតប្រធានកងពលប៉ូលីសដែនសមុទ្រ ស្ថិតក្រោមការិយាល័យស៊ើបអង្កេតកណ្តាល (CIB) ។
លោក Boonsueb ត្រូវបានគេរកឃើញថា បានទាមទារសំណូកពីក្រុមអ្នករត់ពន្ធប្រេង និងពាណិជ្ជកររកស៊ីប្រេង។ ពួកគេត្រូវបានស្នើឱ្យដាក់ប្រាក់ប្រចាំខែ ទៅគណនីធនាគារចំនួនប្រាំ ដែលកាន់ដោយគាត់ (លោក Boonsueb) និងប្រពន្ធរបស់គាត់។ ប្រាក់បញ្ញើសរុបមានចំនួន ៣៦,៧៧ លានបាត ដែលមួយចំនួនត្រូវបានចំណាយដើម្បីបង់ថ្លៃ គោលនយោបាយធានារ៉ាប់រងអាយុជីវិត។
NACC បានរកឃើញថា លោក Boonsueb មានពិរុទ្ធពីបទជាអ្នកមានមិនធម្មតា ហើយបានដាក់ការស៊ើបអង្កេត និងអនុសាសន៍របស់ខ្លួនទៅអគ្គព្រះរាជអាជ្ញា ដើម្បីសុំឱ្យតុលាការព្រហ្មទណ្ឌ លើសំណុំរឿងពុករលួយ និងប្រព្រឹត្តិខុស ដើម្បីរឹបអូសទ្រព្យសម្បត្តិដែលគាត់ ទទួលបានដោយខុសច្បាប់។
លោក Boonsueb ត្រូវបានដកចេញពីឋានន្តរស័ក្តិ និងគ្រឿងឥស្សរិយយសរាជវង្ស របស់ប៉ូលិសក្នុងខែធ្នូ ឆ្នាំ ២០១៥ បន្ទាប់ពីត្រូវបណ្តេញចេញពី កម្លាំងពីបទបំពានវិន័យធ្ងន់ធ្ងរ។
ករណីទី២ គឺ NACC បានស៊ើបអង្កេតលើការចោទប្រកាន់ថា លោកវីរសេនីយ៍ Noppadol Ninmanon ខណៈពេលបម្រើការជាមេបញ្ជាការរង នៃនាយកដ្ឋានប្រឆាំងការជួញដូរគ្រឿងញៀន ក្រោមនាយកដ្ឋានប្រឆាំងគ្រឿងញៀន (NSD) ចន្លោះឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៦ បានបង្កើតអ្នកផ្តល់ព័ត៌មានមិនពិត ដើម្បីទាមទាររង្វាន់ជាសាច់ប្រាក់ ពីភ្នាក់ងាររបស់គាត់សម្រាប់ ឃាត់ខ្លួនជនសង្ស័យនិងដកហូតថ្នាំញៀន៤៤ករណី។
រង្វាន់ដែលមានចំនួន ៦១,៦៥ លានបាតត្រូវបានបញ្ចូលទៅ ក្នុងគណនីធនាគាររបស់គាត់។ គាត់ត្រូវបានគេចោទប្រកាន់ថា បានចំណាយប្រាក់ចំនួន ៦ លានបាតដើម្បីទិញផ្ទះ និងដីនៅ Rim Kok ក្នុងសង្កាត់ Muang នៃខេត្ត Chiang Rai និង ១,៣លានផ្សេងទៀតដើម្បីទិញដីចំនួន ២កន្លែង នៅ Tha Sai នៃខេត្តភាគខាងជើង។
ករណីទី៣ ពាក់ព័ន្ធនឹងលោកស្រីវីរសេនីយ៍ Phetcharaporn Mongphonmuang ដែលមានតួនាទីជាមេបញ្ជាការរង នៃផ្នែកប្រឆាំងការជួញដូរគ្រឿងញៀន នៃ NSD ចន្លោះឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៧។ លោកស្រីបានដាក់ប្រាក់បញ្ញើជាច្រើន នៅក្នុងគណនីធនាគាររបស់លោកស្រី, ទិញមាសទម្ងន់ ១,៨២គីឡូក្រាម និងមានតម្លៃ ៤,៩លានបាតក្នុងពេលបច្ចុប្បន្ននេះ, ទិញដីចំនួនពីរកន្លែងនៅឈៀងម៉ៃតម្លៃ ២,២ លានបាត និងសងបំណុលចំនួន ៧១៣.០០០ បាតទៅធនាគារមួយ៕
ប្រែសម្រួលៈ ណៃ តុលា