បរទេស៖ ព្យុះទីហ្វុង ឈ្មោះ ប៊ីប៊ីនកា (Bebinca) បានបោកបក់មកលើទីក្រុងសៀងហៃ នៅព្រឹកថ្ងៃចន្ទ ជាព្យុះប្រភេទទី ១ ដែលជាព្យុះស៊ីក្លូនត្រូពិចដ៏មានឥទ្ធិពលបំផុត បានវាយប្រហារដោយផ្ទាល់ ដល់មជ្ឈមណ្ឌលហិរញ្ញវត្ថុ របស់ប្រទេសចិនក្នុងរយៈពេលជាង ៧ ទសវត្សរ៍ មកនេះ។
យោងតាមសារ ព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែក តាមប្រព័ន្ធ ផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ដោយមានល្បឿនខ្យល់កំពូល ១៥១គីឡូម៉ែត្រក្នុងមួយម៉ោង នៅជិតភ្នែករបស់វា ព្យុះប៊ីប៊ិនកា បានបោកបក់នៅទីក្រុងដែលមានប្រជាជនជិត ២៥លាននាក់នេះ នៅម៉ោងប្រហែល ៧៖៣០នាទីព្រឹក ដែលជាព្យុះដ៏ខ្លាំងបំផុតដែលបានវាយប្រហារទីក្រុងសៀងហៃចាប់តាំងពីព្យុះទីហ្វុង ឈ្មោះ Gloria ក្នុងឆ្នាំ ១៩៤៩ ។
ទីក្រុងសៀងហៃកម្រទទួលរងការវាយប្រហារដោយផ្ទាល់ពីព្យុះទីហ្វុងដ៏ខ្លាំង។ ព្យុះទីហ្វុង Yagi ដែលជាព្យុះបំផ្លិចបំផ្លាញប្រភេទទី ៤ បានបោកបក់កាត់ខេត្ត Hainan ភាគខាងត្បូងកាលពីសប្តាហ៍មុន។
ជើងហោះហើររាប់រយត្រូវបានលុបចោល ពីអាកាសយានដ្ឋានពីររបស់ទីក្រុងចាប់តាំងពីយប់ថ្ងៃអាទិត្យ ហើយស្ថានីយ៍រថភ្លើង ក្រុងសៀងហៃ បានផ្អាកសេវាកម្មផ្លូវដែក មួយចំនួនផងដែរ។ ការរំខានទាំងនេះកើតឡើង នៅពេលដែលប្រទេសចិនប្រារព្ធ ពិធីបុណ្យជាតិរយៈពេល៣ថ្ងៃ នៃពាក់កណ្តាលសរទរដូវ។
រមណីយដ្ឋាននានាក្នុងទីក្រុងសៀងហៃ រួមមាន Shanghai Disney Resort សួនកម្សាន្ត Jinjiang និងសួនសត្វព្រៃ Shanghai ត្រូវបានបិទជាបណ្តោះអាសន្ន ហើយសាឡាងជាច្រើនបានផ្អាក ៕
ប្រែសម្រួលៈ ណៃ តុលា