ព័ត៌មានអន្តរជាតិ

អាកាសយានដ្ឋានសុវណ្ណភូមិ ប្រទេសថៃ រងការគំរាមកំហែងបំផ្ទុះគ្រាប់បែក លើជើងហោះហើរមកពីទីក្រុងដាណាង ប្រទេសវៀតណាម

AFP

បរទេស៖ មន្ត្រីនៅអាកាសយានដ្ឋានសុវណ្ណភូមិ ប្រទេសថៃ បាននិយាយថា ពួកគេបានទទួលការគំរាមកំហែងគ្រាប់បែកទាក់ទងនឹងជើងហោះហើរ Thai VietJet Air ដែលធ្វើដំណើរពីទីក្រុងដាណាងកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែមិនបានរកឃើញសារធាតុផ្ទុះទេ ហើយអ្នកដំណើរ និងនាវិកទាំងអស់មានសុវត្ថិភាព។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Kittipong Kittikachorn អ្នកគ្រប់គ្រងទូទៅរបស់ព្រលានយន្តហោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា “ឧបទ្ទវហេតុនេះមិនប៉ះពាល់ដល់ប្រតិបត្តិការទាំងមូលរបស់ព្រលានយន្តហោះនោះទេ” ។

ចាប់តាំងពីពេលនោះមក វិធានការសង្គ្រោះបន្ទាន់ត្រូវបានដកចេញ ហើយអ្នកដំណើរដែលសង្ស័យថា បានបង្កការគម្រាមកំហែងនោះ ត្រូវបានប្រគល់ទៅឱ្យប៉ូលីស ដើម្បីធ្វើការស៊ើបអង្កេតបន្ថែម។

ក្រុមមន្ត្រីបាននិយាយថា ការជូនដំណឹងដំបូងដែលពួកគេទទួលបាននៅម៉ោង ២ និង៤៥ នាទី រសៀលថា មានការគំរាមកំហែងដោយគ្រាប់បែកនៅលើជើងហោះហើរ VZ 961 ពីទីក្រុង ដាណាង ប្រទេសវៀតណាមទៅកាន់អាកាសយានដ្ឋានសុវណ្ណភូមិ។ យន្តហោះ​នេះ​ដឹក​អ្នកដំណើរ​១២០​នាក់ សមាជិក​នាវិក​៦​នាក់ និង​កាបូប​ត្រួតពិនិត្យ​៦១​។

ពេល​យន្តហោះ​ចុះ​ចត អ្នក​ដំណើរ​បាន​រាយការណ៍​ថា​មានការគំរាម​ពីស្ត្រី​ជនជាតិ​ប៉ូឡូញ​ម្នាក់​ ហើយដែលត្រូវ​បាន​គេ​នាំ​ទៅ​ប៉ុស្តិ៍​ប៉ូលិស​សុវណ្ណភូមិ។ អាជ្ញាធរ​បាន​កំណត់​ថា ស្ត្រី​រូប​នោះ​មិន​បាន​រៀប​ចំ​ធ្វើ​ការ​បំផ្លិចបំផ្លាញ ឬ​បំផ្ទុះគ្រាប់​បែក​នោះ​ទេ ប៉ុន្តែ​បាន​ត្រឹម​តែ​ប្រើ​ពាក្យ​ហាម​ឃាត់​ពេល​ជិះ​យន្តហោះ​ដោយ​គ្មាន​ចេតនា​ព្យាបាទ៕

ប្រែសម្រួលៈ ណៃ តុលា

To Top