ព័ត៌មានអន្តរជាតិ

ឥណ្ឌានិងចិន សម្រេចទៅដល់កិច្ចព្រមព្រៀង ដើម្បីបញ្ចប់ជម្លោះនៅព្រំដែន

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសឥណ្ឌាបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានឈានដល់ការសម្រេចចិត្តដ៏សំខាន់មួយ នៅក្នុងកិច្ចពិភាក្សាជាមួយប្រទេសចិន បន្ទាប់ពីមានការប្រឈមមុខដាក់គ្នា ផ្នែកយោធារយៈពេល៤ឆ្នាំ រវាងប្រទេសជិតខាងថាមពលនុយក្លេអ៊ែរទាំងពីរនេះ។

ការវិវឌ្ឍនេះត្រូវបានបញ្ជាក់ ដោយក្រសួងការបរទេសឥណ្ឌា នៅមុនថ្ងៃនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Narendra Modi ទៅកាន់ប្រទេសរុស្ស៊ីសម្រាប់កិច្ចប្រជុំកំពូល BRICS ដែលជាកន្លែងដែលគាត់អាច ជួបពិភាក្សាជាមួយប្រធានាធិបតីចិន Xi Jinping នៅខាងក្រៅនៃកិច្ចប្រចុំ។

យោងតាមរដ្ឋមន្ត្រីការបរទេស Vikram Misri ភាគីទាំងពីរបានយល់ព្រមលើកិច្ចការងារ សម្រាប់ការល្បាតដែលគេហៅថា Line of Actual Control (LAC) នៅជិតទីប្រជុំជន Ladakh ដើម្បីធានាថាមិនមានការរំលោភបំពានណាមួយកើតឡើង។

កិច្ចព្រមព្រៀងនេះគឺជាលទ្ធផល នៃកិច្ចពិភាក្សាជាច្រើនជុំតាមរយៈបណ្តាញការទូត និងយោធាក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ហើយលោករដ្ឋមន្ត្រីរូបនេះបាន​មាន​ប្រសាសន៍ទៀត​ថា ភាគី​ទាំង​ពីរ​នឹង​ចាត់​វិធានការ​ បន្ទាប់​ពី​ការព្រមព្រៀងគ្នា​នេះហើយ​។

រំលឹកឡើងវីញដែរថាទំនាក់ទំនងរវាងប្រទេសជិតខាង ដែលមានអាវុធនុយក្លេអ៊ែរត្រូវបានតានតឹង ចាប់តាំងពីការប៉ះទង្គិចគ្នាក្នុងឆ្នាំ២០២០ ដែលជះឥទ្ធិពលទាំងការចូលរួមការទូត និងសេដ្ឋកិច្ច ដោយទីក្រុងញូវដែលីបានរឹតបន្តឹង ការវិនិយោគរបស់ចិននៅក្នុងប្រទេសឥណ្ឌាហើយ ចាប់​តាំង​ពី​ពេល​នោះ​មក ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​ការ​ចរចា​ជាង ​៣០​ជុំមកហើយ ​ក្នុង​គោល​បំណង​បន្ធូរ​បន្ថយ​ភាព​តានតឹង ៕

ប្រែសម្រួល៖ ស៊ុន លី

To Top