ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលអ៊ីរ៉ង់ ទាមទារឱ្យកាត់ទោសប្រហារជីវិត នាយករដ្ឋមន្រ្តីអ៊ីស្រាអែល និងមន្រ្តីកំពូលៗផ្សេងទៀត

afp

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់បានរាយការណ៍ថា មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានអំពាវនាវឱ្យមានការកាត់ទោសប្រហារជីវិតប្រឆាំងនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងមន្ត្រីកំពូលផ្សេងទៀត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីការសម្រេចចិត្ត កាលពីសប្តាហ៍មុនដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅទីក្រុងឡាអេ ដើម្បីចេញដីកាចាប់ខ្លួនលោក Netanyahu និង អតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant រួមទាំងមេដឹកនាំក្រុមហាម៉ាស់ Mohammed Deif ។

ថ្លែងទៅកាន់កងកម្លាំងប៉ារ៉ាយោធា Basij ដែលជាផ្នែកមួយនៅក្នុងកងឆ្មាំបដិវត្តន៍អ៊ីស្លាម នៅថ្ងៃចន្ទក្នុងទីក្រុង Tehran លោក Khamenei បានអះអាងថា ដីកាចាប់ខ្លួនគឺមិនគ្រប់គ្រាន់សម្រាប់ “ឧក្រិដ្ឋកម្មសង្រ្គាម” ដែល “របប Zionist” បានប្រព្រឹត្តនៅក្នុងតំបន់ Gaza និង ក្នុងប្ទេស លីបង់ នោះទេ។

លោក Khamenei បាននិយាយ និងត្រូវបានទីភ្នាក់ងារសារព័ត៌មាន Tasnim ដកស្រង់សម្តីថា  «​គេ​ចេញ​ដីកា​ចាប់​ខ្លួន វា​មិន​គ្រប់​គ្រាន់​ទេ។ ការកាត់ទោសប្រហារជីវិតរបស់លោក Netanyahu ត្រូវតែចេញ។ ការកាត់ទោសប្រហារជីវិតត្រូវតែចេញសម្រាប់មេដឹកនាំឧក្រិដ្ឋជនទាំងនេះ” ។

នៅក្នុងសេចក្តីសម្រេចរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍ ចៅក្រម ICC បាននិយាយថា មានហេតុផលសមហេតុផលក្នុងការជឿថា Netanyahu និង លោក Gallant ទទួលខុសត្រូវព្រហ្មទណ្ឌចំពោះអំពើដែលរួមមានឃាតកម្ម ការធ្វើទុក្ខបុកម្នេញ និងភាពអត់ឃ្លានដែលត្រូវបានប្រើប្រាស់ជាអាវុធនៃសង្គ្រាម “ប្រឆាំងនឹងប្រជាជនស៊ីវិលនៅហ្គាហ្សា”៕

ប្រែសម្រួលៈ ណៃ តុលា

To Top