គៀវ៖ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានសម្តែងការត្រៀមខ្លួនដើម្បីបញ្ចប់ “ដំណាក់កាលក្តៅ” នៃជម្លោះជាមួយរុស្ស៊ី ជាថ្នូរនឹងការចូលជាសមាជិករបស់អ៊ុយក្រែន នៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ)។
លោក ហ្សេឡិនស្គី ត្រូវបានដកស្រង់សម្តីថា “ប្រសិនបើយើងចង់បញ្ឈប់ ដំណាក់កាលក្តៅនៃសង្រ្គាម យើងត្រូវដាក់ទឹកដីអ៊ុយក្រែន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើង នៅក្រោមឆ័ត្រណាតូ ហើយយើងត្រូវធ្វើវាឱ្យលឿន” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានលើកឡើងថា ក្រោយមក អ៊ុយក្រែនអាចទទួលបានមកវិញនូវទឹកដី ដែលឥឡូវនេះត្រូវបានគ្រប់គ្រងដោយរុស្ស៊ី តាមមធ្យោបាយការទូត ដោយលោកបានកត់សម្គាល់ថា ការអញ្ជើញរបស់ណាតូ គួរតែទទួលស្គាល់ព្រំដែន ដែលទទួលស្គាល់ជាអន្តរជាតិរបស់អ៊ុយក្រែន។លោកបានសង្កត់ធ្ងន់ថា បទឈប់បាញ់គឺជាការចាំបាច់ ដើម្បីធានាថា រុស្ស៊ី “មិនត្រឡប់មកវិញ” ដើម្បីដណ្តើមយកទឹកដីអ៊ុយក្រែនបន្ថែមទៀតនោះទេ។
ទន្ទឹមនឹងនេះ ភាគីរុស្ស៊ី ហាក់មិនមានប្រតិកម្មខ្លាំង ចំពោះរឿងនេះទេ។ រហូតមកដល់ពេលនេះ វិមានក្រឹមឡាំង នៅតែបន្ដរក្សាភាពស្ងៀមស្ងាត់ ចំពោះការលើកឡើងរបស់លោក ហ្សេឡិនស្គី។ លោក Leonid Slutsky ប្រធានគណៈកម្មាធិការកិច្ចការអន្តរជាតិនៃរដ្ឋ Duma របស់រុស្ស៊ី បានអត្ថាធិប្បាយនៅក្នុងបណ្តាញ Telegram របស់លោកថា “ទីក្រុងម៉ូស្គូ នឹងលែងអនុញ្ញាតឱ្យបណ្តាប្រទេសលោកខាងលិច ផ្តល់អាវុធដល់ទីក្រុងគៀវ ទៀតហើយ” ។
លោកបានអំពាវនាវឲ្យអ្នកនយោបាយអ៊ុយក្រែន បោះបង់មហិច្ឆតាចូលរួមជាមួយអង្គការអូតង់។ លោកបានលើកឡើងថា “ទីក្រុងគៀវ កំពុងស្វែងរកការចូលរួមក្នុងអង្គការណាតូ នេះគឺជាគន្លឹះក្នុងការឆ្ពោះទៅមុខ មិនមែនការបញ្ចប់សង្រ្គាមនោះទេ។ គំនិតនៃការបង្កកជម្លោះ ក៏មិនអាចទទួលយកបានដែរ” ៕
ប្រែសម្រួល ឈូក បូរ៉ា