ព័ត៌មានអន្តរជាតិ

នាវាផ្ទុកយន្តហោះអាមេរិក USS Harry S. Truman បុកជាមួយកប៉ាល់ដឹកទំនិញ នៅសមុទ្រមេឌីទែរ៉ាណេ

RT News

បរទេស៖ នាវាផ្ទុកយន្តហោះ USS Harry S. Truman ដែលជានាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ បានបុកជាមួយនាវាពាណិជ្ជកម្ម Besiktas-M នៅសមុទ្រមេឌីទែរ៉ាណេ កាលពីយប់ថ្ងៃពុធ, នេះបើយោងតាមមន្ត្រីកងទ័ពជើងទឹកសហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ១១៖៤៦នាទីយប់ម៉ោងក្នុងស្រុកនៅជិត Port Said ប្រទេសអេហ្ស៊ីប។ កងទ័ពជើងទឹកអាមេរិកបានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា គ្មានការរងរបួស ឬទឹកចូលនាវា ត្រូវបានរាយការណ៍ទេ ហើយប្រព័ន្ធជំរុញនុយក្លេអ៊ែររបស់នាវា “មិនមានផលប៉ះពាល់ និងស្ថិតក្នុងស្ថានភាពសុវត្ថិភាព និងស្ថិរភាព”។ យ៉ាងណាក៏ដោយ ការស៊ើបអង្កេតលើការបុកគ្នានេះ កំពុងដំណើរការ។

នាវា Besiktas-M ដែលមានប្រវែងជាង ១៨៨ ម៉ែត្រ ដែលមានទម្ងន់ ៥៣.០០០ តោន បានឆ្លងកាត់ព្រែកជីក Suez ហើយធ្វើដំណើរទៅកាន់កំពង់ផែសមុទ្រខ្មៅនៃទីក្រុង Constanta ប្រទេស រ៉ូម៉ានី នៅពេលមានការប៉ះទង្គិច។ នាវា USS Harry S. Truman ដែលមានមូលដ្ឋាននៅ Norfolk រដ្ឋ Virginia ។

ការ​បុក​គ្នា​នេះ​ជា​ឧបទ្ទវហេតុ​ដែន​សមុទ្រ​ជា​បន្តបន្ទាប់​ដែល​ពាក់ព័ន្ធ​នឹង​នាវា​ទ័ពជើងទឹក​អាមេរិក។ ក្នុងឆ្នាំ ២០១៧ នាវា USS Fitzgerald បានបុកជាមួយកប៉ាល់ដឹកកុងតឺន័រ ACX Crystal នៅឯឆ្នេរសមុទ្រប្រទេសជប៉ុន ដែលបណ្តាលឱ្យនាវិក ៧នាក់ស្លាប់។ ក្រោយមកនៅឆ្នាំនោះ នាវា USS John S. McCain បានជាប់ពាក់ព័ន្ធក្នុងការបុកគ្នាជាមួយនាវាដឹកប្រេង Alnic MC នៅជិតប្រទេសសិង្ហបុរី ដែលបានសម្លាប់នាវិក ១០នាក់ផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top