រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ជំរុញឱ្យមានការចរចាសន្តិភាព ឱ្យបានឆាប់ក្នុងជម្លោះនៅមជ្ឈិមបូព៌ា
បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃអង្គារ បានអំពាវនាវ ដល់គ្រប់ភាគីទាំងអស់នៃជម្លោះនៅមជ្ឈិមបូព៌ា ឲ្យចាប់យកគ្រប់ឱកាសសម្រាប់សន្តិភាព និងចាប់ផ្តើមការចរចាសន្តិភាព ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
យោងតាមសារព័ត៌មាន CGTN ចេញផ្សាយ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ថា លោក Wang ដែលក៏ជាសមាជិក នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិនផងដែរ បានធ្វើការអំពាវនាវនេះនៅក្នុងការសន្ទនា តាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi តាមការស្នើសុំរបស់លោក។
ក្នុងអំឡុងពេលនៃការសន្ទនា លោក Wang បានបញ្ជាក់ជាថ្មីនូវជំហរគោលការណ៍របស់ប្រទេសចិន ដោយសង្កត់ធ្ងន់ថា បញ្ហាក្តៅគគុកគួរតែត្រូវបានដោះស្រាយតាមរយៈការសន្ទនា និងការចរចា ជាជាងការប្រើប្រាស់កម្លាំង។
លោក Wang បាននិយាយទៀតថា ការសន្ទានវាតែងតែល្អជាងការប្រយុទ្ធ ដោយកត់សម្គាល់ថា នេះបម្រើផលប្រយោជន៍របស់អ៊ីរ៉ង់ និងប្រជាជនរបស់ខ្លួន និងស្របតាមសេចក្តីប្រាថ្នារួមរបស់សហគមន៍អន្តរជាតិ។
លោក Wang បានបន្ថែមថា ប្រទេសចិននឹងបន្តរក្សាជំហរគោលបំណង និងមិនលំអៀង ប្រឆាំងនឹងការរំលោភបំពានអធិបតេយ្យភាព លើកកម្ពស់ការចរចាសន្តិភាព និងធ្វើការឆ្ពោះទៅរកសន្តិភាព និងស្ថិរភាពក្នុងតំបន់៕
ប្រែសម្រួលៈ ណៃ តុលា
