ព័ត៌មានអន្តរជាតិ

ការនាំចេញអង្ករ របស់វៀតណាម​ ប្រឈមមុខនឹង ការពន្យារពេល ចំពេលមានជម្លោះនៅមជ្ឈិមបូព៌ា

ហាណូយ៖​ ការនាំចេញអង្កររបស់វៀតណាម កំពុងប្រឈមមុខនឹងការរំខាន ខណៈដែលភាពតានតឹងនៅមជ្ឈិមបូព៌ា បានជំរុញឱ្យថ្លៃដឹកជញ្ជូន និង បុព្វលាភធានារ៉ាប់រងកើនឡើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន វៀតណាម​។

របាយការណ៍នេះបានឧ្យដឹងថា ពេលវេលាដឹកជញ្ជូន បានអូសបន្លាយពី ១០​ ទៅ ១៥ថ្ងៃ ខណៈដែលថ្លៃដឹកជញ្ជូន ក្នុងស្រុកបានកើនឡើង ២ម៉ឺនដុងវៀតណាម (ប្រហែល ០.៨ដុល្លារអាមេរិក) ដល់ ៣ម៉ឺនដុងវៀតណាម (ប្រហែល ១.២ដុល្លារ) ដោយដកស្រង់សម្តីរបស់លោក Nguyen Anh Son អគ្គនាយកនៃទីភ្នាក់ងារពាណិជ្ជកម្មបរទេសវៀតណាម​។

របាយការណ៍នេះបានបន្ថែមថា អ្នកនាំចេញកំពុងតស៊ូជាមួយនឹងកង្វះខាតកុងតឺន័រ និងបានផ្លាស់ប្តូរផ្លូវសេវាកម្មដឹកជញ្ជូន ដែលបង្ខំឱ្យពាណិជ្ជករចរចាឡើងវិញនូវកិច្ចសន្យា ពន្យារពេលការដឹកជញ្ជូន ឬពន្យារពេលការបញ្ជាទិញថ្មី។

យោងតាមក្រសួងកសិកម្ម និង បរិស្ថាន ទិន្នផលស្រូវរបស់ប្រទេសវៀតណាមនៅឆ្នាំ ២០២៦ ត្រូវបានគេព្យាករថា នឹងឈានដល់ប្រហែល ៤៥,៦ លានតោន ដោយមាន ៧,៧៣ លានតោនសម្រាប់នាំចេញ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top