អ៊ីរ៉ង់អះអាងថា បានបាញ់ទម្លាក់យន្តហោះចម្បាំង F-18 របស់អាមេរិកមួយគ្រឿង
បរទេស៖ អ៊ីរ៉ង់បានអះអាងថា ខ្លួនបាន «វាយប្រហារដោយជោគជ័យ» ទៅលើយន្តហោះចម្បាំង F-18 របស់អាមេរិកមួយគ្រឿង ក្នុងអំឡុងពេលសង្គ្រាមកាន់តែកើនឡើងជាមួយកងកម្លាំងអាមេរិក និងអ៊ីស្រាអែល។ ទីក្រុងតេហេរ៉ង់ក៏បានចេញផ្សាយវីដេអូមួយដែលអះអាងថា បង្ហាញពីយន្តហោះចម្បាំងមួយគ្រឿងបានបាត់បង់កម្ពស់ បន្ទាប់ពីត្រូវបានវាយប្រហារដោយអ្វីដែលហាក់ដូចជាមីស៊ីលផ្លោងនៅលើអាកាស។
យោងតាមសារព័ត៌មាន NDTV ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ថា ទូរទស្សន៍ Press TV របស់អ៊ីរ៉ង់បានបង្ហោះវីដេអូនេះនៅលើប៉ុស្តិ៍ផ្លូវការរបស់ខ្លួននៅលើ X ហើយបានសរសេរថា «កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ប្រកាសថា ខ្លួនបានវាយប្រហារយន្តហោះចម្បាំង F-18 របស់អាមេរិកដោយជោគជ័យ»។ ទោះជាយ៉ាងណាក៏ដោយ ការបង្ហោះនេះមិនបានផ្តល់ព័ត៌មានលម្អិតអំពីទីតាំងនៃការវាយប្រហារ កម្រិតនៃការខូចខាត ឬស្ថានភាពរបស់អ្នកបើកយន្តហោះនោះទេ។
វីដេអូនេះបង្ហាញពីយន្តហោះកំពុងហោះហើរមុនពេលពន្លឺភ្លឹបភ្លែតៗធ្លាក់មកលើវានៅលើអាកាស។ មួយសន្ទុះក្រោយមក យន្តហោះហាក់ដូចជាមិនស្ថិតស្ថេរ ដោយហោះតាមពីក្រោយអ្វីដែលហាក់ដូចជាផ្សែង ដែលបង្ហាញថាវាបានបាត់បង់ការគ្រប់គ្រង។ NDTV មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវភាពត្រឹមត្រូវនៃវីដេអូនេះបានទេ៕
ប្រែសម្រួលៈ ណៃ តុលា
