ព័ត៌មានអន្តរជាតិ

អេស្បាញប្រកាស បិទច្រកព្រំដែន ទាំងអស់ ចំពោះយន្តហោះអាមេរិក ទាំងឡាយណា ដែលពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ីរ៉ង់

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រទេសអេស្បាញ បានប្រកាសបិទ ដែនអាកាសរបស់ខ្លួន ចំពោះយន្តហោះ ដែលមានទំនាក់ទំនង ជាមួយសង្គ្រាមរវាងអាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់។

ការសម្រេចចិត្តនេះត្រូវបានគេមើលឃើញថា នឹងអាចធ្វើឲ្យមានភាព ប្រេះឆាកាន់តែស៊ីជម្រៅ ជាមួយក្រុងវ៉ាស៊ីនតោនជុំវិញជម្លោះ រយៈពេលមួយខែ ដែលកំពុងវាយលុក តំបន់មជ្ឈិមបូព៌ា។

កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការពារជាតិ អេស្បាញលោក Margarita Robles បាននិយាយថា យន្តហោះដែលចូលរួមក្នុងប្រតិបត្តិការប្រឆាំងអ៊ីរ៉ង់ នឹងមិនត្រូវបានអនុញ្ញាត ឱ្យធ្វើប្រតិបត្តិការក្នុងដែនអាកាសអេស្ប៉ាញ រួមទាំងយន្តហោះអាមេរិក ដែលមានមូលដ្ឋាននៅប្រទេសណាតូផ្សេងទៀត ដូចជាចក្រភពអង់គ្លេស ឬបារាំងជាដើម។

រដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ បានរារាំង ការប្រើប្រាស់មូលដ្ឋាន Rota និង Moron de la Frontera ដែលប្រតិបត្តិការរួមគ្នានៅភាគខាងត្បូង ប្រទេសអេស្បាញ សម្រាប់បេសកកម្ម ធ្វើការវាយប្រហារនេះ។

លោក Robles បានប្រាប់អ្នកយកព័ត៌មានថា អេស្បាញ នឹងមិនចូលរួម ឬរួមចំណែកក្នុងសង្គ្រាម ដែលត្រូវបានផ្តួចផ្តើមឡើង ដោយឯកតោភាគី និងប្រឆាំងនឹងច្បាប់អន្តរជាតិ ដោយបន្លឺសំឡេងនាយករដ្ឋមន្ត្រី Pedro Sanchez ដែលបានចាត់ទុកយុទ្ធនាការអាមេរិក និងអ៊ីស្រាអែលថាជា សង្រ្គាមខុសច្បាប់ មិនប្រុងប្រយ័ត្ន និងអយុត្តិធម៌បំផុត៕

ប្រែសម្រួល៖ស៊ុនលី

To Top