វៀតណាម កំពុងបង្កើនការនាំអង្ករ ទៅប្រទេសនៅអាហ្វ្រិកខាងលិច ដល់ ១៦៨.០២០ តោន កើនជិត៣០ដង ធៀបនឹងឆ្នាំ២០២៤
បរទេស៖ ការនាំចេញអង្កររបស់វៀតណាម ទៅកាន់ប្រទេសសេណេហ្គាល់ បានកើនឡើងយ៉ាងខ្លាំងកាលពីឆ្នាំមុន ដោយឈានដល់ ១៦៨.០២០ តោន ដែលមានតម្លៃ ៥២,៥៧ លានដុល្លារអាមេរិក ដែលខ្ពស់ជាងជិត ៣០ ដងបើធៀបនឹងឆ្នាំ ២០២៤។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ថា ទិន្នន័យពីនាយកដ្ឋានគយ វៀតណាមបង្ហាញថា អង្ករក្រអូប វៀតណាម រួមទាំងចុងអង្ករ ១០០ ភាគរយ មានលក់យ៉ាងទូលំទូលាយ នៅក្នុងផ្សារទំនើបក្នុងប្រទេសសេណេហ្គាល់ក្នុងកញ្ចប់ ៥ គីឡូក្រាម និង ២៥ គីឡូក្រាម ដោយលក់រាយក្នុងតម្លៃប្រហែល ១,៣ ដុល្លារក្នុងមួយគីឡូក្រាម។
ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់ប្រធានរដ្ឋសភាវៀតណាម ត្រឹន ថាញ់ ម៉ាន់ ទៅកាន់ប្រទេសសេណេហ្គាល់ក្នុងខែកក្កដា ឆ្នាំ ២០២៥ ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ស្តីពីពាណិជ្ជកម្មអង្ករ។ កិច្ចព្រមព្រៀងនេះកំណត់គោលដៅនាំចេញអង្ករវៀត ណាមប្រចាំឆ្នាំប្រហែល ១០០.០០០ តោនទៅកាន់ប្រទេសសេណេហ្គាល់ ដោយមានគោលបំណងបង្កើនសន្តិសុខ ស្បៀងអាហាររបស់នៅប្រទេសអាហ្វ្រិកមួយនេះ ខណៈពេលដែលជួយវៀតណាមពង្រីកការចូលទៅកាន់ទីផ្សារនៅអាហ្វ្រិក និងធ្វើពិពិធកម្មគោលដៅនាំចេញ ។ ការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាកំពុងដំណើរការ ដែលគាំទ្រដល់ការកើនឡើង នៃតម្លៃនាំចេញថ្មីៗនេះ។
យោងតាមការិយាល័យពាណិជ្ជកម្មវៀតណាម ប្រចាំប្រទេសអាល់ហ្សេរី ដែលក៏គ្របដណ្តប់ប្រទេសសេណេហ្គាល់ ផងដែរនោះ គឺ ប្រទេសនៅអាហ្វ្រិកខាងលិចនេះ គឺជាប្រទេសនាំចូលអង្ករដ៏សំខាន់មួយរបស់ពិភពលោក ដោយទិញអង្ករប្រហែលមួយលានតោនជារៀងរាល់ឆ្នាំ ដែលភាគច្រើនជាចុងអង្ករ១០០ ភាគរយដែលមានតម្លៃទាប។ ប្រទេសសេណេហ្គាល់ក៏មានកម្រិតប្រើប្រាស់អង្ករក្នុងមនុស្សម្នាក់ ខ្ពស់បំផុតមួយនៅក្នុងតំបន់ផងដែរ ដែលត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១១៧ គីឡូក្រាមជារៀងរាល់ឆ្នាំ៕
ប្រែសម្រួលៈ ណៃ តុលា
