រុស្ស៊ី ជំរុញឱ្យមានបទឈប់បាញ់ និងដំណោះស្រាយនយោបាយ ក្នុងការចរចាជាមួយបណ្ដា ប្រទេសអារ៉ាប់ឈូងសមុទ្រ
មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងដំណោះស្រាយនយោបាយ ចំពោះភាពតានតឹង ដែលកំពុងកើនឡើងនៅក្នុងតំបន់ឈូងសមុទ្រពែរ្ស ក្នុងអំឡុងពេលសន្និសីទវីដេអូ ជាមួយសមភាគីមកពីរដ្ឋអារ៉ាប់ឈូងសមុទ្រ។
លោក Lavrov បានកត់សម្គាល់ថា ជម្លោះដែលមូលហេតុចម្បង គឺការឈ្លានពានដែលគ្មានការញុះញង់ និងគ្មានន័យរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ គួរតែត្រូវបានដោះស្រាយតាមរយៈមធ្យោបាយ នយោបាយ និងការទូត ដោយពិចារណាយ៉ាងពេញលេញ អំពីផលប្រយោជន៍ស្របច្បាប់ របស់រដ្ឋទាំងអស់នៅក្នុងតំបន់ ។
រុស្ស៊ីបានកត់សម្គាល់ពីភាពមិនអាចទទួលយកបាន នៃការធ្វើឱ្យប្រទេសទាំងនេះចូលទៅក្នុងសង្គ្រាម និងវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់ពួកគេ រួមទាំងថាមពល និងគ្រឿងបរិក្ខារសំខាន់ៗផ្សេងទៀត ។
លោកបានបន្ថែមថា ទីក្រុងមូស្គូ ប្តេជ្ញារក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយប្រទេសអារ៉ាប់ ដើម្បីសម្រួលដល់បទឈប់បាញ់យ៉ាងឆាប់រហ័ស និងទប់ស្កាត់ការរីករាលដាលនៃជម្លោះ។
រដ្ឋមន្ត្រីការបរទេសក៏បានឧ្យដឹងផងដែរថា យន្តការច្បាស់លាស់ ត្រូវតែដាក់ឱ្យដំណើរការ ដើម្បីរក្សាកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសទាំងអស់ នៅក្នុងតំបន់ និងដើម្បីធានាបាននូវស្ថិរភាពយូរអង្វែងនៅមជ្ឈិមបូព៌ា៕
ប្រែសម្រួល ឈូក បូរ៉ា
