ព្រីតថែន ដាក់ទណ្ឌកម្មលើជនជាតិអ៊ីរ៉ង់ពីរនាក់ ខណៈនាយករដ្ឋមន្ត្រីភ្ជាប់ទំនាក់ទំនងអ៊ីរ៉ង់ ទៅនឹងហេតុការណ៍នៅមូលដ្ឋានទ័ពអាកាស RAF
ឡុងដ៍៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Ed Miliband បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនជាតិអ៊ីរ៉ង់ពីរនាក់ត្រូវបានចក្រភពអង់គ្លេសដាក់ទណ្ឌកម្ម ដោយសារតែ “សកម្មភាពអរិភាព” របស់ពួកគេក្នុងនាមជាតំណាងឱ្យប្រទេសអ៊ីរ៉ង់។
លោក Miliband បានលេីកឡេីងថា បច្ចុប្បន្ននេះ ពួកគេ “ត្រូវទទួលរងនូវការបង្កកទ្រព្យសម្បត្តិជាបន្ទាន់ ការហាមឃាត់ការធ្វើដំណើរ និងការដកសិទ្ធិមិនឱ្យកាន់តំណែង ជាប្រធានក្រុមហ៊ុន”។
យោងតាមសេចក្តីរាយការណ៍របស់ BBC កាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham បានថ្លែងនៅថ្ងៃដដែលនោះថា វាមាន “លទ្ធភាពខ្ពស់” ដែលអ៊ីរ៉ង់មានជាប់ពាក់ព័ន្ធនៅក្នុងហេតុការណ៍កាលពីខែមុន នៅឯមូលដ្ឋានទ័ពអាកាស Royal Air Force (RAF)។
ក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសការអះអាងរបស់នាយករដ្ឋមន្ត្រីព្រីតថែនលោក Andy Burnham ដែលថាផែនការវាយប្រហារដែលគេសង្ស័យថាមានគោលដៅ លើមូលដ្ឋានទ័ពអាកាសរាជវង្សព្រីតថែន (Royal Air Force) នោះ ទំនងជាត្រូវបានសម្របសម្រួលនៅក្នុងប្រទេសអ៊ីរ៉ង់។
ក្រសួងនេះបានចេញសេចក្តីថ្កោលទោសនេះ បន្ទាប់ពីលោក Burnham បានថ្លែងកាលពីដើមថ្ងៃដដែលនោះថា ផែនការដែលគេចោទប្រកាន់នេះ គឺ «ស្ទើរតែប្រាកដណាស់» ត្រូវបានដឹកនាំដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ (IRGC)។
ក្រសួងបានហៅការចោទប្រកាន់ របស់អង់គ្លេសថាជា «ផែនការដ៏អាក្រក់មួយ ដើម្បីជំរុញយុទ្ធនាការប្រឆាំងនឹងអ៊ីរ៉ង់ និងគេចវេះពីការទទួលខុសត្រូវ ចំពោះការចូលរួមរបស់អង់គ្លេសនៅក្នុងការឈ្លានពានផ្នែកយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងប្រជាជាតិអ៊ីរ៉ង់»។
ក្រសួងបានឧ្យដឹងថា ការដែលទីក្រុងឡុងដ៍ប្រើប្រាស់ពាក្យពេចន៍ដូចជា «ទំនងជាខ្លាំង» និង «ស្ទើរតែប្រាកដណាស់» ដើម្បីផ្តល់ភាពគួរឱ្យជឿជាក់ដល់ការចោទប្រកាន់របស់ខ្លួននោះ គឺជាការប៉ុនប៉ងដ៏ច្បាស់ក្រឡែតមួយ ដើម្បីគេចវេះពីការទទួលខុសត្រូវចំពោះការអះអាងដែលគ្មានមូលដ្ឋានរបស់ខ្លួន។
កាលពីថ្ងៃទី ២៧ ខែកញ្ញា ប៉ូលិសព្រីតថែន បានឃាត់ខ្លួនមនុស្ស ៥ នាក់ ដែលសុទ្ធតែមានអាយុក្នុងវ័យ ២០ ឆ្នាំ ដោយសង្ស័យថាពាក់ព័ន្ធនឹង «បទល្មើសគ្រឿងផ្ទុះ និងអំពើភេរវកម្ម» នៅជិតមូលដ្ឋានទ័ពអាកាស Fairford ក្នុងតំបន់ Gloucestershire បន្ទាប់ពីទទួលបានព័ត៌មានថាមានរថយន្តដឹកទំនិញចំនួន ៣ គ្រឿងត្រូវបានគេឃើញកំពុងធ្វើដំណើរទៅកាន់មូលដ្ឋាននោះ ដែលសហរដ្ឋអាមេរិកធ្លាប់បានប្រើប្រាស់ ដើម្បីបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា
