ព័ត៌មានជាតិ

៩ខែ គ្រោះថ្នាក់ចរាចរណ៍ កើតឡើងជាង ៣ពាន់លើក និងបាត់បង់ជីវិតជាង ១ពាន់នាក់

ភ្នំពេញ៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង៣.១៥៩លើក បណ្តាលឲ្យបាត់បង់ ជីវិត១.៥២១នាក់ និងរបួស៤.៧២១នាក់ ។ជាមធ្យមអ្នកស្លាប់ ជាង៥នាក់ និងរបួស១៧នាក់ ក្នុង១ថ្ងៃ។

ក្នុងទិវាអន្ដរជាតិ រំលឹកជនរងគ្រោះថ្នាក់ចរាចរណ៍ លើកទី១៤ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក មានប្រសាសន៍ថា “តាមរបាយការណ៍របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០១៩ គ្រោះថ្នាក់ ចរាចរណ៍ បានកើតឡើងចំនួន៣.១៥៩លើក បណ្តាលឲ្យបាត់បង់ជីវិតចំនួន១.៥២១នាក់ និងរបួស៤.៧២១នាក់ គិតជាមធ្យមគឺស្លាប់ជាង៥នាក់ និងរបួស១៧នាក់ ក្នុងមួយថ្ងៃ”។

មូលហេតុចម្បង ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ រដ្ឋមន្ដ្រីមហាផ្ទៃ រៀបរាប់ថា ភាគច្រើនអ្នកបើកបរ យានយន្ត មិនគោរពច្បាប់ បង្កគ្រោះថ្នាក់ដោយការបើកបរលើស ល្បឿនកំណត់៣៧% មិនគោរពសិទ្ធិ២៤% មិនប្រកាន់ស្តាំ១២% វ៉ាជែង៩% បត់៨% ស្រវឹង៦% កត្តាយានយន្ត៣% និងងងុយ១%។

រដ្ឋមន្ដ្រីមហាផ្ទៃ បញ្ជាក់ថា ភាគច្រើននៃជនរងគ្រោះដែលស្លាប់ គឺជាអ្នកប្រើប្រាស់ម៉ូតូមានរហូតដល់ទៅ៧៦% ក្នុងនោះ មិនពាក់មួកសុវត្ថិភាព៧៦%។ គ្រោះថ្នាក់ទាំងនេះ បានកើតឡើង នៅពេលយប់៥៤% និងពេលថ្ងៃ៤៦% ហើយបង្កឡើង ដោយអ្នកបើកបរម៉ូតូ៥០% អ្នកបើកបររថយន្ត ធុនស្រាល៣០% និងអ្នកបើកបរ រថយន្តធុនធ្ងន់២០% ។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង លើកឡើងទៀតថា នៅរាជធានីភ្នំពេញគ្រោះថ្នាក់កើតឡើងនៅពេលយប់ មានអត្រាខ្ពស់ដល់ទៅ៧២% បណ្តាលឲ្យមានជនរងគ្រោះជាច្រើនជាងខេត្តនានា និងបង្កឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ ដូចជា របាំងចែកទ្រូងផ្លូវ បង្គោលភ្លើង ផ្លាកសញ្ញាចរាចរណ៍ បង្កាន់ដៃស្ពាន សួនច្បារ របង ជាដើម។

សម្ដេចរំលឹកថា តាមការប៉ាន់ប្រមាណគ្រោះថ្នាក់ចរាចរណ៍ បានធ្វើឲ្យកម្ពុជាខាតបង់ថវិកា ក្នុង១ឆ្នាំៗជាច្រើនលានដុល្លារ ដោយមិនគិតផលលំបាកសង្គម ដូចជា ការបន្សល់ទុកជន ពិការកុមារកំព្រា ស្ត្រីមេម៉ាយ និងធ្វើឲ្យគ្រួសារមួយចំនួន ធ្លាក់ទៅក្នុងភាពក្រីក្រ ដែលបណ្តាលឲ្យប៉ះពាល់ដល់ការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

សម្ដេចបន្ថែមថា ជាក់ស្ដែងក្នុងអនុវត្តផែនការសកម្មភាពជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក រយៈពេល១០ឆ្នាំ (២០១០-២០២០) បានខិតខំធ្វើការទប់ស្កាត់ ចំនួនអ្នកស្លាប់ នៅត្រឹមក្រោម២.០០០នាក់ មិនឲ្យកើនអ្នកស្លាប់ ដូចដែលអ្នកជំនាញ សុវត្ថិភាពចរាចរណ៍ បានព្យាករណ៍ទុក ៣.២០០នាក់ នៅឆ្នាំ២០២០។នេះជាលទ្ធផលប្រកបដោយផ្លែផ្កា ក្នុងការសង្គ្រោះជីវិតប្រជាពលរដ្ឋ និងជាការរួមចំណែកយ៉ាងសំខាន់ ដល់ការអនុវត្តផែនការ ទស្សវត្សរបស់អង្គការសហប្រជាជាតិ ស្តីពី សុវត្ថិភាពចរាចរណ៍៕

ដោយ ៖ អេង ប៊ូឆេង

To Top