ព័ត៌មានជាតិ

ប៉េអឹមស្រុកមោងឫស្សី ប្រើហិង្សាលើអនីតិជន ដោយចោទថា ពាក់ព័ន្ធការរក្សាទុកគ្រឿងញៀន ទាំងដែលគ្មានភស្តុតាង

ភ្នំពេញ៖ មន្ត្រីប៉េអឹមម្នាក់ឈ្មោះ ស្រ៊ាង នៅបញ្ជាការដ្ឋាន កងរាជអាវុធ ហត្ថស្រុកមោងឫស្សី ខេត្តបាត់ដំបង បានប្រើប្រាស់អំណាច របស់ខ្លួន វាយទៅលើជនរងគ្រោះម្នាក់ ជាអនីតិជន បណ្ដាលឲ្យរងការ ឈឺចុកចាប់ទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយមន្ត្រីអាវុធហត្ថ ម្នាក់នេះ ចោទជនរងគ្រោះថា ពាក់ព័ន្ធនឹងការរក្សាទុក គ្រឿងញៀនខុសច្បាប់ ប៉ុន្តែគ្មានភស្តុតាង ច្បាស់លាស់ ដើម្បីដាក់បន្ទុកជនរងគ្រោះ ។

ករណីប្រើហិង្សា ដោយទទឹងទិសនេះ បានកើតឡើង កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ស្រុកមោងឫស្សី ផ្ទាល់ ដោយករណីនេះ មិនដឹងថា លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង មានបានដឹងពី ទង្វើរបស់កូនចៅខ្លួនដែរឬទេ ។

បើតាមជនរងគ្រោះឈ្មោះ នឿត ចំរើន ភេទប្រុស អាយុ១៥ឆ្នាំ រស់ភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងឫស្សី បានឲ្យដឹងថា មុនឈានដល់មន្ត្រី អាវុធហត្ថឈ្មោះស្រ៊ាង បានប្រើហិង្សា លើខ្លួន គឺនៅវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា មានករណីក្មេងទំនើង រៀនថ្នាក់ទី១២ នៅវិទ្យាល័យមោងឫស្សី បានវាយតបគ្នា ផ្អើលពេញសាលា បន្ទាប់មានករណី វាយតបគ្នានេះ កើតឡើង មន្ត្រីអាវុធហត្ថ ស្រុកមោងឫស្សី បានមកដេញចាប់ពួកជនបង្ក រត់ប្រសាចពេញសាលា ធ្វើឲ្យសិស្ស មានការភ័យខ្លាចគ្រប់ៗគ្នា ។

ជនរងគ្រោះបន្ថែមថា ដោយឃើញ សភាពមិនស្រួល ខ្លាចមានករណីរត់ជាន់គ្នា ក្នុងថ្នាក់រៀន ជនរងគ្រោះ ក៏បានរត់ចេញ ពីក្នុងថ្នាក់មកក្រៅ មន្ត្រីអាវុធហត្ថ ស្មានតែរូបគេ ជាប់ពាក់ព័ន្ធនឹង ករណីនេះ ក៏ចាប់ខ្លួនរូបគេ បើទោះបីជាខ្លួនប្រាប់ថា មិនពាក់ព័ន្ធនឹង ករណីនេះក៏ដោយ ក៏ពួកមន្ត្រីអាវុធហត្ថ ទាំងនោះ នៅតែនាំគេយក កាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថទៀត ។

ជនរងគ្រោះដដែល បន្តថា នៅពេលនាំមកដល់ បញ្ជាការដ្ឋានអាវុធហត្ថ រួមនឹងក្រុមក្មេងទំនើង បង្កហេតុសរុបទាំងរូបគេ មានគ្នា៨នាក់ ពេលនោះក្រុមមន្ត្រី បានសួរនាំម្នាក់ម្ដងៗ តែនៅក្នុងបន្ទប់ ដោយឡែកពីគ្នា ពេលបានចម្លើយ ពីក្រុមអ្នកបង្កហេតុ ថាជនរងគ្រោះ មិនពាក់ព័ន្ធនឹង ករណីវាយតបគ្នា ក៏បានបង្វែរ សំណុំសាច់រឿង មកធ្វើជាពិនិត្យ រកគ្រឿងញៀន ក្នុងកាបូបរបស់ជនរងគ្រោះ តែរកមិនឃើញ ។

មួយសន្ទុះក្រោយមក មន្ត្រីប៉េអឹម បានហៅខ្លនមកក្នុងបន្ទប់វិញ ក៏ឃើញមានគ្រឿងញៀន១កញ្ចប់ នៅក្រោមតុ ខណៈកាបូបរបស់ជនរងគ្រោះ នៅលើតុនោះ ស្រាប់តែមិនទាន់ បានសួរហេតុផលអ្វីផង ប៉េអឹមឈ្មោះ ស្រ៊ាង បានហក់វាយទាត់ រូបគេឡើងទ្រោមខ្លួន និងឃាំងខ្លួនចាប់ ពីម៉ោង៩ព្រឹក រហូតដល់៦ល្ងាច ទើបឲ្យត្រឡប់មកផ្ទះវិញ ព្រោះយល់ឃើញថាមិនជាប់ពាក់ព័ន្ធនឹងករណីវាយតប់គ្នា និងបទល្មើសរក្សាទុកគ្រឿងញៀន ។

ពាក់ព័ន្ធនឹង ករណីនេះ លោក នួន នឿត ត្រូវជាឪពុកក្មេងរងគ្រោះ បានឲ្យដឹងថា ទោះជាកូនរបស់គាត់ ត្រូវបានឲ្យត្រឡប់មកផ្ទះវិញ ក៏ដោយ ក៏គាត់មិនសុខចិត្តនោះដែរ ព្រោះកូនគាត់ មិនមានកំហុសអ្វីផង បែរជាមន្ត្រីប៉េអឹមឈ្មោះ ស្រ៊ាង វាយដំរូបគេដោយគ្មានត្រាប្រណីត ។ ដោយឪពុកជនរងគ្រោះ បានចោទសួរ ទៅឈ្មោះ ស្រ៊ាង វិញថា បើមានករណីបែបនេះ កើតឡើងលើ គ្រួសាររបស់ខ្លួន តើមានការឈឺចាប់ ឬទេ ?

ជាមួយគ្នានេះ លោក នួន នឿត បានស្នើទៅ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ជាពិសេសនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជ អាហត្ថលើផ្ទៃប្រទេស ជួយពិនិត្យមើលករណីនេះ និងរកយុត្តិធម៌ ជូនគ្រួសារគាត់ផង ។

ករណីប្រើអំពើហិង្សា ពីសំណាក់មន្ត្រីអាវុធហត្ថ ស្រុកមោងឫស្សី ដោយមិនមាន ហេតុផលបែបនេះ មិនមែនកើតឡើង ទើប១ករណីនេះទេ គឺច្រើនករណីមកហើយ តែពលរដ្ឋខ្លះ ដោយមានការភ័យខ្លាច មិនហ៊ានប្តឹងពួកមន្ត្រីទាំងនោះ ឬប្រាប់ក្រុមអ្នកសារព័ត៌មាន ផ្សាយពីទង្វើអាក្រក់ មិនស្រឡាញ់ ពលរដ្ឋរបស់ ពួកមន្ត្រីទាំងនោះទេ ។

គួរបញ្ជាក់ថា នៅក្នុងមូលដ្ឋាន ស្រុកមោងឫស្សីនេះ ករណីគ្រឿងញៀន កំពុងកើតឡើងយ៉ាងពេញបន្ទុក ទាំងនៅទីប្រជុំជន រហូតដល់ទីជនបទ ដាច់ស្រយ៉ាល ប៉ុន្តែមន្ត្រីអាជ្ញាធរ ស្រុកមួយនេះ ហាក់ដូចជាគ្មាន ចំណាត់ការអ្វីឲ្យច្បាស់លាស់ នោះទេ ក្នុងការទប់ស្កាត់ បញ្ហាគ្រឿងញៀន ហើយវាបានកើតឡើង កាន់តែផុសផុល ធ្វើឲ្យប្រជាពលរដ្ឋ មានការភ័យខ្លាចជាខ្លាំង ៕

To Top