ព័ត៌មានជាតិ

អូស្រ្តាលី ប្តេជ្ញាបន្តជួយដល់ការងារ MRC

ភ្នំពេញ៖ លោក Jean Bernard Carrasco ឯកអគ្គរដ្ឋទូតអូស្រា្តលី ប្រចាំប្រទេសឡាវ និងបច្ចុប្បន្នជាប្រធាន ក្រុមប្រទេសដៃគូ អភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌ MRC ក្នុងជំនួប ពិភក្សាការងារជាមួយ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម, ប្រធានគណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជា និងជាប្រធានក្រុមប្រឹក្សា គណៈកម្មការទន្លេមេគង្គ (MRC) សម្រាប់ឆ្នាំ២០១៩ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបង្ហាញនូវការប្ដេជ្ញាចិត្ត បន្តជួយដល់ការងារ MRC ឲ្យមានការវិវត្តរីកចម្រើន បន្ថែមទៀត។

នៅក្នុងជំនួបនោះផងដែរ លោកលឹម គានហោ បានស្វាគមន៍ និងថ្លែងអំណរគុណ លោក Jean Bernard Carrasco ដែលបានអញ្ជើញ មកចូលរួមកិច្ចប្រជុំ ពិគ្រោះយោបល់ ជាមួយប្រទេសដៃគូ អភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌ MRC លើកទី២៤ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ តបតាមការអញ្ជើញ របស់លោករដ្ឋមន្រ្តី ក្នុងនាមជាប្រធាន ក្រុមប្រឹក្សា ឆ្នាំ២០១៩ និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ។

លោករដ្ឋមន្រ្តី បានថ្លែងអរគុណក្នុងនាម MRC ដល់អូស្រ្តាលី ដែលជាដៃគូអភិវឌ្ឍន៍មួយ ដែលបានរួមចំណែកជួយគាំទ្រ ទាំងហិរញ្ញវត្ថុ និងបច្ចេកទេស ដល់ការងាររបស់ MRC ជារួម និងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអរគុណ តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត ជូនដល់រដ្ឋាភិបាលអូស្រ្តាលី ដែលបានរួមចំណែកជួយដល់ការអភិវឌ្ឍកម្ពុជា និងដោយឡែកលើវិស័យធនធានទឹក រហូតមកដល់ពេលនេះ។

លោក Jean Bernard Carrasco បានគោរពថ្លែងអំណរគុណ លោករដ្ឋមន្រ្តី ក្នុងនាមជាប្រធាន ក្រុមប្រឹក្សា MRC សម្រាប់ឆ្នាំ២០១៩ ដែលបានអនុញ្ញាតឲ្យរូបលោក និងសហការី បានចូលជួបសំដែងការគួរសម ក្នុងឱកាសមកចូលរួម កិច្ចប្រជុំពិគ្រោះយោបល់ ជាមួយប្រទេសដៃគូ អភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌ MRC លើកទី២៤ ។ លោក បានជម្រាបអំពីជំនួយអូស្រ្តាលី ដែលបានជួយដល់ការងារ របស់ MRC លើការគ្រប់គ្រងធនធានទឹក ឆ្លងដែន រហូតមកដល់ពេលនេះ។

ក្នុងកិច្ចជំនួប ភាគីទាំងពីរ បានពិភាក្សាដោយផ្តោតលើ វឌ្ឍនភាពការងារ, បញ្ហាប្រឈម តម្រូវការ និងអាទិភាព របស់ MRC ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាង MRC និងដៃគូអភិវឌ្ឍន៍ ដើម្បីគាំទ្រដល់ កិច្ចសហប្រតិបត្តិការតំបន់ សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃធនធានទឹក និងធនធានពាក់ព័ន្ធក្នុងអាងទន្លេមេគង្គ។

លោកឯកអគ្គរដ្ឋទូត តាងនាមដៃគូអភិវឌ្ឍន៍ បានបង្ហាញនូវការប្តេជ្ញាចិត្ត បន្តជួយដល់ការងារ MRC ឲ្យមានការវិវត្តរីកចម្រើន ជាបន្ថែមទៀត និងថាដោយឡែក សម្រាប់កិច្ចសហប្រតិបត្តិការ ទ្វេភាគី, អូស្រ្តាលី នឹងនៅតែរួមចំណែកជួយ សម្រាប់ការអភិវឌ្ឍកម្ពុជា និងដោយឡែកលើវិស័យ ធនធានទឹក ជាបន្តទៀត។

លោករដ្ឋមន្រ្តី ក្នុងនាមជាប្រធានក្រុមប្រឹក្សា MRC បានថ្លែងអំណរគុណ ដល់ប្រទេសអូស្រ្តាលី និងដៃគូអភិវឌ្ឍន៍ ផ្សេងទៀត ដែលនៅតែបន្តជួយ ដល់កិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌ MRC ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ក៏ដូចជាការប្តេជ្ញាចិត្ត របស់អូស្តា្រលី ក្នុងការបន្តជួយ ដល់ការអភិវឌ្ឍកម្ពុជា ផងដែរ។

សូមជម្រាបថា គិតរហូតមកដល់ពេលនេះ, អូស្ត្រាលី បានជួយ MRC ក្នុងរង្វង់ទឹកប្រាក់ ប្រមាណ២៧ លានដុល្លារ លើការងារ៖ ការកសាងសមត្ថភាពធនធានមនុស្ស និងស្ថាប័ន, ការគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ, ការរៀបចំផែនការអភិវឌ្ឍន៍អាង, ការរៀបចំប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃ និងផ្នែកមូលដ្ឋានទិន្នន័យជាដើម៕

To Top