ព័ត៌មានជាតិ

សមត្ថកិច្ច ចាប់ខ្លួនបានឃាតក វាយសម្លាប់ប្រពន្ធ នៅស្រុកពញាឮ កាលពី៥ថ្ងៃ​មុន

កណ្តាល​ ៖​ ប្តីឃោឃៅប្រើ ហិង្សាវាយសម្លាប់ប្រពន្ធ ​អោយរបួសធ្ងន់ រហូតដាច់ខ្យល់ស្លាប់ នៅ​វាលស្រែ​ ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្ដាល​កាលពី៥ថ្ងៃមុន​ ត្រូវបានសមត្ថកិច្ចចាប់​ខ្លួនហើយ​ ដោយកម្លាំងនគរបាលខេត្តកណ្ដាល សហការជាមួយកម្លាំង​ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ។

ក្រោយ​កើត​ករណីឃាតកម្មនេះឡើង​ កម្លាំងនគរបាលខេត្តកណ្ដាល បានសហការជាមួយកម្លាំង​ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង
កំណត់ទិសដៅបន្តស្វែង រកនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នៅតាមកោះតូចៗឆ្លង ទៅចំណុចភូមិកោះឬស្សី ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងបន្តរុករកនៅឆ្នុកទ្រូ​ ទើបដឹងតម្រុយថា ជនសង្ស័យបានបន្តគេចខ្លួន ពួនសំងំក្នុងព្រៃលិចទឹក ។

រហូត​មក​ដល់​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចរួមជាមួយប្រជាពលរដ្ឋ នៅបន្តស្វែងរកហើយបាន​រកឃើញ ទីកន្លែងលាក់ខ្លួន របស់ជនសង្ស័យមកស្នាក់នៅ កម្លាំងប៉ុស្តិ៍ និងមន្ត្រីជំនាញ បានហ៊ុមព័ទ្ធមួយយប់ទល់ភ្លឺ រហូតមកដល់ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា កម្លាំងផ្នែកជំនាញស្រុក និងការិយាល័យព្រហ្មទណ្ឌខេត្ត បន្តស៊ើបអង្កេតរកជនសង្ស័យ រហូតដល់ពេលល្ងាច និងពេលយប់ ដោយបានប្រើប្រាស់បន្ថែម ទូកម៉ាស៊ីនចំនួន០៥គ្រឿង ពេលព្រលប់សមត្ថកិច្ចរួមជាមួយប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបានស្វែងរក និងឃាត់ខ្លួនជនសង្ស័យជាប្ដី ដែលសម្លាប់ប្រពន្ធខ្លួនឯង។

គួររំឭកថា​ សពជនរងគ្រោះត្រូវបាន​ ប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ នៅ​វាល​ស្រែ ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចវាលស្រែ ស្ថិតក្នុងភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល បង្កឲ្យផ្អើលឆោឡោហើយបានរាយការណ៍ប្រាប់សមត្ថកិច្ច ។

សមត្ថកិច្ចបានឲ្យដឹងថា តាមការពិនិត្យធ្វើកោសលវិច័យឃើញថា សពស្ត្រីរងគ្រោះក្នុងភាពបាក់ដៃ និងផ្នែកក្បាលមានស្នាមកាប់ជម្រៅជ្រៅដល់លលាដ៍ក្បាលទៀតផង ។ ក្រោយ​ពិនិត្យចប់សព្វគ្រប់បានប្រគល់សពទៅឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ។

មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះ ឃុត សុផល ភេទប្រុសអាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខរោងចក្រ ។ ចំណែកស្រ្តីរងគ្រោះជាប្រពន្ធឈ្មោះ យ៉ាត ស្រីពៅ ភេទស្រីអាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកក្ដាមលក់ ។ ជនសង្ស័យ និងជនរងគ្រោះ មានទីលំនៅភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×