ព័ត៌មានជាតិ

សមាគមធុរកិច្ច ទីផ្សារបណ្ដាញកម្ពុជា អំពាវនាវ​ ដល់អ្នកទីផ្សារបណ្តាញ ប្រកបអាជីវកម្ម ដើរលើផ្លូវវិជ្ជាជីវៈ

ភ្នំពេញ៖ វឌ្ឍនភាព នៃវិស័យអាជីវកម្ម ទីផ្សារបណ្ដាញ​ កាន់រីកដុះដាលច្រើនឡើងៗ ប្រធានសមាគម សហព័ន្ធធុរកិច្ច ទីផ្សារបណ្ដាញកម្ពុជា បង្ហាញពីការព្រួយបារម្ភ ចំពោះជនឆ្លៀតឱកាសមួយចំនួន ឆក់យកឱកាស ធ្វើជាឈ្នាន់បោកប្រាស់ ប្រជាពលរដ្ឋ និងអ្នកប្រកបអាជីវកម្មដូចគ្នា ខណៈដែលសមាគមមួយនេះ ចង់អោយអ្នកទីផ្សារបណ្តាញ មកទទួលការបណ្តុះបណ្តាល ដើម្បីប្របកអាជីវកម្ម ដោយដើរលើផ្លូវវិជ្ជាជីវៈត្រឹមត្រូវ ចៀសជាងដើរផ្លូវខុសនាំឲ្យខាតបង់ និងប្រព្រឹត្តិខុសនឹងច្បាប់ ។

ដោយមើលឃើញ​ ពីបញ្ហាដ៏ព្រួយបារម្ភនេះហើយ លោកបណ្ឌិត ឡី សុភាព ប្រធានសមាគម សហព័ន្ធធុរកិច្ច ទីផ្សារបណ្ដាញកម្ពុជា កាលពីពេលថ្មីៗនេះ ក្នុងឱកាសអបអរសាទរ ពិធីបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ធុរកិច្ចទីផ្សារបណ្តាញ បានអំពាវនាវជាថ្មី ដល់អ្នកប្រកបអាជីវកម្ម ទីផ្សារបណ្ដាញ ក៏ដូចជាអ្នកលក់ផលិតផល តាមប្រព័ន្ធអនឡាញនានា សូមមកទទួលការបណ្ដុះបណ្ដាល ឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានចំណេះដឹងផ្នែកច្បាប់ អាជីវកម្ម ពាណិជ្ជកម្ម ក៏ដូចជាចំណេះដឹង ពាក់ព័ន្ធដទៃទៀត ក្នុងការយកទៅប្រើប្រាស់ សម្រាប់អាជីវកម្មរបស់ខ្លួន ជៀសវាងឱ្យបាន ពីការចាញ់បោក ជនទុច្ចរិតទាំងនោះ។

ចំពោះជនទុច្ចរិតនេះទៀតសោត ត្រូវបានប្រធានសមាគមរូបនេះ ព្រមានថាបើនៅតែប្រព្រឹត្ត អំពើល្មើសច្បាប់ បោកប្រាស់ប្រជាពលរដ្ឋតទៅទៀត គង់តែមានថ្ងៃ ជាប់ក្នុងសំណាញ់ច្បាប់ ជាក់ជាមិនខាន ដោយសមាគមរបស់លោក នឹងសហការជាមួយ កម្លាំងសមត្ថកិច្ច ចាត់វិធានការ ឱ្យបានតឹងរឹងបំផុត ។

លោក ឡី សុភាព បានបន្តថា ចំពោះអ្នកប្រកបអាជីវកម្មតាមអនឡាញ ក៏ដូចជាអ្នកទីផ្សារបណ្ដាញ ក៏អាចធ្លាក់ខ្លួនជាអ្នក បោកប្រាស់តៗគ្នា ដោយមិនដឹងខ្លួនផងដែរ ប្រសិនបើមិនបានយលដឹង អំពីផ្នែកច្បាប់ឱ្យបានច្បាស់លាស់ ហើយក៏អាចប្រឈម ចំពោះមុខច្បាប់ ដូចជនទុច្ចរិត ដែលដើរបោកប្រាស់ដំបូងគេនោះ ដូចគ្នាដែរ ព្រោះថា «គ្មានជនណាម្នាក់មិនដឹងមិនឮ អំពីច្បាប់ឡើយ»។

មិនតែប៉ុណ្ណោះ វាក៏បានផ្ដល់ផលប៉ះពាល់ ដល់សុខភាពខ្លួនឯង សុខភាពប្រជាពលរដ្ឋ ដែលជាអ្នកទិញផលិតផលរបស់ខ្លួន យកទៅប្រើប្រាស់ ធ្វើឱ្យគេអស់ជំនឿទុកចិត្តមកលើខ្លួន ដែលជាអ្នកលក់ផលិតផល តាមទីផ្សារបណ្ដាញ។ ក្រៅពីនេះ វាក៏ឈាន ទៅដល់បង្កបញ្ហានានា ដល់សង្គមផងដែរ ។

លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានខិតខំច្រើនណាស់ ក្នុងការធ្វើប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ តួយ៉ាងវិស័យទីផ្សារបណ្ដាញនេះ ក៏កំពុងមានការរីកចម្រើន គួរឱ្យកត់សម្គាល់ផងដែរ។

ជាការពិតណាស់ ក្នុងដំណាក់កាលបដិវត្តឧស្សាហកម្ម ៤.០ នាយុគសម័យនេះ អាជីវកម្មទីផ្សារបណ្ដាញ ក៏ដូចជាអាជីវកម្មតាមអនឡាញនៅកម្ពុជា បានរីកលូតលាស់ជាច្រើនអនេក ពិសេសនៅលើបណ្ដាញ Facebook នេះតែម្ដង ប៉ុន្តែពួកគេទាំងនោះ មិនបានយល់ដឹង ពីនីតិវិធីច្បាប់ ឬបញ្ហាពាក់ព័ន្ធនឹង អាជីវកម្មរបស់ពួកគេនោះទេ ជាហេតុបង្កឱកាស ដល់ជនទុច្ចរិត ដែលតែងតែដើរបោកប្រាស់អ្នកដទៃ។

ដូច្នេះក្នុងនាមជាវិស័យឯកជន ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ របស់រាជរដ្ឋាភិបាល លោកបណ្ឌិត ឡី សុភាព បានស្ម័គ្រចិត្តចូលខ្លួន ជួយបណ្ដុះបណ្ដាល អ្នកទីផ្សារបណ្ដាញ ទាំងឡាយនៅកម្ពុជា ឱ្យទទួលបាននូវចំណេះដឹងផ្នែកច្បាប់ និងចំណេះដឹងពាក់ព័ន្ធផ្សេងទៀត ខណៈដែលថ្មីៗនេះ រាជរដ្ឋាភិបាលបានប្រកាស ឱ្យអនុវត្តជាធរមាននូវច្បាប់ស្ដីពី អាជីវកម្មតាមប្រព័ន្ធអេឡិចត្រនិក រួចមកហើយនោះ។

សាធារណជនបានមើលឃើញថា នេះជាការផ្ដល់ឱកាស លើសពីពិសេសហើយ សម្រាប់អ្នកប្រកបអាជីវកម្ម ទីផ្សារបណ្ដាញ គ្រប់គ្នានៅកម្ពុជា ប៉ុន្តែប្រសិនបើពួកគេ មិនចាប់យកឱកាស មកទទួលការបណ្ដុះបណ្ដាលនោះទេ ពួកគេនឹងទទួលមកវិញ នូវផលវិបាកជាច្រើន នាពេលក្រោយជាជាពុំខាន ពីព្រោះច្បាប់ត្រូវបានដាក់ ឱ្យអនុវត្តជាធរមានរួចហើយ ហើយវិធានការចំពោះបទល្មើសនានា នឹងត្រូវអនុវត្តយ៉ាងតឹងរឹង ទោះបីអ្នកប្រព្រឹត្តដឹងខ្លួន ឬមិនដឹងខ្លួន ក៏នៅតែត្រូវទទួលទោសដូចគ្នា៕

To Top