ព័ត៌មានជាតិ

រដ្ឋមន្រ្តីធនធានទឹក អះអាងថា ការរក្សាទុកនិងប្រើប្រាស់ទឹក នៅតែជាអាទិភាព ខណៈកម្ពុជានឹងជួបគ្រោះរាំងស្ងួត

ភ្នំពេញ៖ ខណៈពេលដែលប្រទេសកម្ពុជា បាននិងកំពុងជួបនូវបញ្ហាគ្រោះរាំងស្ងួតលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានអះអាងថា ការរក្សាទុក និងប្រើប្រាស់ទឹក នៅតែជាអាទិភាពដ៏សំខាន់ សម្រាប់បច្ចុប្បន្ន និងទៅអនាគត។ នេះបើយោងតាមហ្វេសប៊ុក រដ្ឋបាលខេត្តកំពង់ស្ពឺ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សារាចរណែនាំ លេខ១១ សរណន ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាល ស្ដីពីការចាត់វិធានការថែរក្សាទឹកទុក ឆ្នាំ២០១៩ នៅថ្ងៃទី២៨ ខែវិច្ឆិកា លោក លឹម គានហោ បានលើកឡើងថា យោងតាមការព្យាករ ក៏ដូចជាស្ថានភាពជាក់ស្តែង បានបង្ហាញយ៉ាងច្បាស់ថា ក្នុងឆ្នាំ ២០១៩ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាប្រទេស ក្នុងតំបន់បានទទួលរង ឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ពីបាតុភូត អែលនីណូ(El Nino)ដោយបានបង្កឲ្យ មានកត្តាអវិជ្ជមាន ជាច្រើន ដូចជាធាតុអាកាស មានសភាពក្តៅហួតហែងខ្លាំង រដូវវស្សាមកដល់ មានសភាពយឺតយ៉ាវ របាយទឹកភ្លៀង មានភាពរអាក់រអួល មិនស្មើគ្នា របបទឹកទន្លេមេគង្គ មានការប្រែប្រួលខ្លាំង ពិសេសជំនន់ មានតែមួយលើក ហើយបន្ទាប់មក ក៏បានស្រកចុះជាបន្តបន្ទាប់ ដល់កម្រិតទាបបំផុតមួយ ដែលមិនធ្លាប់ជួបប្រទះ ក្នុងរយៈកាលកន្លងមក។

លោករដ្ឋមន្រ្តីបន្តថា បើទោះបី ជាចាប់ពីខែកក្កដា ឆ្នាំ ២០១៩បាតុភូត អែលនីណូ បានថមថយឥទ្ធិពល ជាបណ្តើរៗ ទន្ទឹមនឹងអាងទឹក នាពេកកន្លង មកបានរក្សាទឹកទុកស្ទើរ តែ១០០ភាគរយ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស យ៉ាងណាក្តីបញ្ហាគ្រប់គ្រង និងប្រើប្រាស់ទឹក នៅតែត្រូវបានចាត់ទុកជា អាទិភាព ដើម្បីបម្រើឲ្យស្រូវ ធ្ងន់ចុងរដូវវស្សា និងស្រូវរដូវប្រាំ) ២០១៩ -២០២០ និង ការប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់មានភ្លៀង កក់ខែនាឆ្នាំថ្មីបន្ត ។

សូមបញ្ជាក់ផងដែរថាយោងតាមស្ថានភាពដូចបានជម្រាបជូនខាងលើ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការណែនាំដូចខាងក្រោម ៖
១- ការងារបង្កបង្កើនផលស្រូវប្រាំង ក្នុងឆ្នាំ ២០១៩-២០២០ គឺអាចធ្វើបានតែ១ដង ប៉ុណ្ណោះដោយមិនអាចធ្វើស្រូវប្រាំង លើកទី២បានទេ បើទោះបីជាទឹក នៅតាមបណ្តាអាង ដែលបានរក្សាទុក និងកន្លែងមួយចំនួន ដែលមានទឹកជាធម្មជាតិ ក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ ប្រចាំថ្ងៃ និងការដាំដំណាំ រួមផ្សំផ្សេងទៀតក្រៅពីស្រែូវ ។

២- ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរូបចាត់វិធានការថែរក្សាទឹក ទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែ ការប្រើប្រាស់ប្រចាំថ្ងៃ តែប៉ុណ្ណោះ រហូតដល់ពេលមានភ្លៀង ធ្លាក់ល្អប្រសើរ ឡើងវិញ ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា អាស្រ័យដោយភូមិសាស្ត្រ និងលក្ខណៈពិសេស របស់ខេត្តស្ទើរតែជារៀងរាល់ឆ្នាំ គ្រោះទឹកជំនន់ និងគ្រោះរាំងស្ញួត បានគម្រាមកំហែង ជាបន្តបន្ទាប់ ជាពិសេសក្នុងឆ្នាំ ២០១៨ កន្លងទៅត្រូវជួបប្រទះ គ្រោះទឹកជំនន់ចំនួន ០៣ លើក ធ្វើឱ្យខូចខាត ផលដំណាំចំនួន ៤.៦០០ ហ.ត និងគ្រោះរាំងស្ងួតចំនួន ០១ លើក នៅក្នុងស្រុកសំរោងទងចំនួន ០៥ ឃុំ និងស្រុកគងពិសីចំនួន ០១ ឃុំ ដែលធ្វើឱ្យប៉ះពាល់ដល់សំណាប សន្ទូង និងផលដំណាំផ្សេងៗរបស់ប្រជាកសិករហើយបានជះឥទ្ធិពល ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជារាស្រ្តយើងថែមទៀតផង។

លោកអភិបាល បន្តថាដោយឡែក ក្នុងឆ្នាំ២០១៩ នេះគិតមកដល់បច្ចុប្បន្ន កម្រិតទឹកភ្លៀងជាមធ្យម ទូទាំងខេត្ត មានកម្ពស់១០១០.៣ មម បើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០១៨ ទាបជាងចំនួន ២៨៩.៩ មម ស្រុកដែលទទួលទឹកភ្លៀងតិចជាងគេមានស្រុកគងពិសី ឯក្រុង ស្រុកចំនួន ០៧ ទៀត បានទទួលទឹកភ្លៀងជាមធ្យម ។ ឆ្នាំនេះការងារ បង្កបង្កើនផលស្រូវរដូវវស្សា ត្រូវជួបការលំបាក និងយឺតយ៉ាវបន្តិចមែន ប៉ុន្តែយើងនូវតែ អនុវត្តបានចំនួន ១១៤.៩៩៤ ហ.ត ស្មើនឹង១០១.២៣% នៃផែនការ ១១៣.៦០០ ហ.ត លើសផែនការចំនួន ១.២៣% ។ ហើយសម្រាប់ការងារប្រមូលផលស្រូវស្រាល និងស្រូវកណ្តាល យើងទើបតែនឹងអនុវត្តបានចំនួន ១១.០៩១ ហ.ត ស្មើនឹង ៩.៦៤% តែប៉ុណ្ណោះ ។ ហើយសង្ឃឹមថា នូវប៉ុន្មានថ្ងៃខាងមុខនេះ យើងនឹងខិតខំធ្វើឱ្យសម្រេច បានទៅតាមផែនការ ។ កន្លងមកយើងតែងជួបបញ្ហាប្រឈមទឹកជំនន់ និងគ្រោះរាំងស្ងួតជារឿយៗ ដែលទឹកជំនន់ទឹកភ្លៀង តែងតែកើតមាននូវ ពាក់កណ្តាលខែតុលា ដល់ពាក់កណ្តាលខែវិច្ឆិកា នៅតាមតំបន់ក្បែរៗស្ទឹង មានរយៈពេលខ្លី មិនបង្កការខូចខាតធ្ងន់ធ្ងរ ដល់ដំណាំកសិកម្មឡើយ ។ ហើយគ្រោះរាំងស្ងួតតែងតែជួបប្រទះជារៀងរាល់ឆ្នាំ(កូនរដូវប្រាំងតែងកើតមានចន្លោះពីពាក់កណ្តាលខែកក្កដា ដល់ពាកកណ្តាលខែកញ្ញា) មានស្រុកបីគឺ ស្រុកគងពិសី ស្រុកសំរោងទង ស្រុកភ្នំស្រួច សម្រាប់ឆ្នាំ២០១៩នេះ បរិមាណទឹកភ្លៀងបានតែប្រមាណ ៩០០ មម បង្កឲ្យមានផលប៉ះពាល់ដល់ស្រូវប្រមាណពី ៧‍-៨ %។

ទន្ទឹមនឹងនេះដែរ ស្ថិតក្នុងស្ថានភាព ការណ៍ លំបាកនេះដោយមាន ជួយឧបត្ថម្ភជ្រោមជ្រែង ពីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានខិតខំប្រឹងប្រែងប៊ូមទឹក ជួយអន្តរាគមន៍សង្គ្រោះ ស្រូវរដូវវស្សាឆ្នាំ ២០១៩ នេះនៅទូទាំង ០៨ ក្រុង ស្រុក ដែលជួបប្រទះគ្រោះរាំងស្ងួត សរុបបានចំនួន ៣.៤១៦ ហ.ត ៕

ដោយ បាន ធារ៉ូ

To Top