ព័ត៌មានជាតិ

ក្រុមមេធាវី ត្រៀមខ្លួនឡើងការពារ លោក កឹម សុខា រសៀលថ្ងៃស្អែក ករណីប្តឹងឧទ្ធរណ៍ នឹងដីកាបញ្ជូនជំនុំជម្រះ

ភ្នំពេញ៖ សហមេធាវីការពារក្តីលោក កឹម សុខា បានតាំងចិត្តនិងត្រៀមលក្ខណៈ រួចរាល់ដើម្បីឡើងការពារសិទ្ធិកូនក្តីនៅ រសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នៅចំពោះមុខ សភាស៊ើបសួរ សាលាឧទ្ធរណ៍ ក្នុងករណីប្តឹងឧទ្ធរណ៍នឹងដីកាបញ្ជូនទៅជំនុំជម្រះ ។ នេះបើតាមហ្វេសប៊ុកលោក មេធាវី ចាន់ ចេន នាព្រឹកថ្ងៃ៨ ធ្នូ។

ការលើកឡើងរបស់លោកនេះ ក្រោយពីសាលាឧទ្ធរណ៍បានចេញលិខិត អញ្ជើញលោក និងមេធាវីផ្សេងទៀត ឲ្យការពារសិទ្ធិ លោក កឹម សុខា កាលពីថ្ងៃ៥ ធ្នូ។

លោក ចាន់ ចេន បន្តថា “ទោះបីបានលទ្ធផលយ៉ាងណា ក៏ដោយ វាជាការ សម្តែង ឆន្ទៈរបស់កូនក្តី និងសហមេធាវីការពារសិទ្ ធិក្នុងការតស៊ូលើសមរភូមិច្បាប់” ។

ជាមួយគ្នានេះលោកថា ក្នុងនាមជាខ្មែរគួរតែនាំគ្នាងាកមកស្វែងរក ដំណោះស្រាយ ដោយចាប់ផ្តើមរួមគ្នាស្រាយនូវបញ្ហាណា ដែលបះពាល់ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋជាអាទិភាព ដើម្បីមានឱកាសឈានទៅកសាងអនាគត យូរអង្វែងសម្រាប់ អ្នកជំនាន់ក្រោយឲ្យប្រសើរឡើង។

កាលពីថ្ងៃ៣ ធ្នូ លោកមេធាវី ចាន់ ចេន, មេធាវី ម៉េង សុភារី, មេធាវី ផែង ហេង និងមេធាវី ជា ច័ន្ឋស័ក្តិ ជាអ្នក ការពារសិទ្ធិឲ្យលោកកឹម សុខា បានប្តឹងឧទ្ធរណ៍ នឹងដីកាបញ្ជូនទៅជំនុំជម្រះចុះថ្ងៃ២ ធ្នូ របស់ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានី ភ្នំពេញ ដែលត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ សន្និដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តនៅកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៧ ៕

To Top