ព័ត៌មានជាតិ

ភាពយន្តចល័ត កម្ពុជា-ចិន បានមកដល់ ត្បូងឃ្មុំហើយ

​ភ្នំពេញ៖ ចំណងមេត្រីវប្បធម៍កម្ពុជា-ចិន កាន់តែរឹងមាំស៊ីជម្រៅ តាមរយៈការ ចាក់បញ្ចាំងភាពយន្តចល័ត លើផ្ទាំងសំពត់ស បង្ហាញពលរដ្ឋខេត្តត្បូងឃ្មុំ ជាលើកដំបូង និងជាលើកទី៤ នៅទូទាំងប្រទេស។ នេះបើតាមហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ដំណើរភាពយន្តចល័ត ចិន-កម្ពុជា ដ៏ឆ្នើមលើកទី៤ ដែល បានចាប់ផ្តើមពីថ្ងៃទី៦ វិច្ឆិកា ដល់ថ្ងៃទី១៥ ធ្នូ ដែលរៀបចំដោយ ស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរាត្រីថ្ងៃទី៧ ខែធ្នូ បានមកដល់ខេត្តត្បូងឃ្មុំហើយ ។ ការដាក់បញ្ចាំង ខ្សែភាពយន្តនេះធ្វើឡើង នៅសួនច្បារ មាត់ទន្លេសិប្បនិមិត្ត នៃរដ្ឋបាលខេត្តត្បូងឃ្មុំ ។

បើតាមលោក កង ច័ន្ទីរិទ្ធិ ប្រធានមន្ទីវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តត្បូងឃ្មុំបានឲ្យដឹងថា កម្មវិធីនេះពិតជាមាន សារៈសំខាន់សម្រាប់ប្រជាជន ពិសេសយុវជន ឲ្យកាន់តែយល់ ច្បាស់ពីប្រពៃណី ទំនៀមទំលាប់ របស់ប្រទេសទាំង២ កម្ពុជា ចិន ដែលបានរិតចំណង សាមគ្គីដ៏ល្អជាយូរមកហើយនោះ ។

ជាមួយគ្នានោះដែរ លោក រតនា រ៉ាយុទ្ធ ដែលជាអ្នកដឹកនាំក្រុមការងារចាក់បញ្ចាំង ភាពយន្តចល័តចិន-ខ្មែរ លើកទី៤នេះ បញ្ជាក់ថា ព្រឹត្តិការណ៍នេះធ្វើឡើង ស្របពេលរដ្ឋាភិបាលចិន និងកម្ពុជាបានចាត់ទុក ជាឆ្នាំនៃការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ ក៏ដូចជាជួយជំរុញ ឲ្យមានការពង្រឹង កិច្ចសហប្រតិបត្តិការ លើវិស័យវប្បធម៌ សិល្បៈ ភាពយន្តរវាងកម្ពុជា និងចិនកាន់តែស៊ីជម្រៅ និងមានចំណងមេត្រីភាពកាន់តែរឹងមាំ មួយកំរិតទៀត។

ភាពយន្ត ដែលបានចាក់បញ្ចាំង នៅខេត្តត្បូងឃ្មុំ មានរឿងអ្នក ចម្បាំងចចក ជាភាពយន្តចិន និងរឿងខ្មែរ មានចំណងជើងថា លោកឪពុក។

គួររម្លឹកថា ព្រឹត្តិការណ៏ ដំណើរតាយន្តចល័ត ចិន-ខ្មែរដ៏ឆ្នើម នេះបានចប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១៦ ដែលរៀបចំ ដោយក្រុមការងារ ចាក់បញ្ចាំងភាពយន្ត មកពីវិទ្យុមិត្តភាពកម្ពុជា-ចិន និងបានធ្វើដំណើរទៅកាន់ ២០ រាជធានី-ខេត្ត នៃប្រទេសកម្ពុជា ដោយបានធ្វើដំណើរ ដល់ទីជនបទ ដាច់ស្រយាល សហគមន៍សាលារៀន បន្ទាយយោធា និងតំបន់សេដ្ឋកិច្ច ពិសេសដើម ដែលមានប្រជាជនលើសពី ១០ម៉ឺន នាក់បាន ចូលរួមទស្សនា៕

To Top