ព័ត៌មានជាតិ

លោកស្រី ម៉ែន សំអន៖ រដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យ​ឯកជន ជាក្បាលម៉ាស៊ីន នៃការ​អភិវឌ្ឍន៍

ស្វាយរៀង៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្រ្ដ​ ចតុ​កោណ​​ដំ​ណាក់​កាល​ទី៤ ដើម្បី​កំណើន ​​ការងារ សមធម៌ និង​ប្រសិទ្ធភាពនៅកម្ពុជា បានចាត់ទុក វិស័យ​ឯកជនជាក្បាលម៉ាស៊ីន នៃការ​អភិវឌ្ឍន៍ និងបានបង្កលក្ខណៈ ងាយស្រួល​ និង​​ជម្រុញ​វិស័យឯកជន ឲ្យលូតលាស់ ដើម្បីរួមចំណែក ​អភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

ការថ្លែង របស់លោកស្រីម៉ែន សំអន បែបនេះ នៅក្នុងឱកាសសម្ពោធក្រុមហ៊ុន សូយ៉ាង ដេខ័រេធីវ​ឡៃធីង (SO YANG Decorative Lighting (Cambodia) Co.Ltd) តំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គារីសស៍ (GIGA Resources SEZ) ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង នៅថ្ងៃទី១៤ ខែ ខែធ្នូ ឆ្នាំ២០១៩។ ពិធីនេះមានការចូលរួម ពីលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ​និងលោក លី វ៉ា មីង (Lee Hwa Ming) អគ្គនាយក ក្រុមហ៊ុនសូយ៉ាង ដេខ័រេធីវ​​ឡៃធីងព្រមទាំងមន្ត្រីរាជការ កម្មករកម្មការិនី ជាច្រើននាក់ផងដែរ។

លោកស្រី ម៉ែន សំអន បានថ្លែងនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខ ដល់បងប្អូនកម្មករ កម្មការិនី និងមន្ត្រីរាជការ កងកម្លាំងអ្នកវិនិយោគទុនទាំងអស់ មកបណ្តាក់ទុនរកសុី នៅខេត្តស្វាយរៀង ផងដែរ។

លោកស្រីម៉ែន សំអន បានបន្តថាក្រុមហ៊ុនដ៏ធំនេះ បានបង្កើតឡើង លើផ្ទៃដីដល់ទៅ ១១.៥​ ហិកតា​ មានជំនាញខាងផលិតអំពូលភ្លើងលំអ ដើម្បីនាំចេញទៅលក់ នៅក្រៅប្រទេស។​ នេះពិតជាសមិទ្ធផល និងមោទនភាព​របស់ខេត្តស្វាយរៀង​យើង ដែល​ក្លាយជា​មូលដ្ឋានឧស្សាហកម្មមួយ ជាមួយ​នឹងទុនវិនិយោគជាច្រើន គម្រោងនេះ​ពិតជាផ្តល់ការងារ ដល់ពលករ​ក្នុងស្រុក ផ្តល់ចំណូល​ជាពន្ធដារនានា រួមចំណែក​អភិវឌ្ឍ ​ព្រះរា​ជាណាចក្រកម្ពុជា ជាពិសេស ខេត្តស្វាយរៀង ​ឱ្យកាន់តែជឿនលឿន ថែមទៀត។នេះក៏ការ​ឆ្លុះបញ្ចាំង ​នូវជំនឿជឿជាក់ ពីអ្នកវិនិយោគបរទេស លើព្រះរាជាណាចក្រកម្ពុជា​ ដែលមាន សុខសន្តិភាពពេញលេញស្ថិរភាពនយោបាយ​ រឹងមាំ និងការអភិវឌ្ឍន៍ លើគ្រប់វិស័យ​យ៉ាងឆាប់រហ័ស។

លោកស្រីបានបន្តថា ក្នុងរយៈ​ពេលប្រហែល២០​ឆ្នាំ​ចុងក្រោយ​នេះ ប្រទេសកម្ពុជា មាន​កំណើន​​​​ សេដ្ឋកិច្ច​ជាមធ្យមប្រមាណ​ ៧% ដែលនាំឲ្យចំណូល របស់​ប្រជាជន ​​​យើង​មាន​ការកើន​ឡើង និងមានជីវភាព កាន់តែធូធារផងដែរ​។ ​ដោយឡែក វិស័យ​​​​​ឧស្សាហកម្មក៏កំពុងរីកចំរើន យ៉ាងខ្លាំង ដោយសារយើងមាន គោលនយោបាយ លើកទឹកចិត្តអ្នកវិនិយោគ និងមាន​ប្រព័ន្ធ​ហេដ្ឋារចនា​សម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស ស្ពានអ្នកលឿង​ ផ្លូវទឹក​ដែលត្រូវបានស្ដារឡើងវិញ ឲ្យ​កាន់តែទំនើប និងជាប់​​​ប្រទាក់​​ក្រឡា​គ្នា នៅពាសពេញប្រទេស  ធ្វើឲ្យការធ្វើដំណើរ ​និង​ដឹកជញ្ជូនកាន់​តែងាយស្រួល។

ពិតជាជំរើសដ៏ត្រឹមត្រូវ ព្រោះ​ខេត្តស្វាយរៀង គឺជាច្រកទ្វារទិសបូព៌ា​ នៃ​ប្រទេស​​​​កម្ពុជា ដែលភ្ជាប់កម្ពុជា ទៅពិភពលោក តាមរយៈ​ប្រទេសវៀតណាម ។ ដូច្នេះ ខេត្តនេះ​មានសក្តានុពលភាព ​​ផ្នែកឧស្សាហកម្ម និង​​​​​ទីតាំងយុទ្ធសាស្រ្តដ៏ល្អ។​

លោកស្រីម៉ែន សំអនបានស្នើ ដល់ក្រុមហ៊ុន សូមធ្វើប្រតិបត្តិការអាជីវកម្ម ​ដោយគោរពតាមច្បាប់ និងលិខិតបទដ្ឋាន ជាធរមាន​ របស់ព្រះរាជាណាចក្រកម្ពុជា ម៉្យាងទៀត ក្រុមហ៊ុនត្រូវផលិត និងផ្តល់សេវា ប្រកប​ដោយ​គុណភាព និងតម្លៃសមរម្យ​ ដែលអាចទទួលយកបាន ដោយគិតពីផលប្រយោជន៍ និងកេរ្ថិ៍ឈ្មោះ​យូរអង្វែង។​ ហើយការអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម មិនអាចធ្វើឡើងតែឯកឯង បានទេ ពោល​​​ គឺត្រូវអភិវឌ្ឍជា​អន្តរវិស័យ រួមគ្នាជាច្រើន ដូចជា ប្រព័ន្ធផ្លូវ ទូរគមនាគមន៍អគ្គិសនី ទឹកស្អាត សួនច្បារ ទីកំសាន្ត​សាធារណៈ និងត្រូវ​ធានា​​ឲ្យបាន នូវសន្ដិសុខ និងសណ្តាប់​ធ្នាប់។ល។  

លោកស្រីបានផ្តាំផ្ញើ ដល់អាជ្ញាធរខេត្តស្វាយរៀង ត្រូវធានាសន្តិសុខ សណ្តាប់ធ្នាប់ ត្រូវផ្តល់កិច្ចសហការល្អ បង្ករលក្ខណៈងាយស្រួល និងជួយសម្រួល ដល់អ្នកវនិយោគគិន គ្រប់បែបយ៉ាង ដែលមានបំណង មកបណ្តាក់ទុនវិនិយោគនៅខេត្តស្វាយរៀងស្របតាមអានុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរក្សាចាស់ និងការបង្កើនអ្នក វិនិយោគថ្មី៕

To Top
×