ព័ត៌មានជាតិ

សម្តេចតេជោ អញ្ជើញបើក ពិព័រណ៍ផលិតផលខែ្មរ និងទំនិញនាំចេញ-នាំចូល

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ បើកពិព័រណ៍ ផលិតផលខែ្មរ និងទំនិញនាំចេញនាំចូល នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។

ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៤ កម្រិតអន្តរជាតិឆ្នាំ២០១៩ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រ និងការចូលរួមយ៉ាង សកម្ម ពីប្រទេសជាមិត្ត ក្នុងតំបន់ដូចជា ប្រទេសចិន, ជប៉ុន, ឥណ្ឌូនេស៊ី, ថៃ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, វៀតណាម និងប្រទេសឡាវ ព្រមទាំងមន្ទីរពាណិជ្ជកម្មកម្ពុជា ទាំង២៥ រាជធានី-ខេត្ត, សភាពាណិជ្ជកម្មកម្ពុជា, សហព័ន្ធស្រូវអង្ករ, អង្គការ, សមាគមអាជីវកម្ម, ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេសដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។

ពិព័រណ៍នេះមានស្ដង់ សរុបចំនួន៣៧២ស្ដង់ ហើយទំនិញ និងសេវាជាច្រើនប្រភេទ ត្រូវបានដាក់តាំងបង្ហាញ រួមមាន៖ ផលិតផលកសិកម្មកសិ-ពាណិជ្ជកម្ម ផលិតផលសិប្បកម្ម ផលិតផលធ្វើពីសូត្រអង្ករ ម្រេច ដំឡូងមី វត្ថុអនុស្សាវរីយ៍សម្ភារៈការិយាល័យ ក្រណាត់ និងសម្លៀកបំពាក់សម្ភារៈ ប្រើប្រាស់ទូទៅផលិតផល សម្រាប់តុបតែង ក្នុងគេហដ្ឋាន គ្រឿងអលង្ការ និងត្បូងថ្ម មានតម្លៃ ផលិតផល ឱសថបរិក្ខារពេទ្យ និងគ្រឿងសម្អាង ម្ហូបអាហារកែច្នៃនិងភេសជ្ជៈ គ្រឿងឧបភោគ-បរិភោគ ផលិតផលបា្លស្ទីក គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់ គ្រឿងសង្ហារិមផលិតផលពាក់ព័ន្ធ វិស័យទូរគមនាគមន៍ និងព័ត៌មានវិទ្យា គ្រឿងម៉ាស៊ីន សម្ភារៈសំណង់ ផលិតផលបម្រើឲ្យ សេវាសណ្ឋាគារ ទេសចរណ៍ សេវាអប់រំ សេវាធនាគារ និងគម្រោងវិនិយោគ ជាដើម ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top