ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី ប្រកាសឈប់ទទួលយក ការបរិច្ចាគ សម្រាប់ធ្វេីទំនេីបកម្ម មន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ៖ ដោយសង្កេតឃេីញថា ថវិកាដែលទទួលបានពីសប្បុរសជន ក្នុងការធ្វេីទំនេីបកម្មមន្ទីរពេទ្យកាល់ម៉ែត ល្មមគ្រប់គ្រាន់ដើម្បី ចំណាយលើ ការសាងសង់ និងបំពាក់សំភារៈបរិក្ខារនោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាស បញ្ចប់ការទទួល យកនូវការបរិច្ចាគពី សប្បុរសជន ចាប់ពីម៉ោង៧យប់ ថ្ងៃទី ១៦ខែធ្នូ ឆ្នាំ២០១៩ នេះតទៅ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសរសេរនៅលេីបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ថា បន្ទាប់ពីការអំពាវនាវរបស់ខ្ញុំ ដើម្បីជួយដល់មន្ទីរពេទ្យកាល់ម៉ែត មកដល់ម៉ោង១៧ ថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៩នេះ សប្បុរសជនដែលបានចូលរួម បានថវិកាសរុបចំនួន 74,553,536$ និងជាប្រាក់រៀលចំនួន271,514,700រៀល បើគិតទាំងថវិការដ្ឋ 30លានដុល្លារផង មានចំនួន104,553,536$និង 271,514,700រៀល។

សម្ដេចក៏បានថ្លែងអំណរគុណ ចំពោះសប្បុរសជនដែល បានបរិច្ចាគដើម្បី សង្រ្គោះជិវិតមនុស្ស តាមរយៈការធ្វើទំនើបកម្ម មន្ទីរពេទ្យកាល់ម៉ែត ឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែក របស់ជាតិ ដែលមាន លក្ខណៈទំនើបនិងពហុឯកទេស។

សម្ដេចសរសេរបន្ថែមថា “ដោយថវិកាដែលទទួលបានល្មម គ្រប់ គ្រាន់ដើម្បី ចំណាយលើ ការសាងសង់ និងបំពាក់សំភារៈបរិក្ខារ សម្រាប់មន្ទីរ ពេទ្យកាល់ម៉ែត រួចហើយខ្ញុំសូមប្រកាស បញ្ចប់ការទទួល យកនូវការបរិច្ចាគពី សប្បុរសជន ចាប់ពីម៉ោង១៩.00 ថ្ងៃទី ១៦ខែធ្នូ ឆ្នាំ២០១៩តទៅ “។

សម្ដេចតេជោ ក៏បានជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខសេចក្តីចំរើនផងដែរ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top