ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តម្កល់មនោសញ្ចេតនាចំពោះ អតីតលោកគ្រូអ្នកគ្រូ និងមិត្តរួមជំនាន់ ជារឿងសំខាន់!

ក្រោមការផ្តួចផ្តើមរបស់លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើ ផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ នាបរិវេណវិទ្យាល័យ បាក់ទូក នៃរាជធានីភ្នំពេញ មានការប្រារព្ធពិធីជួបជុំ ដ៏ធំមួយ ដែលរៀបចំឡើងដោយក្រុម អាឌិតមិត្តរួមជំនាន់ នៃសាលាទូកអំឡុងឆ្នាំ១៩៨០-១៩៨៩ ក្នុងពិធីដ៏អធឹកអធមមួយនេះ គេឃើញមានវត្តមាន របស់អតីតលោកគ្រូអ្នកគ្រូ នៃសាលាបាក់ទូក លោកនាយក នាយករង លោកគ្រូអ្នកគ្រូវិទ្យាល័បាក់ទូកបច្ចុប្បន្ន និង ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អតីតមិត្តរួមជំនាន់ ព្រមទាំងក្រុមគ្រួសារមិត្តភក្តិផ្សេងទៀត យ៉ាងច្រើនកុះករ។

នេះគឺជាលើកទី៣ហើយ ដែលក្រុមអតីតមិត្តរួមជំនាន់ របស់លោក រ័ត្ន ស្រ៊ាង បានរៀបចំបង្កើតកម្មវិធីជួបជុំនេះឡើង ជាប្រចាំឆ្នាំ។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានលើកឡើងថា មាតាបិតាគឺជាអាចារ្យទីមួយ ដែលបានបង្រៀនកូន ឱ្យចេះនិយាយ ចេះដើរ ចេះឈរ ចេះស្លៀកពាក់ ចំណែកគ្រូបង្រៀន គឺជាអាចារ្យទី២ ដែលផ្ដល់ចំណេះដឹង ចំណេះវិជ្ជា ទៅដល់សិស្ស។ គុណូបការៈ របស់គ្រូប្រកបដោយមេត្ដា ករុណា មានព្រហ្មវិហារធម៌ចំពោះសិស្សគ្រប់ៗគ្នា មិនខុសពីមាតាបិតា ដែលមានសន្ដាន ចិត្ដទៅលើកូនឡើយ។ ដូច្នេះបន្ទាប់ពីមាតាបិតា លោកគ្រូអ្នកគ្រូគឺជា បុគ្គលដែលមានតម្លៃ មានគុណូបការៈដ៏ខ្ពង់ខ្ពស់គួរឲ្យ គោរពបំផុត។

លោកគ្រូអ្នកគ្រូអប់រំបង្រៀនយើង មិនដែលចង់បានការតបស្នងអ្វីពីយើងវិញនោះទេ ក្រៅពីចង់ឲ្យយើងចេះ កសាងខ្លួនឲ្យបានល្អ តាំងចិត្តធ្វើជាធាតុមួយនៃសង្គមដែលមានតម្លៃ ចេះគោរពច្បាប់រដ្ឋ ច្បាប់សាលា ច្បាប់សង្គម ច្បាប់គ្រួសារ និងយកចិត្ដទុកដាក់ក្នុងការសិក្សារៀនសូត្រ ឲ្យស្មើនឹងទឹកចិត្តដែលលោកប្រឹងបង្រៀន។

ក្នុងអារម្មណ៍របស់គ្រូ តែងមានភាពសប្បាយរីករាយបំផុត នៅពេលឃើញ សិស្សានុសិស្សរបស់លោកខិតខំស្វែងរកវិជ្ជា កសាងចរិយាថ្លៃថ្នូរ រៀបចំមារយាទឲ្យល្អប្រពៃ បណ្ដុះស្មារតីគុណធម៌ ប្រព្រឹត្តតែអំពើជាសីលធម៌ មានអនាគតរីកចម្រើនថ្កុំថ្កើង ក្នុងផ្លូវសុច្ចរិត ប្រៀបដូចជាពន្លឺដ៏សែនត្រជាក់របស់ព្រះចន្ទដែលតែងតែ ជាទីចូលចិត្តនៃមនុស្សសត្វទាំងពួង ។

រីឯមិត្តភាព គឺជាផ្នែកដ៏សំខាន់មួយជួយឲ្យជីវិតយើងម្នាក់ៗ រស់នៅប្រកបដោយភាពស្រស់ស្រាយ រីករាយ ដែលជា ឥទ្ធិពលជួយដល់សុខភាព និងសុខុមាលភាពរបស់យើងគ្រប់គ្នា។ មិត្តភ័ក្តិគឺជាអ្នកដែល ចេះជួយយកអសារ ជួយប្រឹក្សាយោបល់ នៅពេលដែលអ្នកមានអាសន្ន ជួយអបអរនៅពេលដែលអ្នកសប្បាយចិត្ត ជួយរំលែកទុក្ខ ជួយដោះស្រាយ និងគាំទ្រស្មារតីយើង ពេលដែលមានទុក្ខលំបាក។ មិត្តភ័ក្តិគឺជាអ្នកដែលជួយឲ្យយើងបំបាត់នូវភាពឯកោ កាត់បន្ថយនូវភាពតប់ប្រមល់ និងផ្តល់នូវភាពស្និទ្ធស្នាលដល់យើង ធ្វើឲ្យយើងយល់ថាខ្លួនឯងមានតម្លៃ។

ដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ចំពោះអតីតលោកគ្រូអ្នកគ្រូ ក៏ដូចជាមិត្តរួមជំនាន់នេះហើយ បានធ្វើឲ្យលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្តួចផ្តើមគំនិត ស្វែងរកការទំនាក់ទំនងជាមួយអតីត លោកគ្រូអ្នកគ្រូ ក៏ដូចជាមិត្តភ័ក្តិ ដែលបានបែកគ្នា ទៅមានគ្រួសារ មានការងារ រស់នៅដោយជីវិតរៀងៗខ្លួន អស់រយៈពេលជាច្រើនឆ្នាំ ដែលមិត្តខ្លះធ្វើការធំ មានងារជាឯកឧត្តម មិត្តខ្លះធ្វើជំនួញ ក្លាយជាឧកញ៉ា មិត្តខ្លះក៏នៅធម្មតា និងមានមិត្តខ្លះ បានផ្លាស់ទៅនៅ ឯនាយសមុទ្រ ឆ្លងទ្វីប រាប់ពាន់គីឡូម៉ែត្រ មកចងក្រងជាក្រុមមួយទំនាក់ទំនងគ្នា តាមបណ្តាញ WhatsApp បង្កើតបាននូវមនោសញ្ចេតនាស្និទ្ធស្នាល សប្បាយរីករាយ និងបានជួយគ្នាជាបន្តបន្ទាប់ គ្រប់ពេលដែលមានមិត្តណាធ្លាក់ខ្លួនជួបការលំបាកឬមានជម្ងឺ រហូតបានរួមគ្នាបង្កើតជា ពាក្យស្លោក ប្រចាំក្រុមមួយថា ” សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក”។

រយៈពេល៣ឆ្នាំកន្លងមក អតីតមិត្តរួមជំនាន់ នៃសាលាទូកមួយក្រុមនេះ បានចូលរួមគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួនជា បន្តបន្ទាប់ រហូតបានដល់ទៅ 139,433 $ ដោយក្នុងនោះ ពួកគេយក ទៅប្រើប្រាស់ ក្នុងការ កសាងសមិទ្ធិផល ក្នុងសាលា មានបង្គន់ទំនើប តារាងបាល់បោះ តារាងបាល់ទាត់ និងសមិទ្ធិផល ផ្សេងៗទៀត, ជូនដល់អតីតលោកគ្រូ អ្នកគ្រូដែលមាន ជម្ងឺនិងជូន ជារួម ក្នុងឱកាសកម្មវិធីផ្សេងៗ, ជួយដល់មិត្តរួមជំនាន់ដែល ជួបការលំបាក ជួបអាសន្ន ឬ មានជម្ងឺចូលសម្រាក ព្យាបាល នៅមន្ទីរពេទ្យ និងបានប្រើប្រាស់ ក្នុងការ រៀបចំកម្មវិធី ជួបជុំគ្នា ប្រចាំឆ្នាំ ជារៀងរាល់ឆ្នាំផងដែរ។

ដោយឡែកក្នុងកម្មវិធីជួបជុំឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានរៀបចំអំណោយ ជូនដល់អតីត លោកគ្រូអ្នកគ្រូ ចំនួន៤១នាក់ ដោយក្នុងម្នាក់ៗទទួលបាន អំណោយភេសជ្ជៈចំនួន២កែស ថវិកា១០០ដុល្លារ ព្រមជាមួយនោះ លោកស្រី ចាន់ សាណា ភរិយា របស់អគ្គនាយក ក្រុមហ៊ុនឱសថ PPM ក៏បានឧបត្ថម្ភបន្ថែម ជូនដល់អតីតលោកគ្រូអ្នកគ្រូ នូវថ្នាំពេទ្យប្រើប្រាស់ប្រចាំថ្ងៃ រួមមានឱសថបំបាត់រោគសញ្ញា ឈឺចុកចាប់និងគ្រុនក្តៅ, ឱសថបំបាត់រាគរូស, ឱសថបំបាត់ផ្តាស់សាយ និងឱសថ បំបាត់ក្អកស្ងួត ដោយលោកគ្រូ អ្នកគ្រូម្នាក់ៗទទួលបានថ្នាំចម្រុះ ២ប្រអប់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top