ព័ត៌មានជាតិ

រដ្ឋមន្រ្តីឧស្សាហកម្មស្នើអាល្លឺម៉ង់ បន្តជួយផ្នែកបច្ចេកទេស និងបណ្តុះបណ្តាលធនធានមនុស្ស នៅកម្ពុជា

ភ្នំពេញ ៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម តាមរយៈលោក Cristsian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជាបានស្នើភាគីអាល្លឺម៉ង់បន្តជួយជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។ នេះបើយោងតាមហ្វេសប៊ុកក្រសួងឧស្សាហកម្ម។

ក្នុងជំនួបជាមួយលោក Cristsian Berger នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ លោក ចម ប្រសិទ្ធ បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-អាល្លឺម៉ង់ដែលមានតាំងពីដើម ហើយអាល្លឺម៉ង់ក៏ជាប្រទេសមួយ បានរួមចំណែកជាច្រើនដល់ការអភិវឌ្ឍនៅកម្ពុជា ។ ក្នុងនោះក៏មានកិច្ចសហការផ្តល់ជំនួយបច្ចេកទេសក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្សដល់មន្ត្រីក្រសួងផងដែរ ។

ចំណែកលោក Cristsian Berger បង្ហាញចំណាប់អារម្មណ៍ទាក់ទងវិស័យសហគ្រាសធុនតូច និងមធ្យមព្រោះចាត់ទុកវិស័យនេះមានសារៈសំខាន់ក្នុងខឿនសេដ្ឋកិច្ចជាតិ ។

លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានចាត់ទុកអាល្លឺម៉ង់មិនត្រឹមជាប្រទេសមានឧស្សាហកម្មជឿនលឿនទេ តែផ្នែកសហគ្រាសធុនតូច និងមធ្យម ក៏មានការរីកចម្រើនទន្ទឹមគ្នាផងដែរ ។ ចំពោះកម្ពុជាវិញវិស័យនេះមានរហូតដល់៩៩% ស្មើប្រមាណជាង៥សែនមូលដ្ឋាន ប៉ុន្តែក្នុងចំណោមនោះមានតែ៥%ប៉ុណ្ណោះ ដែលបានមកចុះបញ្ជីទទួលស្គាល់តាមច្បាប់ ។ ការងារនេះក្រសួងកំពុងលើកទឹកចិត្ត ហើយក៏អំពាវនាវ ឲ្យវិស័យសហគ្រាសធុនតូច និងមធ្យមមកចុះបញ្ជីទទួលស្គាល់ឲ្យបានច្រើនជាអតិបរមាដើម្បីក្រសួងងាយស្រួលគ្រប់គ្រងបណ្តុះបណ្តាលនិងសហការគាំទ្រ ។

ជាមួយគ្នានេះលោក ចម ប្រសិទ្ធ ក៏បានស្នើឲ្យអាល្លឺម៉ង់បន្តជួយជំនួយបច្ចេកទេស និងការបណ្តុះបណ្តាល ធនធានមនុស្សនៅកម្ពុជា ក៏ដូចជាអំពាវនាវឲ្យអ្នកវិនិយោគអាល្លឺម៉ង់បន្តមកបណ្តាក់ទុនបានច្រើនថែមទៀត ។

ក្នុងឱកាសនោះ ភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ការងារទាក់ទង និងប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហគមន៍អឺរ៉ុបដល់កម្ពុជាផងដែរ ។

ចំណែកលោកឯកអគ្គរដ្ឋទូតបានមើលឃើញពីកិច្ចខិតខំប្តឹងប្រែងនិងផលប្រយោជន៍ដែលកម្ពុជាទទួល បានពីប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងប្រជាជនកម្ពុជា និងក្រុមហ៊ុនផលិតនាំចេញ ៕

ដោយ បាន ធារ៉ូ

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top