ព័ត៌មានជាតិ

មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ ចុះពិនិត្យទំនិញ នៅផ្សារតាំងក្រសាំង រកឃើញប្រហិតសាច់មាន់ ហកដក ប្រហិតសាច់ក្រក ខូចគុណភាព ដកហូតទុកដុតកំទេចចោល

កំពង់ធំ៖ ដើម្បីសុខភាពប្រជាពលរដ្ឋ ក៏ដូចជាសុវត្ថិភាពម្ហូបអាហារ មន្រ្តីកាំកុងត្រូលសាខាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ សហការជាមួយមន្រ្តីមន្ទីរ ពាណិជ្ជកម្ម រួមនិងអាជ្ញាធរមួលដ្ឋាន បានចុះត្រួតពិនិត្យទំនិញ នៅផ្សារតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។

លោកលៀង សុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការ ចុះអង្កេតទំនិញ នៅផ្សារតាំងក្រសាំងខាងលើ ក្រុមការងារជំនាញកាំកុងត្រូល បានរកឃើញផលិតផលខូចគុណភាពដូចជា ហកដក ម៉ាក Super ទម្ងន់៣ Kg ផលិតនៅប្រទេសកម្ពុជា ប្រហិតសាច់មាន់ ម៉ាក AFM មួយកញ្ចប់ ផលិតនៅប្រទេសថៃ និងប្រហិតសាច់ក្រក ម៉ាក CP មួយកញ្ចប់ ផលិតនៅកម្ពុជា ក្រុមការងារបានធ្វើកំណត់ហេតុដកហូត ទុកដុត កំទេចចោល ។

ជាមួយគ្នានោះ ក្រុមកាងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹង ពីផលវិបាកដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមីហាមឃាត់ចូលក្នុងម្ហូបអាហារ។

មន្រ្តីកាំកុងត្រូល ក៏បានអំពាវនាវ ដល់អាជីវករអ្នកលក់ដូរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ឱ្យបានហ្មត់ចត់ មុននឹងធ្វើចរាចរ ចែកចាយលក់ដូរនិងទិញទំនិញ ម្ហូបអាហារទទួលទាន ដោយសុវត្ថិភាព មិនប៉ះពាល់សុខភាព អ្នកប្រើប្រាស់ ៕

To Top