ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ៖ ថវិកាអភិវឌ្ឍន៍ ឃុំ-សង្កាត់ ឆ្នាំ២០២០ នឹងបើកតាមធនាគារ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានប្រកាសថា ថវិកាសម្រាប់អភិវឌ្ឍន៍ឃុំ-សង្កាត់ នៅឆ្នាំ២០២០ខាងមុខ នឹងបើកតាមប្រព័ន្ធធនាគារ ដើម្បីឲ្យមានតម្លាភាព ហើយបញ្ឈប់អ្នករត់ការដើម្បីយកភាគរយ ។

ក្នុងពិធីផ្សព្វផ្សាយការអនុវត្តអនុវត្តអនុក្រឹត្យ ស្ដីពី មុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ និងអនុក្រឹត្យស្ដីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី-ខេត្ត នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ សម្ដេច ស ខេង បានថ្លែងថា ការបង្កើនមូលនិធិឃុំ-សង្កាត់ ដើម្បីបង្កលក្ខណៈឲ្យឃុំ-សង្កាត់កាន់តែមានលទ្ធភាពចូលរួមដោះស្រាយតម្រូវការជាអាទិភាពនានារបស់មូលដ្ឋាន ។

សម្ដេចមានប្រសាសន៍ថា “លុយនេះ មិនមែនបើកដាក់កាតាបយកទៅទេ លុយហ្នឹងគឺថា ហោះតាមរលកធាតុអាកាស (កុងធនាគារ)។ អត់មានក្រោមតុ អត់មានចរចា អត់កើតទេ ។ បើ ឃុំ-សង្កាត់ មួយបានប៉ុន្មាន ស្រុក-ក្រុង មួយបានប៉ុន្មាន ហោះទៅតាមណុងហើយ អត់មានចរចាកាត់ភាគរយទេ” ។

សម្ដេចបញ្ជាក់ថា ថវិកាឃុំ-សង្កាត់ នៅឆ្នាំ២០២០ខាងមុខ នឹងទទួលបានថវិកាជាមធ្យម១២២.០០០ដុល្លារ។ ក្នុងនោះ រួមមាន ៖ ថវិកាសម្រាប់ចំណាយលើផ្នែកអភិវឌ្ឍន៍មូលដ្ឋាន ជាមធ្យម ៧០.០០០ដុល្លារ ដែលចំនួននេះ កើនឡើងទ្វេដងបើប្រៀបធៀបកាលពីឆ្នាំ២០១៨ ។

សម្ដេចអះអាងថា ថវិកានេះនឹងកើនឡើងជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ២០២៣ខាងមុខ ដូច្នេះឃុំ-សង្កាត់នីមួយៗនឹងទទួលបានថវិកាជាមធ្យម១៩៤.០០០ដុល្លារ។ ជាមួយការកើនឡើងនេះ នឹងធ្វើឲ្យឃុំ-សង្កាត់ធំៗមួយចំនួនទទួលថវិកា ៤៥០.០០០ដុល្លារ នៅឆ្នាំ២០២៣ខាងមុខ ។

ជាងនេះទៅទៀត រដ្ឋមន្ដ្រីមហាផ្ទៃបន្ថែមថា ផ្អែកលើគម្រោងប៉ាន់ស្មានសម្រាប់ឆ្នាំ២០២០ រដ្ឋនឹងវិភាជថវិកាចំនួនប្រមាណជាង៨០០លានដុល្លារ ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ ចំនួននេះ ពុំទាន់បានគិតបញ្ចូលការវិភាជពីថវិការដ្ឋទៅឲ្យរដ្ឋបាលរាជធានី-ខេត្ត នីមួយៗបន្ថែមទៀត សម្រាប់អនុវត្តមុខងារដែលត្រូវផ្ទេរទៅឲ្យរដ្ឋបាលទាំងនេះ ។

រដ្ឋមន្ដ្រីមហាផ្ទែបន្ដថា ថវិកាបន្ថែមនេះ កំពុងត្រូវបានរៀបចំកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្ទេរត្រង់ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ចាប់ពីដើម ឆ្នាំ២០២០តទៅ។ អាស្រ័យហេតុនេះ ចំនួនថវិកាវិភាជពីថវិការដ្ឋទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២០ នឹងអាចកើនឡើងរហូតដល់ជាង១.០០០លានដុល្លារ ៕ ដោយ ៖ អេង ប៊ូឆេង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top