តាកែវ៖ សាខាពន្ធដារខេត្តតាកែវ ដែលមានទីតាំងនៅក្នុងសង្កាត់រកា ក្រុងដូនកែវ ត្រូវក្រុមចោរគាស់ចូល កាលពីវេលាម៉ោងប្រមាណ១២រំលងអធ្រាត្រ ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៩នេះ ដោយលួចយកបានប្រាក់មួយចំនួន និងឯកសារមួយចំនួន ត្រូវបានក្រុមចោរយកទៅ ដោយសុវត្ថិភាពផងដែរ។
យោងតាមប្រភពច្បាស់ការ ពីសមត្ថកិច្ចក្រុងដូនកែវ បានទទួលស្គាល់ថា ពិតជាមានករណីចោរ ចូលគាស់អគារសាខាពន្ធដារខេត្តតាកែវ ពិតប្រាកដមែន កាលពីយប់មិញនេះ ដោយក្រុមចោរបានលួចលុយ ប្រមាណ២លានរៀល និងរុះរើឯកសាររាយប៉ាយពាសពេញបន្ទប់ ដោយក្រុមចោរទាំងនោះ បានដាក់ជណ្តើរឫស្សីឡើង ចូលគាស់តាមបង្អួចអគារសាខាពន្ធដារ។
ជុំវិញករណីចោរ ចូលគាស់អគារពន្ធដារនេះ លោក ពៅ ពុត្រា ប្រធានសាខាពន្ធដារខេត្តតាកែវ បានទទួលស្គាល់ថា ពិតជាមានករណីចោរ ចូលគាស់អគារពន្ធដារពិតប្រាកដមែន ក៏ប៉ុន្តែលោកមិនបានប្រាប់លម្អិតពីបញ្ហានេះទេ ហាក់ដូចជាចង់លាក់លៀមពីបញ្ហានេះ។ លោកបានថ្លែងថា« គ្មានបាត់លុយ ឬឯកសារអ្វីនោះទេ។ សូមកុំផ្សាយអីរឿងហ្នឹង»។
ចំពោះករណីខាងលើនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាចាប់ខ្លួន យកមកផ្ដន្ទាទោសឲ្យទាល់តែបាន តែទោះបីជាយ៉ាងណាក៏ដោយ ករណីចោរចូលគាស់ អគារពន្ធដារកណ្ដាលក្រុងនេះ អាចកើតឡើងបាន ក៏ដោយសារការធ្វេសប្រហែស របស់លោកប្រធានពន្ធដារខេត្ត ដែលអសមត្ថភាព ក្នុងការចាត់តាំងការយាមកាម ឲ្យបានត្រឹមត្រូវ ហើយមូលហេតុដែលលោក មិនចង់ឲ្យអ្នកសារព័ត៌មានផ្សាយ ព្រោះខ្លាចថ្នាក់លើស្ដីបន្ទោស៕