នយោបាយ

Full Story ៖ នាយករដ្ឋមន្រ្តី ៖ ផ្សារកម្ពុជា-វៀតណាម ឲ្យពលរដ្ឋមានលទ្ធភាព រកស៊ីជាមួយគ្នាស្របច្បាប់ តាមនយោបាយឈ្នះ ឈ្នះ (វីដេអូ)

ផ្សារកម្ពុជា-វៀតណាម ឲ្យពលរដ្ឋមានលទ្ធភាព រកស៊ីជាមួយគ្នា ស្របច្បាប់តាមនយោបាយឈ្នះ ឈ្នះ

នាយករដ្ឋមន្រ្តី ៖ ផ្សារកម្ពុជា-វៀតណាម ឲ្យពលរដ្ឋមានលទ្ធភាព រកស៊ីជាមួយគ្នា ស្របច្បាប់តាមនយោបាយឈ្នះ ឈ្នះhttps://www.dap-news.com/national/2019/12/24/19134/

Posted by Dap_News_Website on Tuesday, 24 December 2019

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម (ផ្សារគំរូព្រំដែន កម្ពុជា) នៅព្រំដែនប្រទេសទាំងពីរ ក្នុងខេត្តត្បូងឃ្មុំ បើកសម្ពោធជាផ្លូវការ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីឲ្យប្រជាពលរដ្ឋ មានលទ្ធភាពរកស៊ីជាមួយគ្នា ដោយស្របច្បាប់ និងស្របតាមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេច ដែលបានដាក់ចេញ។

ក្នុងពិធីសម្ពោធផ្សារ ដោះដូរទំនិញកម្ពុជា-វៀតណាមនេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាព សម្តេចតេជោ និងលោក ជីញ ឌិញ ស៊ុង (TRINH DINH DUNG) ឧបនាយករដ្ឋមន្ត្រីវៀតណាម។

នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់ថា “ចំណុចសំខាន់ ខ្ញុំមកកាន់ទីនេះ វាពិតជាចំគោលបំណង ហើយវាក្លាយទៅជាចំណុច ដែលយើងសម្រេចជោគជ័យ នៅក្នុងគោលដៅ២ ដែលខ្ញុំបានដាក់ចេញ បន្ទាប់ពីអនុវត្តដោយជោគជ័យ នូវនយោបាយឈ្នះ ឈ្នះ” ។

គោលដៅទាំង២ ដែលសម្តេចបានលើកឡើងនោះ គឺសំដៅប្រែក្លាយ តំបន់សមរភូមិឲ្យទៅជាទីផ្សារ និងជាតំបន់មានការអភិវឌ្ឍ ។

សម្តេចថា មកដល់បច្ចុប្បន្នកម្ពុជា បានប្រែក្លាយប្រមាណជា ៩០ភាគរយ ហើយពីតំបន់ដែលធ្លាប់ប្រយុទ្ធ ឲ្យក្លាយទៅជាតំបន់មានការអភិវឌ្ឍ ទីផ្សារ ជាតំបន់ដាំដុះ និងសល់ប្រមាណជា ១០ភាគរយទៀត កំពុងដោះស្រាយលើការបំផ្លាញគ្រាប់មីន ដើម្បីរំដោះផ្ទៃដីយកមកអភិវឌ្ឍន៍បន្ត។

បើតាមសម្តេចតេជោ សម្រាប់ផ្សារនេះ ក៏សម្រាប់ធ្វើការកែច្នៃផលិតផល លក់ទៅឲ្យវៀតណាមផងដែរ មិនមែនតែនាំចូលទំនិញមកពីវៀតណាមទេ ។ ក្នុងឱកាសនោះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានលើកជាសំណូមពរ ឲ្យភាគីវៀតណាម ជួយបន្តទិញផលិតផលកម្ពុជាបន្ថែមទៀត ខណៈកម្ពុជា ក៏នាំចូលផលិតផលវៀតណាមផងដែរ ធ្វើដូច្នេះទើបមានការជួយគ្នាទៅវិញទៅមក។

សម្តេចតេជោបន្ថែមថា “ទន្ទឹមនឹងនោះ ខ្ញុំសង្ឃឹមថា ផលិតផលខ្មែរ ដែលបានតាំងពិព័រណ៍នៅភ្នំពេញ និងបុណ្យសមុទ្រ សង្ឃឹមថា ទំនិញទាំងអស់នោះ នឹងក្លាយទៅជាទំនិញ ដែលហូរចូលទៅកាន់ប្រទេសវៀតណាម ព្រោះនេះជាការមានទៅមានមក”។

ផលិតផលដែលសម្តេចសំណូមពរ ទៅកាន់ភាគីវៀតណាម ឲ្យជួយទិញនោះរួមមាន ៖ ស្វាយ ចេក ទុរេននិងផលិតផលផ្សេងទៀត ដើម្បីអាចផ្គត់ផ្គង់ទៅវៀតណាម ដើម្បីបន្តផ្គត់ផ្គង់ឲ្យទេសចរណ៍ មកលេងវៀតណាម។

សម្តេចបានបង្ហាញចំណាប់អារម្មណ៍ ចង់បានតំបន់សេដ្ឋកិច្ចពិសេសច្រើនទៀត នៅព្រំដែន ដើម្បីទាក់ទាញវិនិយោគពីបរេទេស និងពីវៀតណាម។ ក្នុងនោះសម្តេច បានឲ្យកែច្នៃផលិតផលកម្ពុជាហើយ ទើបឲ្យមានការនាំចេញទៅវៀតណាម ។

សម្តេចតេជោសង្កត់ធ្ងន់ថា “នៅទីនេះ មានតំបន់សេដ្ឋកិច្ចពិសេស ឈន ដារី ហើយក៏មានទីផ្សារគំរូមួយ។ ខ្ញុំចង់បានតំបន់ សេដ្ឋកិច្ចពិសេសច្រើនទៀត ដែលធ្វើនៅតាមព្រំដែនកម្ពុជា-វៀតណាម ហើយទាក់ទាញអ្នកវិនិយោគវៀតណាម ក៏ដូចជាអ្នកវិនិយោគដទៃទៀត សម្រាប់កម្ពុជាយើង ធ្វើការនាំចេញ ដែលវានឹងក្លាយទៅជាទីផ្សារ សម្រាប់ប្រជាពលរដ្ឋរបស់យើង”។

ចំពោះទំហំពាណិជ្ជកម្មវិញ រវាងប្រទេសទាំងពីរសម្តេចថា មាន៤៨០០លានដុល្លារ ។ ដោយសារឃើញបែបនេះ សម្តេចបានខិតខំប្រឹងប្រែធ្វើយ៉ាងណា ឲ្យតំបន់ព្រំដែនក្លាយទៅជា តំបន់មានសន្តិភាព ខណៈពីអតីតកាល ធ្លាប់មានសង្រ្គាមបង្ហូរឈាមជាមួយគ្នា ។

ជាមួយគ្នាននេះដែរ សម្តេចតេជោក៏បានផ្តាំផ្ញើ ទៅអភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ្ឌ ផងដែរ បើធ្វើចៅហ្វាយខេត្ត មិនអាចគ្រប់គ្រងផ្សារនេះបាន នឹងដកចោលហើយ ។ សម្តេចថា អត់បន្ទោសក្រសួងពាណិជ្ជកម្មមុនទេ ព្រោះផ្សារនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខេត្ត ដូច្នេះបើមិនអាចគ្រប់គ្រងផ្សារនេះ ក៏មិនអាចធ្វើអ្វីផ្សេងបានដែរ ។

ទន្ទឹងនឹងនេះ សម្តេចតេជោ ក៏បានប្រកាសកសាងផ្សារ២បន្ថែមទៀត នៅបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តកំពត និងស្វាយរៀងដោយប្រើថវិកាជាតិ ដើម្បីដោះដូរទំនិញជាមួយវៀតណាម ក្នុងការបង្កើតសេដ្ឋកិច្ចបន្ថែម ។

សម្តេចថា ចំពោះគម្រោងផ្សារទាំង២នេះ ក៏បានស្នើសុំទៅវៀតណាមជួយកសាងដែរ តែមិនទាន់ឆ្លើយតប ដូច្នេះគួរធ្វើខ្លួនឯងទៅ ហើយសម្តេចថា ផ្សារមួយប្រហែលជាចំណាយ ប្រមាណ២លានដុល្លារ គឺមិនច្រើនទេ ។ សម្តេចក៏បានបញ្ជាអភិបាលខេត្តទាំង២ រកដីដើម្បីកសាងផ្សារផងដែរ ។

សម្តេចតេជោ សង្ឃឹមថា នៅពេលកម្ពុជា មានផ្សារសហគមន៍គំរូកាន់តែច្រើន នឹងជួយបង្កើនទំនិញនាំចេញ ទៅវៀតណាមកាន់តែច្រើន ដែលកាន់តែធ្វើឲ្យជីវភាពរស់នៅពលរដ្ឋ តាមព្រំដែនកាន់តែធូរធារ ហើយទន្ទឹមនឹងនោះ នឹងជួយជំរុញ កំណើនសេដ្ឋកិច្ចជាតិរឹងមាំថែមទៀត ៕

To Top
×