នយោបាយ

ពេជ្រ ស្រស់ ប្រតិកម្មចំពោះអ្នកវិភាគ២រូប ចោទថា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មិនបានធ្វើអ្វីបម្រើពលរដ្ឋ (មានវីដេអូ)

ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ក្នុងនាមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បានប្រតិកម្មយ៉ាងខ្លាំងចំពោះ លោក មាស នី និងលោក រ៉ុង ដែលជាអ្នកវិភាគសង្គម បានវាយតម្លៃ និងចោទប្រកាន់មកលើសមាជិកក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ថា មិនបានធ្វើអ្វីដើម្បីជាតិ ជាពិសេសមិនបានបំរើប្រយោជន៍ប្រជាពលរដ្ឋទាល់តែសោះ ។

តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩លោក ពេជ្រ ស្រស់ បានថ្លែងថា “ខ្ញុំផ្ញើជូនលោកបណ្ឌិត មាស នី និងលោក រ៉ុង ឈុន ព្រមទាំងអ្នកងងឹតទាំងភ្នែកអាចមើលឃើញមួយចំនួនទៀតដែលវាយតម្លៃ និងចោទថា សមាជិកក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ថាមិនបានធ្វើនូវអ្វីសោះ ជាពិសេស គឺមិនបានបំរើប្រយោជន៍ប្រជាពលរដ្ឋ និងមិនបានដោះស្រាយនូវបញ្ហាដីធ្លី ។ សុំអស់លោកបើកភ្នែកអានរបាយការណ៍របស់ប្រតិភូបក្សយុវជនថា តើមានប្រជាពលរដ្ឋប៉ុន្មានគ្រួសារ ត្រូវបានដោះស្រាយ និងមានចំនួនផ្ទៃដីប៉ុន្មានហិកតាដែលពួកគាត់ទទួលបាននោះ” ។

លោកបានស្នើក្រុមអស់លោកបណ្ឌិតមានខួរក្បាលមួយជំហៀង សុំបើកទ្វារខួរក្បាលមួយជំហៀងទៀត ដើម្បីបំពេញឲ្យគ្រប់ខួរក្បាលទាំងសងខាង ។ លោកថា ក្រោយបង្កើតក្រុមប្រឹក្សានេះ មកបានដោះស្រាយបញ្ហាឲ្យពលរដ្ឋចំនួន៣១១៣ គ្រួសារ ។

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់សង្កត់ធ្ងន់ថា ធ្វើជាបណ្ឌិតគួរធ្វើឲ្យក្មេងៗ ជំនាន់ក្រោយគោរពខ្លះ កុំចង់តែផ្គាប់ចិត្តមនុស្សមួយក្រុមបោះបង់គុណធម៌ក្នុងខ្លួន ពីព្រោះអស់លោកក៏មានថ្ងៃស្លាប់ដូចតែគ្នា ហើយមុននឹងនិយាយគួរគិតដល់ជនកំពុងរងគ្រោះផងដែរ ។

ក្នុងឱកាសនោះ ប្រធានបក្សយុវជនរូបនេះ ក៏បានប្រកាសដាក់ការភ្នាល់គ្នាជាមួយអ្នកវិភាគទាំង២រូបផងដែរ។ លោកថា បើសិនជាការវិភាគពួកគាត់អាចជួយដល់ពលរដ្ឋជាជនរងគ្រោះដីធ្លីឲ្យទទួលបានដំណោះស្រាយពីរាជរដ្ឋាភិបាលបាន និងជម្រុញឲ្យរដ្ឋាភិបាលដោះស្រាយ បញ្ហាមួយចំនួនទៀតបាន ដូចជាការដណ្តើមដែនសមុទ្រពីពពួកទុច្ចរិត និងបញ្ហាផ្សេងៗទៀតបាន គឺលោកនឹងដើរចេញពីយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ព្រមទាំងរំលាយគណបក្សយុវជនកម្ពុជាចោលតែម្តង ហើយ នឹងឈប់ប្រឡូកក្នុងឆាកនយោបាយអស់មួយជីវិត៕

ដោយ៖ធី លីថូ

To Top
×