ភ្នំពេញ ៖ ព្រឹទ្ធសភានៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ បាន បន្តសម័យប្រជុំលើកទី៤ នីតិកាលទី៤ ក្រោមអធិបតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សមាជិក ចូលរួម៥៨រូប បានអនុម័តរបៀបវារៈចំនួន៧។
របៀបវារៈចំនួន៧នោះ រួមមាន ៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឲ្យកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រម ព្រៀងសម្រាប់ការអនុវត្តបទប្បញ្ញត្តិ នៃអនុសញ្ញាសហប្រជាជាតិស្តីពី ច្បាប់សមុទ្រ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រង និងការអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ។
ទី២- សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រម លើការធានាទូទាត់ របស់រាជរដ្ឋាភិបាល ឲ្យក្រុមហ៊ុនហ្គ្រីន សឺស្តែនណេប៊ល វេនឈ័រ (ខេមបូឌា) ឯ.ក សម្រាប់គម្រោង សាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព ២០មេហ្គាវ៉ាត់ នៅខេត្តស្វាយរៀង។
ទី៣-សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើ ការធានាទូទាត់របស់រាជរដ្ឋាភិបាល ឲ្យក្រុមហ៊ុន រ៉ាយ ផៅវ័រ សឹបផ្លាយ ឯ.ក សម្រាប់គម្រោងសាងសង់ ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់ នៅខេត្តបន្ទាយមានជ័យ។
ទី៤-សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើ ការធានាទូទាត់របស់រាជរដ្ឋាភិបាល ឲ្យក្រុមហ៊ុន រ៉ាយសិន អេនើជី (ខេមបូឌា) បាត់ដំបង ឯ.ក សម្រាប់គម្រោង សាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ នៅខេត្តបាត់ដំបង។
ទី៥- សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើ ការធានាទូទាត់របស់រាជរដ្ឋាភិបាល ឲ្យក្រុមហ៊ុន ស្នេថេក អ៊ីនហ្វីនីត ឯ.ក សម្រាប់គម្រោង សាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់ នៅខេត្តពោធិ៍សាត់។
ទី៦- សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រម លើការធានាទូទាត់ របស់រាជរដ្ឋាភិបាល ឲ្យក្រុមហ៊ុន ធីអេសប៊ីភី សេកុង ផៅវ័រ អ៊ែន មីនើរ៉ល ខមភេនី លីមីធីត នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ។
និងទី៧-សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រម លើការធានាទូទាត់របស់រាជរដ្ឋាភិបាល ឲ្យក្រុមហ៊ុន សេកុង សឺមម័ល ផៅវ័រ ផ្លែន ខមផេនី លីមីធីត នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ។
សូមរំលឹកថា សេចក្តីព្រាងច្បាប់ទាំងនេះ ត្រូវបានរដ្ឋសភា អនុម័តយល់ព្រម ជាលើកដំបូងចំនួន ១០៨សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ នាសម័យប្រជុំលើកទី៣ រដ្ឋសភា នីតិកាលទី៦៕ ដោយ៖ អេង ប៊ូឆេង