ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ ប.ស.ស សម្រេចបាន ក្នុងឆ្នាំ២០១៩ កន្លងមកនេះ

ភ្នំពេញ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ របស់​បេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស) ស្ថិតនៅក្នុងពិធីប្រជុំ បូកសរុបលទ្ធផលការងារ សម្រេចបានឆ្នាំ២០១៩ និងទិសដៅការងារបន្តឆ្នាំ២០២០ ដែលបានប្រារព្ធឡើង នៅសាលប្រជុំសណ្ឋាគារ​ តារាអ៊ែផត រាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមករា ឆ្នំា២០២០នេះ ។

លោករដ្ឋមន្ត្រី បានថ្លែងបន្ថែមទៀតថា “សូមកោតសរសើរដោយស្មោះ ចំពោះការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល មន្រ្តីរាជការ បុគ្គលិក នៃបេឡាជាតិសន្តិសុខសង្គម និងក្រសួង ស្ថាប័ន អង្គភាព និងដៃគូអភិវឌ្ឍន៍ ពាក់ព័ន្ធនានា ដែលបានចូលរួមចំណែក ក្នុងគ្រប់សកម្មភាព និងស្មារតី ទទួលខុសត្រូវខ្ពស់ ជាចលករមួយយ៉ាងសំខាន់ ធ្វើឱ្យអង្គភាពមួយនេះ ទទួលបាននូវលទ្ធផល គួរជាទីមោទនៈ រហូតមកដល់ពេលនេះ”។

កន្លងមក ប.ស.ស ធ្លាប់ទទួលបានពានរង្វាន់ឆ្នើមចំនួន ៤លើករួចមកហើយ ពីសមាគមសន្តិសុខសង្គម​ អាស៊ាន លើកទី(១) ពានរង្វាន់អង្គភាពឆ្នើម ក្នុងការអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ ប្រកបដោយប្រសិទ្ធភាពខ្ពស់ នៅឆ្នាំ២០១៥ ពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) នៅប្រទេសសឹង្ហបុរី លើកទី(២) ពានរង្វាន់ឆ្នើម ស្តីពីការគ្របដណ្តប់ផ្នែកការធានារ៉ាប់រង របបសន្តិសុខសង្គម ប្រកបដោយប្រសិទ្ធភាពខ្ពស់ នៅឆ្នាំ២០១៦ ពីសមាគមសន្តិសុខសង្គម អាស៊ាន (ASSA) នៅប្រទេសហ្វីលីពីន លើកទី(៣) ទទួលបានពានរង្វាន់ ស្តីពីការផ្តល់សេវាល្អ សម្រាប់របបថែទាំសុខភាព នៅឆ្នាំ២០១៨ ពីប្រធានសមាគម សន្តិសុខសង្គមអាស៊ាន (ASSA) នៅប្រទេសវៀតណាម និងលើកទី(៤) ពានរង្វាន់ស្តីពីការផ្តល់សេវា ធានារ៉ាប់រងសុខភាព សម្រាប់មន្ត្រីរាជការ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជននៅឆ្នាំ២០១៩ (Health Care Scheme for Public Employees, Former Civil Servants and Veterans) ពីប្រធានសមាគម សន្តិសុខសង្គម អាស៊ាន នៅប្រទេសព្រុយនេ ។

ទាក់ទងទៅនឹងលទ្ធផល សម្រេចបាន នៅក្នុងឆ្នាំ២០១៩ កន្លងមកនេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិ របបសន្តិសុខសង្គម បានបញ្ជាក់ឱ្យដឹងថា៖ ច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មី ត្រូវបានប្រាកាស ឱ្យប្រើប្រាស់រួចហើយ ដែលគ្របដណ្តប់ ទៅលើការគាំពារចំនួន ៤ផ្នែក រួមមាន (១)ផ្នែកប្រាក់សោធន (២)ផ្នែកថែទាំសុខភាព (៣)ផ្នែកហានិភ័យការងារ និង (៤)ផ្នែកនិកម្មភាពការងារ សម្រាប់បុគ្គល ដែលស្ថិតក្នុងវិស័យសាធារណៈ បុគ្គលដែលស្ថិតក្រោមច្បាប់ ស្តីពីការងារ រួមទាំងបុគ្គលិកផ្លូវអាកាស នាវាសមុទ្រ និងអ្នកបម្រើតាមផ្ទះ ព្រមទាំងបុគ្គលស្វ័យនិយោជន៍ផងដែរ ។

បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) កន្លងមកបាននឹងកំពុងអនុវត្ត នូវរបបសន្តិសុខសង្គមចំនួន ២ គឺផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ដែលចាប់តាំងពីឆ្នាំ២០១៩ មក របបសន្តិសុខសង្គមទាំងពីរនេះ បានគ្រប់ដណ្តប់ទាំងកម្មករនិយោជិត និងមន្រ្តីសាធារណ: ។

ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកនីមួយៗនេះ គឺមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែក ដើម្បីសម្រេចឱ្យបាន នូវកំណើនសេដ្ឋកិច្ចជាតិ ។

លោកប្រតិភូរាជរដ្ឋាភិបាល ជឿជាក់ថា នៅក្នុងឆ្នាំថ្មីនេះ មន្ត្រី និងបុគ្គលិកយើង ពិតជាខិតខំសិក្សាស្វែងយល់ ពីគោល នយោបាយអនុវត្តរបបសន្តិសុខសង្គម ជាមួយពីបណ្តាប្រទេសក្នុងតំបន់ និងបណ្តាប្រទេស ជាដៃគូអភិវឌ្ឍន៍ ដទៃទៀត ដើម្បីទទួលបាន ចំណេះដឹង និងបទពិសោធន៍ថ្មីៗ សម្រាប់បំពេញបន្ថែម លើការងារដែលមានស្រាប់ និងកែលំអរការអនុវត្ត របបសន្តិសុខសង្គមរបស់យើង ឱ្យកាន់តែប្រសើរឡើងថែមទៀត។

សូមបញ្ជាក់ថា ពិធីប្រជុំបូកសរុបលទ្ធផលការងារ សម្រេចបានឆ្នាំ២០១៩ និងទិសដៅការងារបន្ត ឆ្នាំ២០២០ របស់បេឡាជាតិ របបសន្តិសុខសង្គមខាងលើ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់​លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានវត្តមានចូល ពីតំណាងក្រសួង ស្ថាប័ន អង្គការ និងអង្គភាពពាក់ព័ន្ធនានា សរុប្រមាណជា ៣០០៕

To Top