ព័ត៌មានជាតិ

សហភាពអឺរ៉ុប ថ្លែងអំណរគុណកម្ពុជា ដែលផ្តល់សិទ្ធិឱ្យនាវា Westerdam ចូលចតនៅកំពង់ផែ ព្រះសីហនុ

ភ្នំពេញ៖ ស្ថានទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជាបានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដល់សិទ្ធិឲ្យនាវាទេសចរណ៍ MS Westerdam របស់អាមេរិកចូលចតនៅកំពង់ផែក្រុងព្រះសីហនុ។ 

សូមរំលឹកថា នាវាទេសចរណ៍ MS Westerdam ដែលដឹកអ្នកដំណេីរជាង២ពាន់នាក់នេះ ត្រូវបានប្រទេសជាច្រេីនបដិសេធមិនអនុញ្ញាតឲ្យចូល ចតកំពង់ផែរបស់គេដោយសារ តែភ័យខ្លាចវីរុសកូរ៉ូណា ។ 

ស្ថានទូតអឺរ៉ុបបានសរសេរលេី បណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៣កុម្ភៈនេះថា “ក្រុមមួយចំនួនមកពីស្ថានទូត នៃប្រទេសជាសមាជិកសហភាពអឺរ៉ុប ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងក្រុងព្រះសីហនុ ដើម្បីផ្តល់ជំនួយ ដល់អ្នកដំណើរនិង នាវិកនៃនាវាទេសចរណ៍ MS Westerdam។ នាវានេះបានចូលចតនៅកំពង់ផែក្រុង ព្រះសីហនុកាលពីព្រឹកមិញ ដែលមានមនុស្សចំនួន ២,២៥៧ នាក់ក្នុងនោះមានពលរដ្ឋអឺរ៉ុប ចំនួន ២៦០ នាក់មកពីប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួន ២០ ប្រទេសផ្សេងគ្នា”។

ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា សូមថ្លែងអំណរគុណដល់ អាជ្ញាធរកម្ពុជាដែលបានផ្តល់សិទ្ធិឱ្យនាវា Westerdam ចូលចត និងសូមសម្តែងនូវការអាណិតអាសូរ ចំពោះអ្នកដំណើរនិង សមាជិកនាវិកនៃនាវាទាំងអស់ ដោយសង្ឃឹមថាពួកគាត់ នឹងធ្វើមាតុភូមិ និវត្តន៍ប្រកបដោយសុវត្ថិភាពនាពេលឆាប់ៗ ។ 

គួរឲ្យដឹងផងដែរថា បន្ទាប់ពីអនុញ្ញាតឲ្យនាវាទេសចរណ៍ MS Westerdam របស់សហរដ្ឋអាមេរិកចូលចត នៅកំពង់ផែខេត្តព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានឹងអញ្ជើញទៅកាន់ខេត្តព្រះសីហនុនៅថ្ងៃទី១៤ ខែ កុម្ភៈ ស្អែកនេះ ដើម្បីទទួលស្វាគមន៍ អ្នកដំណើរលើនាវាMS Westerdamរបស់ អាមេរិក ក្នុងឋានៈជាម្ចាស់ផ្ទះដែល មានសាមគ្គីភាពនិងការទទួលខុសត្រូវ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើគេហទំព័រ ហ្វេសប៊ុកនៅល្ងាចថ្ងៃទី១៣កុម្ភៈនេះថា “ដោយសារតែកម្ពុជាមានសន្តិភាពទើបខ្ញុំហ៊ានសម្រេចចិត្តទទួលយក នាវាទេសចរណ៏ដ៏ធំ ដែលគ្មានកន្លែងចូលចតឲ្យមកចូលចត នៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីជួយដល់អ្នកដែលស្ថិតនៅលើនាវាអស់រយៈពេល ១៣ថ្ងៃ មកហើយឲ្យបានវិលត្រឡប់ទៅប្រទេស ពួកគេវិញដោយសុវត្ថិភាព” ៕

To Top