ព័ត៌មានជាតិ

លោក ឃួង ស្រេងអញ្ជើញទទួលស្វាគមន៍ ភ្ញៀវទេសចរដែលចុះពីលើនាវា Westerdam នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្រ្តីអ្នកមុខ  អ្នកការជាច្រើនរូបបានអញ្ជើញ ទទួលស្វាគមន៍ភ្ញៀវទេសចរលើនាវា Westerdam ប្រមាណ៥០០នាក់ នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញបន្ទាប់ពីពួកគេត្រូវបានអនុញ្ញាតឲ្យចាកចេញពីនាវានិង ធ្វើដំណើរត្រឡប់ទៅប្រទេសកំណើតវិញ។

សូមរំលឹកថានៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី  នៃកម្ពុជា បានអញ្ជើញទៅកាន់ខេត្តព្រះសីហនុ ដើម្បីជួបស្វាគមន៍ដោយផ្ទាល់  ជាមួយអ្នកទេសចរចម្រុះជាតិសាសន៍ ជាង២ពាន់នាក់ នៅលើនាវាទេសចរណ៍ Westerdam របស់សហរដ្ឋអាមេរិក បន្ទាប់ពីត្រូវបានអនុញ្ញាត ឱ្យចូលចតនៅកំពង់ផែ ក្រុងព្រះសីហនុនិងចាកចេញពីនាវាដើម្បីធ្វើដំណើរមកកំសាន្ត នៅរាជធានីភ្នំពេញផងដែរ ។

ផ្ទាំងពាណិជ្ជកម្ម

នៅរសៀលថ្ងៃដដែលនេះ ក្នុងចំណោមអ្នកនៅលើនាវា  ជាង២ពាន់នាក់ មានមនុស្សចំនួន ៥០០នាក់់ ត្រូវបានបញ្ជូន តាមជើងយន្តហោះ មកកាន់ព្រលាន យន្តហោះ  អន្តរជាតិភ្នំពេញ និងបន្តទៅតាមគោលដៅរបស់ពួកគេ។ នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ភ្ញៀវទេសចរ ទាំង៥០០នាក់ ត្រូវបានទទួលស្វាគមន៍ យ៉ាងកក់ក្តៅ រាក់ទាក់ និងស្និតស្នាលជាទីបំផុត ពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្រ្តីអ្នកមុខ  អ្នកការជាច្រើនរូប ។ 

ក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានមានប្រសាសន៍ឱ្យដឹងថា ដូចអ្វីដែលសម្តេច នាយករដ្ឋមន្រ្តី បានធ្វើរួចមកហើយ  នៅខេត្តព្រះសីហនុ ក្នុងនាមជាមន្រ្តីរាជការ ដែលអនុវត្ត ការគោលការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាលលោក មិនខ្លាចធ្វើការងារ ទាំងនេះឡើយ៕ ដោយ៖ ដារាត់

To Top