ព័ត៌មានជាតិ

គុយបា នឹងស្វែង រកគ្រប់លទ្ធភាព ដើម្បីបង្កើត សហប្រតិបត្តិការ ជាមួយកម្ពុជា

ភ្នំពេញ ៖ លោកស្រី Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីរបស់គុយបា ប្រចាំកម្ពុជា បានប្តេជ្ញាថា នឹងខិតខំស្វែងរកគ្រប់លទ្ធភាព ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ ទៅលើវិស័យសំខាន់ៗ ជាមួយប្រទេសកម្ពុជា ។

ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ លោកស្រី Liurka Rodriguez Barrios ថ្លែងអំណរគុណកម្ពុជាតែងតែថែរក្សាសន្ដិសុខ និងសន្ដិភាព ដែលកម្ពុជាមានសព្វថ្ងៃ។ លោកស្រីរំលឹកថា គុយបា-កម្ពុជាធ្លាប់ជាប្រទេសជួបប្រទះបញ្ហាប្រឈម ប្រហាក់ប្រហែលគ្នា ក្នុងការខិតខំអភិវឌ្ឍន៍នូវសេដ្ឋកិច្ចសង្គម ហើយបច្ចុប្បន្នគុយបា ក៏មានសុវត្ថិភាព ដូចជា កម្ពុជាដែរ។

លោកស្រីមានប្រសាសន៍ថា «គុយបានឹងខិតខំស្វែងរកនូវគ្រប់លទ្ធភាព ដើម្បីបង្កើតនៅកិច្ចសហប្រតិបត្តិការទៅលើវិស័យសំខាន់ៗ ជាមួយប្រទេសកម្ពុជា ដែលក្នុងនោះក៏មានវិស័យសន្ដិសុខ សាធារណៈ ដែលស្ថិតក្នុងការគ្រប់គ្រងនិងការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃផងដែរ»។

សម្ដេចក្រឡាហោម ស ខេង លើកឡើងថា ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃដែលមានតួនាទីធំៗចំនួន២ រួមមាន ៖ទី១-ការងាររដ្ឋបាលថ្នាក់ក្រោមជាតិ និងទី២-វិស័យសន្ដិសុខសាធារណៈ ហើយសម្ដេចរីករាយ នៅពេលអនាគតសម្រាប់ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការទៅលើ វិស័យសន្ដិសុខសាធារណៈ ។

បន្ថែមពីនេះ សម្ដេចក៏បានកោតសសើរចំពោះការដឹកនាំរបស់ថ្នាក់ដឹកនាំ គុយបា ដែលបន្ដថែរក្សាសុខសន្ដិភាព និងស្ថេរភាព ដើម្បីបម្រើដល់ផលប្រយោជន៍នៃការអភិវឌ្ឍ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋគុយបា។ សម្ដេចថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ដខិតខំបង្កើន និងពង្រីកទំនាក់ទំនងនូវកិច្ចសហប្រតិបត្តិការជាមួយបណ្ដាមិត្តចាស់របស់ខ្លួន នាពេលកន្លងមក ៕ ដោយ អេង ប៊ូឆេង

To Top