ភ្នំពេញៈកម្លាំងនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ បានធ្វើការ ឆ្មក់បង្រ្កាប ហាងផឹកស៊ីមួយកន្លែង ដែលបង្កប់អោយមាន ការជួញដូរផ្លូវភេទជាមួយភ្ញៀវ ។
រង្វង់ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅហាងមួយកន្លែង យីហោ លីហួររស្មីពន្លឺសាច់អាំង (៩៩៩ )ផ្ទះលេខ២៣A ផ្លូវ៣៧១ ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
មន្រ្តីនគរបាលដែលចុះប្រតិបត្តិការនេះ បានឲ្យដឹងថា ការឆ្មក់បង្រ្កាបហាងខាងលើ មន្រ្តីជំនាញបានឃើញ មនុស្សចំនួន ៧នាក់ ក្នុងនោះមាន មេការហាង ប្រុសស្រីចំនួន២នាក់ និងនារីរងគ្រោះចំនួន៥នាក់ ព្រមទាំងដកហូត ស្រោមអនាម័យប្រើប្រាស់រួចចំនួន១ ដែលសមត្ថកិច្ចរកឃើញ នៅក្នុងបន្ទប់ផ្ទះសំណាក់ ឈ្មោះ វិរៈមហាសាល ។
ជនសង្ស័យជាមេការ ម្ចាស់ហាងមានឈ្មោះ សឹក សុភាព ភេទប្រុស អាយុ៣៨ឆ្នាំ និងប្រពន្ធ ឈ្មោះ តត សុផាត អាយុ៣៦ឆ្នាំ ។
មន្រ្តីនគរបាលដដែលបានអោយដឹងថា មុននឹងកម្លាំង នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ ដោយមាន សម្របសម្រួល ពី លោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ឧត្ដមសេនីយ៍ទោ សំបូរ មាណ្ណារិទ្ធ
អនុប្រធាននាយកដ្ឋានប្រឆាំងជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ បានចុះបង្ក្រាបជាក់ស្ដែង ករណី (សញ្ចារកម្ម )នៅក្នុង ហាង យីហោ លីហួររស្មីពន្លឺសាច់អាំង ៩៩៩ ដោយ ឃាត់មនុស្សប្រុសស្រី ចំនួន៧នាក់ ក្នុងនោះមាន នារីរងគ្រោះ ចំនួន៥នាក់ និងម្ចាស់ហាង ជាមេខ្យល់ប្តីប្រពន្ធចំនួន២នាក់ ព្រមទាំងឆែកឆេរ រកឃើញ ស្រោមអនាម័យប្រើប្រាស់រួចចំនួន១ នៅក្នុងបន្ទប់ផ្ទះសំណាក់ ឈ្មោះ វិរៈមហាសាល ដែលជាបន្ទប់ សំរាប់ណាត់ភ្ញៀវទៅរួមភេទ ។
ក្រោយពេលកើតហេតុ បន្ទាប់ពីឃាត់ខ្លួននិងត្រួតពិនិត្យរួចហើយ នារីរងគ្រោះចំនួន៥នាក់ ព្រមទាំងជនសង្ស័យ មេខ្យល់ប្តីប្រពន្ធចំនួន២នាក់ រួមទាំងវត្ថុតាំង ត្រូវបានសមត្ថកិច្ច នាំខ្លួនយកទៅសាកសួរនៅ នាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បន្តទៀត ចំណែកទីតាំងខាងលើ មិនបានបិទទ្វារនោះទេ ដោយសារតែមានឪពុកម្តាយនិង កូនតូច២នាក់ របស់ម្ចាស់ទីតាំងគ្មានកន្លែងស្នាក់នៅ ៕