ព័ត៌មានជាតិ

ម្ចាស់នាវា Westerdam ថ្លែងអំណរគុណ រាជរដ្ឋាភិបាលកម្ពុជា មានសន្តានចិត្តដ៏ល្អ ប្រកបដោយភាពកក់ក្តៅ

ភ្នំពេញ ៖ លោក Orlando Ashford ប្រធានក្រុមហ៊ុន Holland American Line និងជាម្ចាស់នាវា Westerdam បានថ្លែងអំណរគុណ រាជរដ្ឋាភិបាលកម្ពុជា មានសន្តានចិត្តដ៏ល្អ ប្រកបដោយភាពកក់ក្តៅ និងថែរក្សាអ្នកដំណើរ ជាពិសេសអនុញ្ញាត ឲ្យនាវាចូលចតនៅកំពង់ផែព្រះសីហនុ។

នាវាទេសចររបស់អាមេរិកឈ្មោះ Westerdam បានចូលសំចតនៅកំពង់ផែព្រះសីហនុ កាលពីថ្ងៃទី១៣ កុម្ភៈ ក្រោយទទួលបានការអនុញ្ញាតពី រាជរដ្ឋាភិបាលកម្ពុជា។ នាវានេះ ដឹកអ្នកដំណើរ២២០០នាក់ ក្នុងនោះ បុគ្គលិក៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី១ កុម្ភៈ ប៉ុន្តែត្រូវអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាមេរិក) និងថៃ បដិសេធមិនឲ្យចូលចត ដោយមានការព្រួយបារម្ភខ្លាច ក្នុងចំណោមអ្នកដំណើរ២២០០នាក់ នៅលើនាវានោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។

នាឱកាសទទួលស្វាគម៍អ្នកដំណើរ ២៣៣នាក់ ចុងក្រោយចុះពីលើនាវា Westerdam ដើម្បីធ្វើដំណើរទៅប្រទេសខ្លួនវិញ តាមជើងហោះហើរពីទីក្រុងភ្នំពេញ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ លោក Orlando Ashford មានប្រសាសន៍ថា «សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ សម្ដេចជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រជាជនកម្ពុជា ក៏ដូចជាអាជ្ញាធរកម្ពុជា ដែលមានសន្តានចិត្តដ៏ល្អ ប្រកបដោយភាពកក់ក្តៅ និងជួយថែរក្សាទទួលអ្នកដំណើរ និងពិនិត្យជំងឺជូនដល់អ្នកដំណើរ ជាពិសេស អនុញ្ញាតឲ្យកប៉ាល់ចូលចត នៅកំពង់ផែក្រុងព្រះសីហនុ»។

ចំណែកលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនដែលចូលរួម ក្នុងការជូនដំណឹង បានរៀបរាប់ថា ការចាកចេញពីនាវា របស់អ្នកដំណើរចម្រុះជាតិសាសន៍ គឺទៅកាន់ប្រទេសរបស់ខ្លួនវិញ តាមរថយន្តក្រុងចំនួន១០គ្រឿង ចេញពីកំពង់ផែព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ រួចបន្តដំណើរតាមជើងហោះហើរ ពីរាជធានីភ្នំពេញ។

សូមរំលឹកថា អ្នកដំណើរនៅលើនាវា Westerdam មុនអនុញ្ញាតឲ្យចាកចេញពីនាវា សុទ្ធតែត្រូវបានឆ្លងកាត់ការវាស់កំដៅ និងតេស្តសុខភាពដោយមន្ត្រីជំនាញ របស់ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលប្រយុទ្ធនឹងជម្ងឺឆ្លងសហរដ្ឋអាមេរិក UNCDC ដើម្បីធានាថាពិតជាគ្មានវត្តមានមេរោគ COVD-19 ។ មិនតែប៉ុណ្ណោះ បុគ្គលិករបស់នាវា នឹងត្រូវពិនិត្យសុខភាពវាស់កម្តៅឡើងវិញ មុនពេលអនុញ្ញាឲ្យនាវាចាកចេញពីកំពង់ផែ ព្រះសីហនុ៕ ដោយ៖ អេង ប៊ូឆេង

To Top
×