ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ដាក់ចេញយុទ្ធសាស្ត្រ សំខាន់ៗ៤និងផ្ដល់អនុសាសន៍៨ចំណុច ដើម្បីជំរុញប្រសិទ្ធភាពការងារក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ដើម្បីលើកកម្ពស់ ប្រសិទ្ឋិភាពការងារប្រកប ដោយស្មារតីទទួលខុសត្រូវក្នុងឆ្នាំថ្មី ជាបន្តនេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗ៤ចំណុច និងផ្ដល់អនុសាសន៍៨ចំណុចដើម្បីជំរុញប្រសិទ្ធភាពការងារ របស់ក្រសួងមហាផ្ទៃ។

ក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ដែលពិធីនេះធ្វើឡើងនៅទីស្តីការក្រសួង មហាផ្ទៃនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗ៤ ដែលត្រូវខិតខំពុះពា សម្រេចឱ្យបានគឺ៖

ទី១)បន្តប្តូរផ្តាច់ការពារ និងថែរក្សាឱ្យបាននូវសុខសន្តិភាព, ឯករាជ្យភាព, អធិបតេយ្យជាតិ និងបូរណភាពទឹកដី, សន្តិសុខសណ្តាប់ធ្នាប់សង្គម និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងលើកស្ទួយនូវសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋ។

ទី២)បន្តជំរុញលើកកម្ពស់ដំណើរការ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការធានាឱ្យបាននូវ សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាព និងការកសាងភាពសុខដុមរមនាជាមួយ គ្រប់ជាតិសាសន៍ នៅក្នុងសង្គមជាតិទាំងមូល។

ទី៣)បន្តអប់រំប្រជាពលរដ្ឋឱ្យ យល់ដឹងច្បាស់ពីការអនុវត្ត និងការប្រើប្រាស់សិទ្ធិសេរីភាព តាមរយៈការរួមគ្នាការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមឤស្រ័យរដ្ឋធម្មនុញ្ញ និង ប្រព័ន្ធនយោបាយនៅកម្ពុជា។ ត្រូវពង្រឹងនិង ជំរុញការអនុវត្តច្បាប់ឱ្យបានហ្មឺងម៉ាត់ និងស្មើភាពគ្នា ។

ទី៤)លើកកម្ពស់ប្រសិទ្ធភាព នូវការកែទម្រង់លើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ ស្របតាមបាវចនា «កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ» និងអភិក្រម «ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់» ។

នៅក្នុងពិធីបិទសន្និបាតរសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តល់នូវគោលការណ៍ណែនាំ និងអនុសាសន៍ចំនួន៨ ដូចខាងក្រោម៖

១)ត្រូវបន្តថែរក្សាសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម, ពង្រឹងជំនឿទុកចិត្តដល់ធុរជន ក្នុងការបណ្តាក់ទុនវិនិយោគ និង ការប្រកបឤជីវកម្មនៅកម្ពុជា, ធានាសុវត្ថិភាពទាំងស្រុងសម្រាប់រាល់ព្រឹត្តិការណ៍ជាតិ-អន្តរជាតិ ដែលរៀបចំនៅកម្ពុជា ទប់ស្កាត់មិនឱ្យមានអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននានា។

២)ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឱ្យកាន់តែសកម្មផុសផុលដើម្បីជំរុញចលនាប្រជាជនបានចូលរួមជាមួយឤជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនខុសច្បាប់ ចោរកម្ម ឃាតកម្ម អំពើប្លន់ប្រដាប់ឤវុធ ល្បែងស៊ីសង ការជួញដូរមនុស្ស ឤជីវកម្មផ្លូវភេទ ការកាប់ឈើ និងការទន្ទ្រានកាន់កាប់ដីធ្លីខុសច្បាប់, បទល្មើសនេសាទ ឤជីវកម្មរ៉ែ និងឤជីវកម្មខ្សាច់ខុសច្បាប់។

៣)ត្រូវ រួមគ្នាពង្រឹងឱ្យមានប្រសិទ្ធភាព ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់នូវយុទ្ធនាការលើកកម្ពស់ការគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានហ្មឺងម៉ាត់, អប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ឱ្យបានកាន់តែទូលំទូលាយនៅទូទាំងប្រទេស សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាអតិបរមា។

៤)ត្រូវបន្តលើកកម្ពស់វិធានការគ្រប់គ្រងមុខសញ្ញានានាទាក់ទងនឹងកិច្ចការអន្តោប្រវេសន្តដើម្បីចូលរួមបង្ការ ទប់ស្កាត់បណ្តាញភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន សំដៅពង្រឹងសន្តិសុខជាតិ និងសណ្តាប់ធ្នាប់ក្នុងសង្គមតាមរយៈការបង្កើនការគ្រប់គ្រងឱ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាពនូវជនបរទេសអន្តោប្រវេសន្តស្របតាមច្បាប់ ។

៥)ត្រូវបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈកិច្ចសហការសម្របសម្រួលជាមួយកម្មវិធីកែទម្រង់នានា និង ក្រសួង-ស្ថាប័នញក់ព័ន្ធ ធ្វើការផ្ទេរធនធានហិរញ្ញវត្ថុ ទ្រព្យ សម្បត្តិ ស្របតាមប្រព័ន្ធវិមជ្ឈការ សំដៅធានាឱ្យរចនាសម្ព័ន្ធ និង ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដំណើរការបានដោយរលូន និងមានប្រសិទ្ធភាព។ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវលើកកម្ពស់ភាពជាម្ចាស់ប្រកបដោយភាពច្នៃប្រឌិត ក្នុងការចាត់ចែង ប្រើប្រាស់មុខងារ និងធនធានដែលបានផ្ទេរ ហើយ ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

៦)ត្រូវបន្តខិតខំយកចិត្តទុកដាក់ធ្វើការបណ្តុះបណ្តាល, កសាងសមត្ថភាពដល់មន្ត្រីរាជការស៊ីវិល, កងកម្លាំង នគរបាលជាតិ និងមន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្តល់នូវជំនាញវិជ្ជាជីវៈ ចំណេះដឹង និង ចំណេះធ្វើជាក់ស្តែងថ្មីៗ ជាពិសេសសេវាសង្គម, សេវារដ្ឋបាល, សេវាសន្តិសុខ, និងសេវាសាធារណៈចាំបាច់នានារបស់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព, គណនេយ្យភាព និង មានប្រសិទ្ធភាពខ្ពស់ ។

៧)តាមការព្យាករណ៍ឆ្នាំ ២០២០២ នេះ ប្រទេសយើងនឹងមានឤកាសធាតុក្តៅហួតហែង ហើយការមកដល់នៃរដូវវស្សានឹងមានសភាពយឺតយ៉ាវជាងសព្វដង ។ ដូច្នេះ ក្រសួង-ស្ថាប័នញក់ព័ន្ធ និង ឤជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធ្វើការត្រួតពិនិត្យ វាយតម្លៃអំពីប្រភពទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ ដោយផ្អែកតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការចាត់វិធានការថែរក្សាទឹកទុកដើម្បីត្រៀមលក្ខណៈជួយអន្តរាគមន៍ដោះស្រាយទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដែលខ្វះខាតទឹកប្រើប្រាស់ឱ្យបានទាន់ពេលវេលា និងចូលរួមបង្ការទប់ស្កាត់ភ្លើងឆេះព្រៃ ព្រមទាំងការបង្ការជំងឺដម្កាត់នានានៅក្នុងរដូវប្រាំង ។

៨)ត្រូវបន្តចូលរួមពង្រឹងទំនាក់ទំនង, ផ្សារភ្ជាប់រវាងរាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ត្រូវបង្កើនសកម្មភាពចុះមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាប្រឈម និងទទួលសំណូមពរទាំងឡាយរបស់ប្រជាពលរដ្ឋឱ្យបានសមស្រប និងទាន់ពេលវេលា៕

To Top