ព័ត៌មានជាតិ

ហ៊ុន ម៉ាណែត ៖ ខ្មែរពឹងលើខ្មែរ, ខ្មែរជឿលើខ្មែរ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានផ្តល់ទស្សនទានជុំវិញ ការបំភ័យរបស់ក្រុមអគតិ ទាក់ទងនឹងEBA ថា ខ្មែរពឹងលើខ្មែរ, ខ្មែរជឿលើខ្មែរ។

ក្នុងពិធីសម្ពោធឆ្លងមហាកុដិ ខ្លោងទ្វា និងសមិទ្ធផលនានា ក្នុងវត្តព្រៃរំដួល ស្ថិតនៅឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ឆ្លងតាមសភាពការណ៍ជាក់ស្តែងកន្លងមករបស់កម្ពុជា ទោះគ្មាន EBA ក៏កម្ពុជានៅតែអាចបន្តអភិវឌ្ឍទៅមុខបាន ព្រោះកម្ពុជាទទួលការលត់ដំរឹងមាំណាស់ ដោយធ្លាប់ហែលឆ្លងកាត់រួចមកហើយនូវរបបវាលពិឃាតប៉ុលពត, ធ្លាប់ទទួលរងការហ៊ុព័ទ្ធសេដ្ឋកិច្ចក្នុងទសវត្សរ៍ឆ្នាំ៨០ ក៏ដូចជាសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ។

លោកបន្តថា «ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ លង់ជឿការឃោសនាបំប៉ោងសភាពការណ៍របស់អ្នកនយោបាយអគតិទាំងនោះ។ មេដឹកនាំ ប្រកបដោយធម៌ គឺសម្តេចតេជោ ដែលមិនគិតពីខ្លួនឯង យកជីវិតខ្លួនឯង ចេញច្បាំងចរចា ដើម្បីប្រជាពលរដ្ឋបានសុខសន្តិភាព ហើយក៏នៅតែគិតប្រជាពលរដ្ឋជាធំ, គិតជាតិជាធំ, គិតឯករាជ្យ, អធិបតេយ្យភាព, និងកិត្តិយសជាតិជាធំ ហើយរាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋ, ខិតខំអស់លទ្ធភាពដើម្បីបំពេញ និងបន្តរកការងារជូនប្រជាពលរដ្ឋ និងអភិវឌ្ឍប្រទេសយើងបន្តទៅមុខទៀត។ »

លោក ម៉ាណែត បន្តថា «ក្នុងនាមជាខ្មែរ យើងត្រូវខិតខំម្ចាស់ការ និងការពារភាពត្រឹមត្រូវ។ ខ្មែរពឹងលើខ្មែរ, ខ្មែរជឿលើខ្មែរ ដែលនេះជាមូលសម្រាប់អភិវឌ្ឍប្រទេសរយៈពេលវែង និងជាគោលការណ៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងការដឹកនាំពង្រឹងប្រទេសជាតិយើង។»

លោក លើកឡើងទៀតថា សមិទ្ធផលការងារជាក់ស្តែងកន្លងមក របស់រាជរដ្ឋាភិបាល គឺការបង្កើតឱកាស និងការធានានិរន្តរភាពនៃឱកាសរយៈពេលវែងលើមូលដ្ឋាននៃសន្តិភាព និងការអភិវឌ្ឍ ក្នុងនោះសំខាន់ គឺការបង្កើតការងារ និងតម្លើងប្រាក់បៀវត្សរ៍ ជូនកម្មករនិយោជិត តាមរយៈការទាក់ទាញវិនិយោគទាំងក្នុង និងក្រៅស្រុក ក៏ដូចជាការខំប្រឹងប្រែង អនុវត្តច្បាប់លើកកម្ពស់សិទ្ធិកម្មករនិយោជិតបានល្អ រហូតទទួលបានការអនុគ្រោះពន្ធ EBA របស់សហគមន៍អឺរ៉ុប ដែលខុសពីអ្នកនយោបាយអាត្មានិយមមួយចំនួន ដែលតែងដើរបំភ័យប្រជាពលរដ្ឋ និងអ្នកវិនិយោគ ហើយមិនអៀនខ្មាស សូម្បីតែអង្វរគេឱ្យធ្វើបាបប្រជាពលរដ្ឋខ្លួនឯង ធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ការងារ ដើម្បីតែផល ប្រយោជន៍នយោបាយ របស់ពួកគេផ្ទាល់ខ្លួន។ យ៉ាងណាក៏ដោយ ចំពោះបញ្ហា EBA ដែលជាបញ្ហាកំពុង មានការចាប់អារម្មណ៍ខ្លាំងនៅពេលនេះ គឺវាគ្រាន់តែជាការព្យួរ ការអនុគ្រោះពន្ធមួយផ្នែកប៉ុណ្ណោះ មិនមែនជាការបិទទីផ្សារនោះទេ។ យើងនៅអាចតែនាំចេញបាន ដោយភាគច្រើននៅបន្តរួចពន្ធ ហើយមួយផ្នែកតូចត្រូវបង់ពន្ធវិញ ដូច្នេះរោងចក្រនៅតែបន្តដំណើរការ, ប្រជាពលរដ្ឋនៅតែមានការងារធ្វើ គ្មានការព្រួយបារម្ភឡើយ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ចាត់ វិធានការណ៍ផ្សេងៗ ដើម្បីឱ្យពង្រឹងភាពប្រជែង ប្រកួតប្រជែងរបស់កម្ពុជា ឱ្យកាន់តែរឹងមាំជាងមុន។ ថ្មីៗនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសហើយថា រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈ ដើម្បីការពារថែទាំកូនចៅប្រជាពលរដ្ឋយើង ហើយនឹងបន្តបង្កើត និងបង្កើនការងារបន្ថែមរហូតទៀត។

លោក ក៏សូមចូលរួមអបអរសាទរ ចំពោះសមិទ្ធផលថ្មីៗក្នុងវត្តព្រៃរំដួល ដែលជាទីរាមមានអាយុ កាលចំណាស់ជិត ២០០ ឆ្នាំ ហើយដែលដំណើរការ នៃការកសាងបានឆ្លងកាត់ដំណាក់ កាលប្រែប្រួលច្រើន រាប់ចាប់តាំងពីពីការកើតដំបូង, ការទទួលរងនូវការបំផ្លិចបំផ្លាញ ក្នុងរបបប៉ុលពត, ការចាប់ផ្តើមកសាងឡើងវិញក្រោយឆ្នាំ១៩៧៩ រហូតទទួលបាន នូវសមិទ្ធផលថ្មីៗជាច្រើន ដូចសព្វថ្ងៃនេះ បម្រើឱ្យសេចក្តីត្រូវការរបស់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋនៅក្នុងឃុំប្រសូត្រ, ក្នុងស្រុកស្វាយទាប ក៏ដូចជានៅក្នុង ខេត្តស្វាយរៀងទាំងមូល។

លោកចាត់ទុកថា វត្តអារាមមានតួនាទីសំខាន់ណាស់ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ជាទីកន្លែងសម្រាប់សន្សំបុណ្យឧទ្ទិសកុសល, ជាទីកន្លែងរៀបចំពិធីបុណ្យ និងការជួបជុំរីករាយផ្សេងៗ និងសំខាន់ជាមជ្ឈមណ្ឌលប្រមូលផ្តុំ សម្រាប់ការអប់រំបណ្តុះបណ្តាលផ្នត់គំនិត, ផ្លូវចិត្ត, សតិអារម្មណ៍ឱ្យមានភាពស្ងប់សុខ, ចេះគោរពស្រឡាញ់គ្នា, ចេះរួបរួមសាមគ្គីគ្នា ដែលជាប្រភពនៃភាពសុខដុមរមនាត្រជាក់ត្រជុំ និងសន្តិភាពជាតិ។

លោក ម៉ាណែត ក៏សូមអរគុណប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀង ក៏ដូចជានៅក្នុងឃុំប្រសូត្រ ស្រុកស្វាយទាបនេះផ្ទាល់ដែលជានិច្ចជាកាលតែងបានគាំទ្រជឿទុកចិត្តលើ សម្តេចតេជោនាយករដ្ឋមន្ត្រី ជាការផ្តល់លទ្ធភាពឱ្យសម្តេចបន្តដឹកនាំអភិវឌ្ឍមាតុភូមិកម្ពុជាទៅមុខទៀត។ គោលនយោបាយ និងទស្សនវិស័យរបស់សម្តេច សំខាន់គឺ ការខិតខំឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ ដោយត្រូវបន្តធ្វើ, បន្តបម្រើប្រជាពលរដ្ឋ, ធ្វើអ្វីដែលត្រូវ, ធ្វើអ្វីដែលប្រជាពលរដ្ឋត្រូវការ ដែលទាំងនេះសុទ្ធសឹងជាអ្វីដែលបាន និងកំពុងអនុវត្តក្នុងរយៈពេលជាង ៤០ ឆ្នាំ កន្លងមកនេះ ៕

To Top