ព័ត៌មានជាតិ

ហេតុអ្វី លោក ដូណាល់ ត្រាំ ពន្យារពេលកិច្ចប្រជុំ កំពូលពិសេស អាស៊ាន-អាមេរិក?

ភ្នំពេញ៖ លោក ពុយ គា អ្នកឆ្លើយឆ្លងទីភ្នាក់ងារសារព័ត៌មានត្យូដូជប៉ុន បានលើកឡើងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចពន្យារពេលកិច្ចប្រជុំ កំពូលពិសេសអាស៊ាន-អាមេរិកដែលគ្រោងធ្វើនៅថ្ងៃទី១៤ ខែមិនា ខាងមុខនេះដោយការបារម្ភពីជំងឺខូវីដ១៩ហើយព័ត៌មាននេះបានធ្វើឲ្យ មេដឹកនាំអាស៊ានខកចិត្តនិងហួសចិត្តស្ទើរថ្លែងពុំបាន។

លោក ពុយ គា បានសរសេរលើគេហទំព័រ ហ្វេសប៊ុកនៅល្ងាចថ្ងៃទី២៩ កុម្ភៈនេះថា ចាប់តាំងពីចូលកាន់តំណែងនៅដើមឆ្នាំ២០១៧នេះជាលើកទី៣ ហើយដែលលោកត្រាំ បានធ្វើឲ្យមេដឹកនាំអាស៊ានមិនសប្បាយចិត្ត ជាបន្តបន្ទាប់ជុំវិញការសម្រេចិត្តរបស់គាត់ដែលមេដឹកនាំអាស៊ាន នឹកស្មានមិនដល់ថាគាត់ធ្វើទៅរួច។

អាចចោទសួរថា តើត្រាំចំណេញអ្វីពីការពន្យាពេល ដោយឯកតោភាគីនេះ?

អាចជាយុទ្ធសាស្រ្តមួុយ របស់ត្រាំដើម្បីសំពងចិន និងធ្វើឲ្យពិភពលោកសម្លឹងមើលចិនថារឿង Covid-19 ជារឿងធំណាស់ ដែលត្រូវហ៊ុំព័ទ្ធចិននៅពេលនេះ ពោលគឺជាន់ពន្លិចសេដ្ឋកិច្ចចិនតែម្តង ។ ទីពីរ បន្ទាប់ពីមានមេដឹកនាំអាស៊ាន៣រូប តថ្លៃជាមួយត្រាំ៖ ទី១. លោក មហាធៀ ម៉ាឡេស៊ី ថាអត់ទៅជួបមុខត្រាំទេ អត់ចូលចិត្តត្រាំ។ ទី២. លោក ឌុយតែតេ ហ្វីលីពីន ថាអត់ទៅអាមេរិកទេ ដោយសារតែអាមេរិក បដិសេធមិនផ្តល់ទិដ្ឋិការចូលអាមេរិក (visa to America) ដល់អតីតមេប៉ូលីសរបស់គាត់ បច្ចុប្បន្នជាសមាជិកព្រឹទ្ធសភា ។ ទី៣. លោក ចូកូវី ឥណ្ឌូណេស៊ី បានតថ្លៃជាមួយត្រាំឲ្យអញ្ជើញគាត់ទៅទស្សនកិច្ចផ្លូវរដ្ឋ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ចៀសវាងរៀបចំពេលក្រោយដែលតម្រូវឲ្យគាត់ធ្វើដំណើរច្រើនជើងទៅអាមេរិក តែត្រាំអត់ឆ្លើយ ។ សរុបមក ដោយសារកំរិតមេដឹកនាំកំពូលអាស៊ាន ៣ប្រទេសមិនទៅចូលរួមប្រជុំ ធ្វើឲ្យត្រាំ មិនសប្បាយចិត្ត តែលោកត្រាំប្រហែលភ្លេចគិត ឬមិនបានគិតដល់មេដឹកនាំ អាស៊ានទាំង១០ខឹងគាត់ប៉ុណ្ណាទេនៅពេលដែលគាត់មិនមកប្រជុំ នៅទីក្រុងបាងកកកាលពីខែវិច្ឆិកាកន្លងទៅ ។

តើអាស៊ានយល់យ៉ាងណា ចំពោះត្រាំ?

ទោះជាមិនទាន់មានប្រតិកម្មជាផ្លូវការ ឬក៏នឹងមិនមានចេញសេចក្តីថ្លែងការណ៍ណាមួយផ្លូវការពីអាស៊ាន តែមតិខាងក្រៅអាចមានការគិតគូរខ្លះៗចំពោះឥរិយាបទរបស់ត្រាំ៖

-ត្រាំអាចគិតថា អាស៊ានមិនសំខាន់ណាស់ណាសម្រាប់គាត់ទេ តែជាដៃគូរកំដរកំសាន្តលេងសប្បាយមួយពេលៗ ដូចស្រីស្នេហ៍នៃរឿងក្រៅឆាករបស់បុរសក្នុងសម័យហ្វេសប៊ុក

-ត្រាំខ្វះការគោរពឬមិនឲ្យតម្លៃដល់មេដឹកនាំអាស៊ាន

បើគិតពីផលចំណេញសម្រាប់ត្រាំវិញ ដូចជាគ្មានអ្វីជាដុំកំភួនក្រៅពីផលប្រយោជន៍អាមេរិកជាចំបង ហើយរំពឹងថានឹងជាប់ឆ្នោតម្តងទៀតនោះឡើយ ។

តាមការប៉ាន់ប្រមាណត្រួសៗ អាមេរិកទទួលបានផលចំណេញពីថ្លៃ visa មិនតិចជាងកន្លះលានដុល្លារឡើយ (យកទទេ) ពីសមាជិកប្រតិភូពីបណ្តាប្រទេសអាស៊ានទាំង១០ ក្នុងនោះរួមទាំងថវិការខ្ញុំ១៦០ដុល្លារផងដែលបានបង់រួចទៅហើយស៊ីដាច់បាត់ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top