ភ្នំពេញ ៖ លោក យិត បុណ្ណា រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និង ដឹកជញ្ជូន បានថ្លែងថា ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន២០% ចំណែកការដោះស្រាយ ផលប៉ះពាល់រួចរាល់៧០% និងគ្រោងបញ្ចប់ការដោះស្រាយ នៅខែឧសភា ឆ្នាំ២០២០ខាងមុខ ។
សូមរំលឹកថាផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ បើកការដ្ឋានសាងសង់ កាលពីខែកក្កដា ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់ការសាងសង់មុន គម្រោងកំណត់ (ខែកញ្ញា ឆ្នាំ២០២២) ដោយសារក្រុមហ៊ុនមានកម្លាំង និងសម្ភារគ្រប់គ្រាន់ និងរាជរដ្ឋាភិបាលបានដោះស្រាយផលប៉ះពាល់ ឆាប់រហ័សជាងការរំពឹងទុក ។
នាឱកាសចុះពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ លោក យិត បុណ្ណា មានប្រសាសន៍ថា «គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ បានសហការគ្នាយ៉ាងរឹងមាំ ក្នុងការពន្លឿនការសាងសង់នេះ ជាក់ស្ដែងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសិក្សា និងដោះស្រាយផលប៉ះពាល់បាន ៧០% និងគ្រោងបញ្ចប់ការដោះស្រាយ ផលប៉ះពាល់នេះ នៅខែឧសភា ឆ្នាំ២០២០ខាងមុខនេះ» ៕
ដោយ ៖ អេង ប៊ូឆេង


