ព័ត៌មានជាតិ

រដ្ឋមន្ដ្រីក្រសួងដែនដី អះអាងថា នឹងធ្វើការផ្សព្វផ្សាយ ច្បាប់ស្តីពីសំណង់ ឲ្យបានគ្រប់រាជធានី ខេត្ត

ភ្នំពេញ ៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអះអាងថា នឹងធ្វើការផ្សព្វផ្សាយច្បាប់ ស្តីពីសំណង់ទៅដល់និស្សិត និងប្រជាពលរដ្ឋ ឲ្យបានគ្រប់រាជធានី ខេត្ត ដើម្បីឲ្យការអនុវត្តន៍ច្បាប់សំណង់ ស្របតាមលិខិតបទដ្ឋានគតិយុត្តិ និងធានាប្រសិទ្ឋិភាពសំណង់ ឲ្យមានគុណភាពរឹងមាំ ។

សេចក្តីព្រាងច្បាប់ ស្តីពីសំណង់ ត្រូវបានរៀបចំតាក់តែងដំបូង កាលពីឆ្នាំ២០១៧ និងត្រូវបានបញ្ជូនមក ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីខែកក្កដា ឆ្នាំ២០១៩ ដើម្បីប្រជុំពិភាក្សា និងអនុម័ត កាលពីចុងខែសីហា ឆ្នាំ២០១៩ ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពីសំណង់ជួននិស្សិត និងប្រជាពលរដ្ឋ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ លោក ជា សុផារ៉ា បានឲ្យដឹងថា សព្វថ្ងៃនេះក្រសួង បានផ្សព្វផ្សាយជូននិស្សិត និងប្រជាពលរដ្ឋ បានចំនួន៣ខេត្តរួចមកហើយ ។

លោកបន្ដថា ក្រសួងក៏មានគម្រោង បន្តផ្សព្វផ្សាយបន្ថែមទៀត នៅទូទាំងប្រទេស អំពីនីតិវិធី ក្នុងការសុំសិទ្ធិសាងសង ជួសជុល ឬរុះរើ ដើម្បីឲ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់ និងធានាសុវត្តិភាពសំណង់ផងដែរ។

លោកមានប្រសាសន៍ថា “ការផ្សព្វផ្សាយច្បាប់ ស្តីពី សំណង់នេះទៅដល់និស្សិត និងប្រជាពលរដ្ឋ គឺដើម្បីឲ្យការអនុវត្តន៍ច្បាប់សំណង់នេះ ស្របទៅតាមលិខិតបទដ្ឋានគតិយុត្តិ និងធានាប្រសិទ្ឋិភាពសំណង់ឲ្យមានគុណភាពរឹងមាំ”។

លោកបន្ថែមថា “ខ្ញុំនឹងធ្វើការផ្សព្វផ្សាយទៅដល់និសិ្សត នៅតាមវិទ្យាស្ថានជាច្រើនទៀត និងប្រជាពលរដ្ឋ នៅតាមបណ្តាខេត្ត ដែលសព្វថ្ងៃនេះ បានធ្វើ៣ខេត្តរួចមកហើយ បន្ទាប់មកយើងធ្វើ នៅទូទាំង២៥រាជធានី ទាំងភ្នំពេញផងដែរ ។ រួចយើងប្រជុំជាមួយព្រះរាជអាជ្ញា និងមេធាវីទៀត អំពីចច្បាប់សំណង់ ដើម្បីឲ្យការអនុវត្តន៍ច្បាប់ ស្របទៅ តាមលិខិតបទដ្ឋានផងដែរ” ។

សូមរំលឹកថា គោលបំណង នៃច្បាប់ ស្តីពីសំណង់ គឺរៀបចំឲ្យមានច្បាប់ សំណង់នេះឡើង គឺត្រូវបានធានានូវសុវត្តិភាព និងភាពរឹងមាំ សម្រាប់សំណង់ ដែលត្រូវសាងសង់ ហើយធានា ផលប្រយោជន៍ដល់បុគ្គល និងផលប្រយោជន៍ជាសាធារណៈ ៕

ដោយ អេង ប៊ូឆេង

To Top