ព័ត៌មានជាតិ

រដ្ឋមន្រ្តីកសិកម្ម ៖ ទោះបីមានច្បាប់ គោលនយោបាយដីធ្លី ក៏បញ្ហាកាន់កាប់ដីព្រៃ របស់រដ្ឋ នៅតែកើតមានឡើង ជាបន្តបន្ទាប់

ភ្នំពេញ ៖ លោក វេង សាខុន ប្រធានគណ:កម្មាធិការជាតិ ដើម្បីទប់ស្កាត់លុបបំបាត់ និងបង្ក្រាបការកាប់ដុតឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាទយកដី ធ្វើជាកម្មសិទ្ធិ បានថ្លែងថា បើទោះបីមានច្បាប់លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយដីធ្លី របស់រាជរដ្ឋាភិបាល បញ្ហារំលោភកាន់កាប់ដីព្រៃ ឈើរបស់រដ្ឋ នៅតែកើតមានជាបន្តបន្ទាប់ តាមគ្រប់រូបភាព ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

ក្នុងកិច្ចប្រជុំលើកទី២ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ លោក វេង សាខុន មានប្រសាសន៍ថា «ជារួមក្នុងការអនុវត្តនីតិវិធីកន្លងមកឃើញថា បើទោះបីមានច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ប៉ុន្តែបញ្ហារំលោភកាន់កាប់ដីព្រៃឈើរបស់រដ្ឋ នៅតែកើតមានជាបន្តបន្ទាប់តាមគ្រប់រូបភាព ជាអាទិ៍ ៖ ការកាប់រានដីព្រៃឈើធ្វើកសិកម្ម ពាណិជ្ជកម្ម សង់លំនៅឋាន ជនមានអំណាចបំផុសចលនាប្រជាពលរដ្ឋក្រីក្រ ឲ្យកាប់ទន្ទ្រាញដីព្រៃឈើ រួចធ្វើលិខិតទិញលក់ផ្ទេរកម្មសិទ្ធិ ដោយមានការបញ្ជាក់ទទួលស្គាល់ពីរដ្ឋអំណាច»។

លោកបន្ដថា បញ្ហាទាំងអស់នេះ គឺជាចំណោទ ធ្ងន់ធ្ងរ ស្មុគស្មាញ ប្រទាក់ក្រឡាគ្នា ដែលធ្វើឲ្យគណ:កម្មាធិការជាតិ មានការបារម្ភ ចំពោះការបាត់បង់ធនធានដីព្រៃឈើជាតិ នាពេលអនាគត ។ លោកទទួលយកនូវរាល់មតិយោបល់ និងសំណូមពរពីគ្រប់សមាជិកនៃគណកម្មាធិការ ដែលជាធាតុចូលយ៉ាង សំខាន់សម្រាប់ជាគ្រឹះ ក្នុងការកសាងសេចក្តីព្រាង សារាចរណែនាំ ស្តីពី វិធានការទប់ស្កាត់ការកាប់ ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើរបស់រដ្ឋ វាទយកដីធ្វើជាកម្មសិទ្ធិ ។

លោកលើកទឹកចិត្ត ដល់សមាជិកគណ:កម្មាធិការជាតិ អនុគណ:កម្មាធិការ ក្រសួង ស្ថាប័នពាក់ព័ន្ធ អភិបាលខេត្ត ពិនិត្យទៅលើសេចក្តីព្រាងសារាចរនេះឲ្យបានលម្អិត ស៊ីជម្រៅ ទូលំទូលាយ ក្នុងរង្វង់ក្រុមការងារជំនាញ និងក្រុមអនុគណ:កម្មាធិការ ដើម្បីឲ្យសេចក្តីព្រាងនេះ មានសុគតភាព តម្លាភាព និងសុក្រឹត្យភាព និងជាពិសេសស្របតាមខ្លឹមសារ នៃលិខិតបទដ្ឋានគតិយុត្ត ដែលនៅជាធរមាន មុនដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច ៕

ដោយ៖ អេង ប៊ូឆេង

To Top